យុវជនខេត្តព្រះសីហនុ ចង់ឃើញផែនការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងការសង់តូបលក់ដូរតាមគំរូស្តង់ដារថ្មីនៅតាមឆ្នេរនានា ឲ្យចេញជារូបរាងឲ្យបានឆាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះកាន់តែច្រើនថែមទៀត។
រដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវឲ្យក្រុមអាជីវករនៅតាមឆ្នេរអូរឈើទាល ទាំងអស់ត្រៀមរៀបចំស្ថាបនាតូបលក់ដូរតាមគំរូប្លង់ស្ថាបត្យកម្មតូបកម្សាន្តថ្មីរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ បានកំណត់ ចាប់ពីខែមេសា ឆ្នាំ២០១៧ ជាកំហិត។
យុវជននៅខេត្តព្រះសីហនុ គាំទ្រគម្រោងអភិវឌ្ឍន៍តូបលក់ដូរនៅតាមឆ្នេរសមុទ្រ ឲ្យមានលក្ខណៈស្តង់ដារ ឬយកគំរូប្លង់ស្ថាបត្យកម្មតូបកម្សាន្តថ្មីរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
យុវតី ស៊ីវ សុខរ័ត្ន ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ហៅកាត់ យូ.អ៊ឹម.អ៊ី (UME) និយាយថា បើឆ្នេរសមុទ្រខេត្តនេះរៀបចំមានអនាម័យល្អ ហើយតូបលក់ដូរសង់មានស្តង់ដារ និងកំណត់តម្លៃជួលតុអង្គុយសមរម្យ នឹងអាចរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះបានកាន់តែច្រើន។
កញ្ញា សុខរ័ត្ន ឲ្យដឹងបន្តថា នឹងរង់ចាំមើលផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ទទួលបានលទ្ធផលជាវិជ្ជមានបែបណា ខណៈគេសង្កេតឃើញថា មានឆ្នេរសមុទ្រភាគច្រើននៅមូលដ្ឋាននេះ ត្រូវគេហ៊ុមព័ទ្ធរបងថ្ម ឬដែកទុកចោលគ្មានការអភិវឌ្ឍ និងមិនឲ្យមនុស្សដើរឆ្លងកាត់ទេ៖ «ចំពោះគម្រោងសង់តូបលក់ដូរមានស្តង់ដារល្អ ខ្ញុំគាំទ្រចំពោះមតិយោបល់របស់អភិបាលខេត្តព្រះសីហនុ របស់យើង។ ខ្ញុំគិតឃើញថា ល្អដែរសម្រាប់ស្តង់ដារកន្លែងទេសចរណ៍អ៊ីចឹង»។
ចំណែកកញ្ញា សុខ ច័ន្ទរស្មី ជានិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ក៏ចាប់អារម្មណ៍ពីគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រឲ្យមានសោភណភាព និងសង់តូបលក់ដូរមានស្តង់ដារបង្ហាញពីអត្តសញ្ញាណខ្មែរនេះដែរ។
យុវតី ច័ន្ទរស្មី មានជំនឿថា នៅថ្ងៃអនាគត នៅពេលមូលដ្ឋានជាប់ឆ្នេរសមុទ្រមួយនេះរៀបចំឲ្យមានតូបលក់ដូរបានល្អ និងកំណត់តម្លៃសេវាផ្សេងៗបានសមរម្យ គួបផ្សំបរិស្ថានឆ្នេរសមុទ្រមានអនាម័យបរិស្ថានល្អ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀត៖ «ក្នុងនាមខ្ញុំជាប្រជាជនម្នាក់រស់នៅខេត្តព្រះសីហនុ ខ្ញុំចង់ឲ្យពលរដ្ឋ ទាំងអាជីវករ ត្រូវរួមគ្នាសម្អាតបរិស្ថានឆ្នេរឲ្យបានល្អដើម្បីឲ្យភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះបានកាន់តែច្រើន។ បើកាលណា តំបន់យើងមានបរិស្ថានស្អាត អនាម័យស្អាត ភ្ញៀវទេសចរ ក៏នឹងចូលមកកម្សាន្តខេត្តព្រះសីហនុ បានច្រើន ដើម្បីរួមចំណែកអភិវឌ្ឍខេត្តរបស់យើងកាន់តែរីកចម្រើនថែមទៀត»។
ក្រុមនិស្សិតរិះគន់ថា អនាម័យបរិស្ថាននៅតាមឆ្នេរភាគច្រើននៅខេត្តព្រះសីហនុ នៅមិនរៀបចំមិនទាន់បានល្អទេ។ ជាងនេះទៀត រាល់ការទុកដាក់កាកសំណល់រឹង រាវ របស់ក្រុមអាជីវករ និងប្រជាពលរដ្ឋ ក៏មិនទាន់មានរបៀបរៀបរយដែរ។
ត្រង់ចំណុចនេះ និស្សិត ហែម រស្មីគន្ធា លើកឡើងថា ការងារថែរក្សាបរិស្ថានអនាម័យឆ្នេរសមុទ្រខេត្តនេះ គួរត្រូវចាប់ផ្ដើមពីយើងទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ អាជីវករ ឬប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលមកទស្សនាមូលដ្ឋាននេះឲ្យបានជាប្រចាំ។
ជាមួយកាយវិការចង្អុលទៅគំនរសំរាមដែលត្រូវគេបោះចោលគ្មានរបៀបរៀបរយនៅតាមផ្លូវមុខឆ្នេរអូរឈើទាល កាលពីសប្ដាហ៍មុន កញ្ញា គន្ធា រិះគន់ថា គួរតែប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបលះបង់ទម្លាប់អាក្រក់បោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ហើយងាកមកជួយសំអាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឲ្យបានទាំងអស់គ្នាដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះ៖ «ក្នុងនាមខ្ញុំជាតំណាងឲ្យយុវជនខេត្តព្រះសីហនុ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ យើងដឹងហើយថា ខេត្តព្រះសីហនុ យើងនេះ គឺជាតារារះនាទិសនិរតី និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ហើយបានជាប់ជាឆ្នេរសមុទ្រដែលស្រស់ស្អាតលំដាប់ថ្នាក់លេខ១ នៅលើពិភពលោកថែមទៀត»។
រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុវត្តផែនការកែលំអតំបន់ឆ្នេរ និងការរៀបចំសាងសង់តូបកម្សាន្តថ្មីនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ដោយកំណត់ឲ្យអាជីវករឆ្នេរអូរឈើទាល ទាំងអស់ ត្រូវរុះរើតូបលក់ដូរចាស់ចេញត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
ការរុះរើតូបលក់ដូរចាស់ចេញនេះ គឺចាប់ពីព្រំប្រទល់មុខសណ្ឋាគារប៉ាវម៉ាយ ជាប់ព្រំដីអ្នកឧកញ៉ា គិត ម៉េង រហូតទល់មុខសណ្ឋាគារផ្កាម្លិះ ជាប់ព្រំដីក្រុមហ៊ុន សុខា រីស្សត ដើម្បីកែលំអតំបន់ឆ្នេរអូរឈើទាល ឲ្យកាន់តែមានសោភណភាព សណ្ដាប់ធ្នាប់ បរិស្ថានបៃតងល្អ វប្បធម៌ល្អ និងមានតម្លៃសេដ្ឋកិច្ច។
ផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យក្រុមអាជីវករឆ្នេរអូរឈើទាល ទាំងអស់ អភិវឌ្ឍតូបលក់ដូររបស់ខ្លួននៅនឹងកន្លែង ដោយតម្រូវឲ្យយកតាមគំរូប្លង់ស្ថាបត្យកម្មតូបកម្សាន្តថ្មីរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ឲ្យអាជីវករឆ្នេរអូរឈើទាល ត្រូវរុះរើតូបលក់ដូរចាស់ចេញ ត្រឹមថ្ងៃទី២០ ខែមេសា និងត្រូវសង់តូបកម្សាន្តតាមគំរូប្លង់ថ្មីរបស់គណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ តទៅ។
បន្ថែមលើនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្នើដល់ក្រុមអាជីវករឆ្នេរអូរឈើទាល ទាំងអស់ ត្រូវចូលរួមសហការអនុវត្តខ្លឹមសាររបស់រដ្ឋបាលខេត្តស្ដីពីផែនការកែលំអតូបកម្សាន្តតាមស្តង់ដារថ្មី ឲ្យបានទាំងអស់គ្នាប្រយោជន៍ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យបានច្រើនថែមទៀតនៅថ្ងៃអនាគត៖ «បញ្ហាឆ្នេរអូរឈើទាល គឺគណៈកម្មាធិការថ្នាក់ជាតិ ក៏ដូចជាថ្នាក់ខេត្តហ្នឹងមានគំនិតថា នឹងរៀបចំអភិវឌ្ឍឆ្នេរមួយនេះឲ្យស្អាត កាត់បន្ថយពីភាពរញ៉េរញ៉ៃ ចង្អៀត ឲ្យទៅជាទូលំទូលាយ ហើយតូបលក់ដូរទាំងអស់ហ្នឹង ត្រូវសង់ឲ្យមានរចនាបថតាមបែបខ្មែរ ឲ្យមានស្តង់ដារតែមួយ មានដំបូល ឬជញ្ជាំងដូចគ្នា និងបញ្ហាផ្សេងៗទៀតក៏ដូចគ្នា ហើយភ្ញៀវទេសចរចូលមកទស្សនាតំបន់នេះ គឺជាប់ចិត្តតែម្ដង»។
អាជីវករភាគច្រើននៅឆ្នេរអូរឈើទាល បង្ហាញការមិនពេញចិត្តចំពោះការតម្រូវឲ្យពួកគេរុះរើតូបលក់ដូរចាស់ចេញឲ្យបានមុនថ្ងៃទី២០ ខែមេសា និងតម្រូវឲ្យសង់តូបកម្សាន្តតាមគំរូប្លង់ថ្មី តាមការចង់បានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ថាមានពេលវេលាឆាប់រហ័សពេក។
ក្រុមអាជីវករមួយចំនួននៅឆ្នេរអូរឈើទាល បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពន្យារពេលសង់តូបកម្សាន្តតាមគំរូប្លង់ថ្មី ដល់ឆ្នាំ២០១៨ ដើម្បីទុកពេលឲ្យពួកគេសន្សំថវិកាសម្រាប់ចំណាយទៅលើការសាងសង់តូបលក់ដូរតាមគំរូស្តង់ដារថ្មី៕