Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ភូមិ​ឆ្នុកទ្រូ​ប្រឈម​នឹង​បញ្ហា​សុខភាព​និង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

$
0
0

កម្មករ​កម្មការិនី​តាម​ទូក​នេសាទ និង​កំពង់ផែ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ដែល​មក​ពី​តំបន់​ផ្សេងៗ​គ្នា បាន​បោះ​ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន​លើ​ដី​ព្រៃ​លិច​ទឹក​អភិរក្ស ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​មួយ​ខ្សែ​ចេញ​ពី​សាលា​ស្រុក​បរិបូរណ៍ ឆ្ពោះ​ទៅ​សាលា​ឃុំ​ឆ្នុកទ្រូ។ ក្រុម​ពលរដ្ឋ​កំពុង​ប្រឈម​បញ្ហា​សុខភាព ដោយសារ​បញ្ហា​អនាម័យ​បរិស្ថាន និង​ខ្វះ​ទឹក​ស្អាត​ផឹក ឬ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

បើ​គេ​ធ្វើ​ដំណើរ​ពី​សាលា​ស្រុក​បរិបូរណ៍ ឆ្ពោះ​ទៅ​សាលា​ឃុំ​ឆ្នុកទ្រូ នៅ​រដូវ​ប្រាំង​ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ពាក់​កណ្ដាល និង​ពាក់​កណ្ដាល​ទៀត​កំពុង​ស្ថាបនា​ថ្មី គេ​នឹង​ឃើញ​ផ្ទះ​តូចៗ និង​ខ្ទម​ខ្លះ​ប្រក់​កៅស៊ូ​តង់​នៅ​ម្ខាង​ផ្លូវ ត្រង់​ចំណុច​ដើម​ច្រកែង នៃ​ឃុំ​ឆ្នុកទ្រូ ប្រមាណ ១០០​ខ្នង។ នោះ​ជា​ទី​ជម្រក​របស់​កម្មករ​ទូក​នេសាទ និង​ខ្លះ​ជា​អ្នក​រក​ស៊ី​តិចតួច​នៅ​កំពង់ផែ​ឃុំ​ឆ្នុកទ្រូ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កំពុង​ឈរ​ក្បែរ​អណ្ដូងទឹក​ក្បែរ​ផ្ទះ លោកស្រី អ៊ីវ ហ៊ាង មាន​ប្រសាសន៍​ថា រាល់​ថ្ងៃ​រូប​គាត់ និង​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ផ្សេង​ទៀត​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​យ៉ាង​ខ្លាំង ដោយ​ទឹក​សម្រាប់​ផឹក​ត្រូវ​ទិញ​គេ​រាល់​ថ្ងៃ ចំណែក​ទឹក​បោក​គក់​ខោ​អាវ ឬ​ដាំ​ស្ល​វិញ ត្រូវ​សម្រេង​ទឹក​ពី​ក្នុង​អណ្ដូង​លូ​ចាស់​ដែល​គ្មាន​អនាម័យ។ អ្នក​ភូមិ​ចង់​ជីក​អណ្ដូង​ថ្មី​ដែរ ប៉ុន្តែ​អាជ្ញាធរ​ហាមឃាត់​ដោយ​សំអាង​ថា ក្រុម​អ្នក​ភូមិ​កំពុង​រស់នៅ​មិន​រៀបរយ​លើ​ដី​ព្រៃ​លិច​ទឹក​អភិរក្ស​របស់​រដ្ឋបាល​ជលផល។

លោកស្រី​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច គិតគូរ​ពី​បញ្ហា​សុខភាព និង​ដោះស្រាយ​ទឹក​ជូន​ពលរដ្ឋ​សិន៖ «ពិបាក​ទឹក​ប្រើ និង​ហូប​ចុក ត្រូវ​ទិញ​គេ​ដែល​ទឹក​មក​លក់​ក្នុង​មួយ​ប៊ីដុង ៥០០​រៀល​ចំណុះ ៣០​លីត្រ។ កន្លែង​រស់នៅ​លំបាក​ដូច​ថា​យើង​រស់នៅ​តែ​មួយ​កូន​ខ្ទម វា​មិន​ទាន់​បាន​ពិត​ប្រាកដ សុទ្ធតែ​កម្មករ​អត់​នៅ​ស្រុក ក៏​អត់​មាន​ដីធ្លី​នៅ។ ខ្ញុំ​រស់នៅ​នេះ​យូរ​ហើយ ចេះ​តែ​តស៊ូ​រស់នៅ គិត​ទៅ​តាំង​ពី​បែក​ខ្មែរ​ក្រហម ខ្ញុំ​មក​រស់នៅ​ទីនេះ​រហូត»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី ចាន់ សុភា បញ្ជាក់​ថា មនុស្ស​ចាស់​ក្មេង​ដែល​រស់នៅ​ក្នុង​តំបន់​នេះ ឈឺ​ថ្កាត់​ញឹកញាប់​ដែរ ដែល​បញ្ហា​នេះ​លោកស្រី​យល់​ថា អាច​បណ្ដាល​មក​ពី​អនាម័យ​បរិស្ថាន និង​ការ​រស់នៅ ព្រម​ទាំង​ការ​ទទួល​ទាន​ទឹក​មិន​ស្អាត។ លោកស្រី​ថា​បញ្ហា​ខ្វះ​បង្គន់​អនាម័យ ទឹក​ស្អាត​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​កាក​សំណល់​ស្អុយ​រលួយ និង​ថង់​ប្លាស្ទិក​មិន​បាន​ត្រឹមត្រូវ ជា​ឧបសគ្គ​ធំ​សម្រាប់​ពលរដ្ឋ៖ «ឥឡូវ​ខ្ញុំ​អត់​លើក។ ខ្ញុំ​នៅ​ត្រង់​ហ្នឹង​មួយ​កន្លែង​ម៉ង។ ពី​មុន​ខ្ញុំ​នៅ​មុខ តែ​គេ​ដេញ​ទៅ​ក្រោយ ព្រោះ​គេ​ធ្វើ​ថ្នល់។ ក្មេង​ឧស្សាហ៍​ឈឺ​ដែរ ប៉ុន្តែ​យើង​បោស​សម្អាត។ លោក ជិន ជេដ្ឋា៖ តើ​ទាក់ទង​នឹង​រឿង​ទឹក​ប្រើប្រាស់​អី​ម៉េច​ដែរ? ពិបាក​ទិញ​ទឹក​គេ​ដាំ​ហូប ជួន​ណា​ខ្ញុំ​លក់ ទិញ​ទឹក​សុទ្ធ​គេ​ដាក់​មក (ក្លាស់សេ​ទឹក​សុទ្ធ) ហូប​ទឹក​ហ្នឹង​ទៅ ចំណាយ​ក្រែល​ដែរ លក់​ដូរ​ចំណេញ​តិចៗ ហើយ​អត់​រក​អី​ផង! កូន​ធ្វើ​កម្មករ​បោះ​ត្រសក់​ស្រូវ​តិចៗ»

ក្រុម​ពលរដ្ឋ​អះអាង​ថា កាល​ពី​ឆ្នាំ​១៩៨៣ នៅ​ចំណុច​ដើម​ច្រកែង នៃ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ មាន​ពលរដ្ឋ​ដែល​ជា​កម្មករ​នេសាទ​ត្រី​ចំនួន ១៤​គ្រួសារ បាន​បោះ​ទីតាំង​ស្នាក់នៅ​របៀប​ឆក់​កណ្ដៀត ដោយសារ​ស្ថានភាព​ទឹក​ទន្លេ។ ក្រោយ​ការ​បោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ ទើប​មាន​កម្មករ​ចូល​រស់នៅ​ជា​បន្តបន្ទាប់ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ជាង ១០០​គ្រួសារ ប៉ុន្តែ​តួលេខ​នេះ​អាជ្ញាធរ​ថា​មិន​ទាន់​សុក្រឹត​នៅ​ឡើយ​ទេ។

ផ្ទះ​ភូមិ​ឆ្នុកទ្រូ កំពង់ឆ្នាំង ២០១៧ ១៤៤០
ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha

កំពុង​អង្គុយ​នៅ​លើ​រាន​លក់​ដូរ​មុខ​ផ្ទះ​បន្ទាប់​ពី​សម្រាក​ការងារ​លី​សែង​ផល​នេសាទ​នៅ​កំពង់ផែ​ឃុំ​ឆ្នុកទ្រូ លោក ហឿន ផន មាន​ប្រសាសន៍​ថា រយៈពេល ១០​ឆ្នាំ​ទៅ ២០​ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ​សង់​ផ្ទះ​តូចៗ​រស់នៅ​ដោយ​ងាយ​ស្រួល​រុះរើ ឬ​សែង​ចុះ​ឡើង​តាម​កម្រិត​ទឹក​ទន្លេ។ លោក​ថា បួន​ឆ្នាំ​ហើយ​ក្រុម​កម្មករ​មិន​ដែល​សែង​ផ្ទះ​ទៅ​ណា​ទេ ព្រោះ​ទឹក​តូច​លែង​ឡើង​ដល់​ខ្ទម​ពួក​គេ​ស្នាក់នៅ៖ «ខ្ញុំ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ ប៉ុន្តែ​មក​រស់នៅ​កន្លែង​នេះ​តាំង​ពី​ឆ្នាំ​១៩៨៣ ពី​ដើម​រើ​ចុះ​រើ​ឡើង ប៉ុន្តែ​ឥឡូវ​នេះ​នៅ​មួយ​កន្លែង​បណ្ដោយ។ សុំ​រដ្ឋាភិបាល​រស់នៅ​មួយ​កន្លែង រួច​មួយ​កន្លែង​ហ្នឹង​មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​ផង»

ក្រុម​កម្មករ​ដែល​ខ្លះ​មក​តាម​បណ្ដា​ខេត្ត​ផ្សេងៗ និង​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​រស់នៅ​មាន​កូន​ចៅ និង​ស្ទើរ​បង្កើត​បាន​ជា​ភូមិម្ករ​មួយ​ទៅ​ហើយ​នោះ កំពុង​ប្រើប្រាស់​សេវា​សាធារណៈ​ដូចជា ការ​សិក្សា ឬ​សេវា​សុខភាព​ជាដើម នៅ​ឃុំ​ឆ្នុកទ្រូ និង​អ្នក​ខ្លះ​ទៅ​ទទួល​សេវា​នៅ​ទី​រួម​ស្រុក​បរិបូរណ៍។ ពួក​គេ​ចង់​បាន​សិទ្ធិ​ស្រប​ច្បាប់​លើ​ដី​ដែល​ពួក​គេ​កំពុង​រស់នៅ ដើម្បី​បាន​រស់នៅ​អចិន្ត្រៃយ៍។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ស្រុក​បរិបូរណ៍ លោក ថាន់ សារុំ ថា​ពលរដ្ឋ​រស់នៅ​តំបន់​នេះ​លំបាក​នឹង​គ្រប់គ្រង​តួលេខ ព្រោះ​មាន​មនុស្ស​ចេញ​ចូល​ញឹកញាប់។ លោក​ថា អាជ្ញាធរ​ខេត្ត និង​ស្រុក ក៏​ធ្លាប់​គិតគូរ​រក​ទីតាំង​រស់នៅ​ត្រឹមត្រូវ​ជូន​ពួក​គេ​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​កំពុង​ធ្វើ​ផ្លូវ​សិន។ ចំពោះ​បញ្ហា​អនាម័យ​បរិស្ថាន និង​ទឹក​ស្អាត​វិញ លោក​ថា​ជា​រឿង​លំបាក ព្រោះ​នៅ​ទី​រួម​ស្រុក​ក៏​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើ​ដែរ៖ «នៅ​ស្រុក​ខ្ញុំ​មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ចូល​មក​វិនិយោគ​កំពុង​ធ្វើ​ស្ថានីយ​គេ ប្រើ​ពេល​ពីរ​ឆ្នាំ គេ​ចាប់​ផ្ដើម​ធ្វើ​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ហើយ​បើ​ប្រព័ន្ធ​ទឹក​ប្រហែល​មិន​អាច​រៀប​បាន​ទៅ​ដល់​ហ្នឹង​ទេ»

លោក ថាន់ សារុំ រំឭក​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ធ្លាប់​ចុះ​ណែនាំ​ឲ្យ​ក្រុម​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ពីរ និង​តំបន់​បី ដែល​ត្រូវ​អភិរក្ស​ចេញ​ឲ្យ​អស់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ធនធាន​មច្ឆជាតិ។ លោក​សង្ឃឹម​ថា ពលរដ្ឋ​ទាំងនេះ​នឹង​ទទួល​បាន​កន្លែង​ណា​មួយ​រស់នៅ​ប្រសើរ​ជាង​បច្ចុប្បន្ន បន្ទាប់​ពី​គម្រោង​ធ្វើ​ផ្លូវ​របស់​ក្រសួង​សាធារណការ កាត់​តាម​តំបន់​នោះ​ធ្វើ​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles