ពលរដ្ឋសហគមន៍ភ្នំបាត នៅស្រុកពញាឮ ខេត្តកណ្ដាល បន្តនាំគ្នាមកទាមទាររកសំណងបន្ថែមនៅតាមស្ថាប័ននានា នៅភ្នំពេញ នៅថ្ងៃទី២២ ខែមីនា រំពឹងថា អាជ្ញាធរនឹងដោះស្រាយបញ្ហារបស់ពួកគាត់ក្នុងពេលឆាប់ៗ។
តំណាងពលរដ្ឋសហគមន៍ភ្នំបាត ចំនួន ១៤០គ្រួសារ អ្នកស្រី គឹម សារ៉ាន់ មានប្រសាសន៍ក្រោយពេលជួបមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២២ មីនា ថា ញត្តិស្ដីពីបញ្ហាដីធ្លីរបស់ពួកលោកស្រី នឹងត្រូវបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្ញុំទៅសួរអម្បាញ់មិញតាមចំណារដីការបស់ក្រសួងដែនដី នគរូបនីយកម្មហ្នឹង គាត់ឲ្យទៅបន្ទប់លេខ ៦១៥ ហើយគាត់ថា ស៊ីញេបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកនាយករដ្ឋមន្ត្រីត្រឡប់មកវិញ នឹងដាក់ទៅសាលាខេត្ត និងបញ្ជាឲ្យដោះស្រាយឲ្យពួកបង។ អ៊ីចឹងខ្ញុំមានសង្ឃឹមបន្តិចបន្តួចដែរ ដែលគាត់និយាយ។ រឿងដោះស្រាយ ឬមិនដោះស្រាយមិនដឹងទេ ប៉ុន្តែគាត់និយាយអ៊ីចឹងខ្ញុំជឿ ខ្ញុំមានទឹកចិត្តខ្លះ។ មិនមែន ១០០% ទេ មានទឹកចិត្តខ្លះ។ ប៉ុន្តែសូមសម្ដេចពន្លឿនការដោះស្រាយឲ្យពួកខ្ញុំផង ព្រោះខ្ញុំអត់ណាស់។ អ៊ីចឹងឲ្យដូចពាក្យគាត់និយាយចុះ»។
ក្រុមអ្នកស្រី គឹម សារ៉ាន់ ជាអតីតអ្នករស់នៅក្នុងបុរីកីឡា ដែលត្រូវបានរដ្ឋាភិបាល និងក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ឈូសឆាយផ្ទះ និងដឹកទៅដាក់ឲ្យរស់ឯសហគមន៍ភ្នំបាត ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីដើមឆ្នាំ២០១២។ ពួកគាត់អះអាងថា ពួកគាត់ត្រូវបានគេដឹកទៅចាក់ចោលនៅទីនោះ ដោយមិនបានគិតគូរផ្ដល់សំណង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធរស់នៅស្រួលបួលឡើយ។
តំណាងមួយរូបទៀត គឺអ្នកស្រី ខៀវ ឡៃ ថ្លែងថា ការយកទៅចាក់ចោលបែបនេះ គឺធ្វើឲ្យពួកគាត់ជួបការលំបាកខ្វះខាតខ្លាំង៖ «សូមរដ្ឋាភិបាលចុះមើលពួកខ្ញុំផង ពិបាកខ្លាំងណាស់។ អត់មានទឹកអត់មានភ្លើងសាលារៀន មន្ទីរពេទ្យទេ។ សូមដោះស្រាយពួកខ្ញុំសំណងបន្ថែមសម្រាប់ដើមទុនរកស៊ីផង។ ពួកខ្ញុំលំបាកខ្លាំងណាស់ ជំពាក់គេកាន់តែខ្លាំងទៅៗ ហើយ»។
ពួកគាត់អះអាងថា សព្វថ្ងៃដើរសុំទានគេ កាត់សក់ខ្លួនឯងលក់ និងទទួលបានអំណោយពីអង្គការមនុស្សធម៌រដ្ឋាភិបាលខ្លះ។ ពួកគាត់ទទួលបានដីស្នាក់នៅបណ្ដោះអាសន្នដែលមិនមានប័ណ្ណកម្មសិទ្ធិ។ ក្នុងចំណោមអ្នកសហគមន៍ភ្នំបាតទាំងនេះ មានអ្នកតវ៉ាចំនួន ៣០គ្រួសារ ដូចជាលោកស្រី សំ ដានី មានប្រសាសន៍ថា មិនបានទទួលអ្វីទាំងអស់ ព្រោះត្រូវក្រុមហ៊ុនចាត់ទុកថា មិនមែនជាអ្នកបុរីកីឡា៖ «ជំរុញឲ្យក្រុមហ៊ុនទៅប្រឈមមុខពួកខ្ញុំហ្នឹង ព្រោះអីឲ្យគាត់ចង្អុលថា អ្នកនេះពិត អ្នកនេះមិនពិត។ ខ្ញុំចង់បានតែប៉ុណ្ណឹង ព្រោះអីប្ដីខ្ញុំស្លាប់ទៅហើយ។ ឲ្យគាត់ដោះតាមឯកសារទៅ បើគាត់ថាមិនពិត»។
ក្នុងញត្តិដែលអ្នកសហគមន៍ភ្នំបាត កំពុងទាមទារ មានពីរចំណុច គឺទីមួយ ចង់បានផ្ទះរស់នៅ នៅភូមិអណ្ដូង ១បន្ទប់ និងប្រាក់ ៥ពាន់ដុល្លារ ទីពីរ ប្រសិនបើឲ្យគាត់រស់នៅក្នុងសហគមន៍ភ្នំបាត ដដែល ពួកគាត់ទាមទារសំណង ១ម៉ឺនដុល្លារ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍បញ្ជាក់ថា ការដោះស្រាយបញ្ហាអ្នកនៅភ្នំបាតនេះ មិនអាចត្រឡប់ក្រោយវិញទេ ហើយសាលារាជធានីនឹងអភិវឌ្ឍន៍សហគមន៍នេះ៖ «នៅភ្នំបាតហើយ អានេះការដោះស្រាយបញ្ហា គឺមិនអាចត្រឡប់ក្រោយវិញបានទេ។ (ខ្ញុំ) ចង់ជម្រាបជូនថា រឿងភ្នំបាត គឺយើងបានទទួលនូវសំណូមពររបស់គាត់ ហើយសាលារាជធានីនឹងគិតគូរនៅក្នុងរូបភាពជាសហគមន៍ក្រីក្រជូនទៅដល់គាត់ ក្នុងការចុះទៅអភិវឌ្ឍន៍សហគមន៍ហ្នឹង»។
ការរំពឹងអំពីដំណោះស្រាយរបស់អ្នកសហគមន៍ភ្នំបាត នៅថ្ងៃទី២២ មីនា គឺជាការទទួលបានចម្លើយពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីពួកគាត់បានដាក់ញត្តិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នៅថ្ងៃដដែលនេះ ពួកគាត់ក៏បានដាក់ញត្តិនៅគណៈកម្មការទី១០ រដ្ឋសភា ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕