Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បទ​វិភាគ៖ តើ ជួប សម្លាប់ ជា​ឃាតក​តែ​ម្នាក់​គត់​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ឬ​យ៉ាង​ណា?

$
0
0

សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​លើ​សំណុំ​រឿង​ក្ដី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មីនា នេះ បន្ទាប់​ពី​សវនាការ​អង្គ​សេចក្ដី​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា។ ពលរដ្ឋ​ខ្មែរ​កំពុង​រង់ចាំ​មើល​ថា តើ​ជោគវាសនា​របស់​ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​បាន​សារភាព​ប្រាប់​តុលាការ​ថា ខ្លួន​ជា​ឃាតក​ក្នុង​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ នឹង​ក្លាយ​ជា​បែប​ណា?

តើ​ជន​ជាប់​ចោទ ជួប សម្លាប់ ពិត​ជា​ឃាតក​តែ​ម្នាក់​គត់ ឬ​យ៉ាង​ណា? តើ​ចម្លើយ​សារភាព​របស់​គាត់​ស៊ីចង្វាក់​គ្នា​នឹង​អង្គហេតុ ឬ​ទេ?

យោង​តាម​ការ​វិភាគ​ដោយ​ផ្អែក​លើ​​សវនាការ​អង្គ​សេចក្ដី​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ដែល​តុលាការ​ជំនុំជម្រះ​សំណុំរឿង​ឃាតកម្ម​ដ៏​រសើប​មួយ​នេះ គេ​អាច​ប៉ាន់ស្មាន​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​ដែល​មាន​ចៅក្រម​បី​នាក់ នឹង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។  ប៉ុន្តែ​បញ្ហា​ត្រង់​ថា តើ​សាលក្រម​នោះ​នឹង​តំណាង​អោយ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ឬ​ទេ? តើ​សាលក្រម​នោះ​ឆ្លុះ​បញ្ចាំង​សច្ចៈ​ភាព​ដែល​នាំ​អោយ​សហគមន៍​ជាតិ និង​អន្តរជាតិ​ទទួល​យក​បាន ឬ​ទេ?

ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណួរ​ទាំង​នេះ គេ​ត្រូវ​ពិនិត្យ​មើល​សវនាការ​ជំនុំជម្រះ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា កន្លង​ទៅ។ ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​មហាជន​ដែល​ថា សវនាការ​នៅ​ថ្ងៃ​នោះ​អាច​នឹង​ជួយ​ស្រាយ​បំភ្លឺ​ចម្ងល់​ជា​ច្រើន​ក្នុង​រឿង​ក្តី​ឃាតកម្ម​ចម្លែក​លើ​បណ្ឌិត កែម ឡី អ្នក​សង្កេតការណ៍​ជា​ច្រើន​នៅ​ក្នុង​ការ​ជំនុំជម្រះ​នោះ​សំដែង​ការ​ខក​ចិត្ត​ទៅ​វិញ។

ខក​ចិត្ត​ត្រង់​ថា សវនាការ​អង្គ​សេចក្ដី​ស្ដីពី​ឃាតកម្ម​ដ៏​ល្បី​រន្ទឺ​មួយ​នេះ បែរ​ជា​តុលាការ​ចំណាយ​ពេល​ត្រឹម​ជាង ៤​ម៉ោង យ៉ាង​តក់ក្រហល់​បន្សល់​ចម្ងល់​កាន់តែ​ច្រើន​ថែម​ទៀត​ទៅ​វិញ។

"ស្លាប់​មិន​ប្ដូរ​ឈ្មោះ រស់​មិន​ប្ដូរ​ត្រកូល"

ដូចជា​ថា ហេតុ​អ្វី​បាន​ជា​ជន​ជាប់​ចោទ​អះអាង​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ចម្លែក​ខុស​ប្លែក​ពី​គេ ហើយ​ព្យាយាម​លាក់​អត្តសញ្ញាណ​របស់​ខ្លួន​ឯង​ ខណៈ​មាន​សាក្សី​ជា​ប្រពន្ធ ជា​មិត្តភ័ក្ដិ ជា​បព្វជិត និង​លិខិត​បញ្ជាក់​ថា ជនជាប់ចោទ​នេះ​មាន​ឈ្មោះ​ថា អឿត អាង ក៏ដោយ។

នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ ជនជាប់ចោទ​ប្រកាស​ឈ្មោះ​របស់​ខ្លួន​ថា «ជួប សម្លាប់» ដោយ​បញ្ជាក់​ថា «ស្លាប់​មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល» គឺ​មាន​ឈ្មោះ​នេះ​តែមួយ​គត់​ពី​កំណើត។

ទោះ​ជា​បែប​នោះ​ក្តី ជនជាប់ចោទ​ប្រាប់​តុលាការ​ថា ខ្លួន​បាន​ដឹង​ថា ខ្លួន​ឯង​ឈ្មោះ ជួប សម្លាប់ នៅ​ពេល​អាយុ​បាន ១០​ឆ្នាំ ខណៈ​រស់​នៅ​តំបន់​ចម្ការ​គ​ជាប់​ព្រំដែន​ថៃ ក្នុង​ខែត្រ​បន្ទាយមានជ័យ។

ផ្ទុយ​ពី​សម្ដី​អះអាង​របស់​ជនជាប់ចោទ ជួប សម្លាប់ ក្រឡា​បញ្ជី​បាន​ឡើង​អាន​ចម្លើយ​របស់​ប្រពន្ធ​នៃ​ជនជាប់ចោទ ដែល​អោយ​ដឹង​ថា បុរស​រូប​នេះ​មាន​ឈ្មោះ​ថា អឿត អាង។  លិខិត​បន្ត​ថា ជនជាប់ចោទ អឿត អាង ធ្លាប់​ធ្វើ​មន្ត្រី​បរិស្ថាន បន្ទាប់​មក​សាង​ផ្នួស​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទធ្នង់ ខែត្រ​សៀមរាប និង​សឹក​ពី​ព្រះសង្ឃ​នៅ​ខែ​តុលា ឆ្នាំ​២០១៥។ លិខិត​របស់​ប្រពន្ធ​ជនជាប់ចោទ​បន្ត​ទៀត​ថា ប្ដី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា អឿត អាង ធ្លាប់​ធ្វើជា​កងទ័ព​ខ្មែរ​ក្រហម និង​ទាហាន​ប៉ារ៉ា ហើយ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦ អឿត អាង ប្រាប់​ប្រពន្ធ​ថា ខ្លួន​ត្រូវ​ចេញ​ទៅ​ភ្នំពេញ។ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ស្រាប់​តែ​ឮ​ដំណឹង​ថា ប្តី​របស់​គាត់​បាញ់​សម្លាប់​មនុស្ស។

អឿត អាង ឬ ជួប សម្លាប់ ២០១៦ ៨៥៥
១១-កក្កដា-២០១៦៖ រូបថត​ជន​សង្ស័យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ឈ្មោះ អឿត អាង ដែល​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ឈ្មោះ ជួប សម្លាប់ ក្នុង​ស្លៀកពាក់​ជា​ឯកសណ្ឋាន​ភ្នាក់ងារ​បរិស្ថាន។ RFA/Hang Savyouth RFA/Hang Savyouth

ព្រះរាជអាជ្ញា​ហាក់​មិន​ខ្វល់​រឿង​ផ្សេង

ខាង​អយ្យការ​ដែល​មាន​ព្រះរាជអាជ្ញា លោក លី សុផាណា ជា​តំណាង ហាក់​មិន​បាន​ខ្វាយខ្វល់​នឹង​ភាព​ចម្លែក និង​អង្គហេតុ​មិន​ប្រក្រតី​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​នេះ​ឡើយ ប៉ុន្តែ​បែរ​ជា​សង្កត់ធ្ងន់​ទៅ​លើ​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ និង​ភស្តុតាង ជា​កាំភ្លើង​ខ្លី​ដែល ជួប សម្លាប់ ប្រកាស​ថា ជា​អាវុធ​របស់​ខ្លួន​ប្រើ​បាញ់​សម្លាប់ បណ្ឌិត កែម ឡី ទៅ​វិញ។ ព្រះរាជអាជ្ញា លោក លី សុផាណា ដែល​មើល​ទៅ​ហាក់​មាន​ឥទ្ធិពល​លើ​ក្រុម​ចៅក្រម​ជំនុំជម្រះ​នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី​១ ខែ​មីនា នោះ ក៏​មិន​បាន​ឈ្លេច​សួរ​ដេញដោល​ជនជាប់ចោទ​ទៅ​ទៀត​ថា តើ​មាន​អ្នក​ឃុបឃិត​នៅ​ពី​ក្រោយ​ខ្នង​ការ​ធ្វើ​ឃាត​លោក កែម ឡី ឬ​ទេ? ប៉ុន្តែ ជួប សម្លាប់ ខ្លួន​ឯង ដោយ​មិន​ចាំបាច់​គេ​សួរ​ក៏​ប្រកាស​យ៉ាង​ហោច​ណាស់​ក៏ ២​ដង​ដែរ​ថា មិន​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទេ។

បើ​ទោះ​ជា ជួប សម្លាប់ ជា​អ្នក​កេះ​កៃ​កាំភ្លើង​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មែន​ក៏ដោយ​ចុះ តើ ជួប សម្លាប់ ពិត​ជា​ឃាតក​ទោស​ដោយ​គ្មាន​អ្នក​ឃុបឃិត​បញ្ជា​នៅ​ពី​ក្រោយ​មែន​ឬ? រាល់​ឃាតកម្ម​សុទ្ធ​តែ​មាន​មូលហេតុ មាន​តែ​មនុស្ស​វិកលចរិត​បាត់បង់​ស្មារតី​ប៉ុណ្ណោះ ទើប​សម្លាប់​មនុស្ស​ដោយ​គ្មាន​មូលហេតុ ពីព្រោះ​ធ្វើ​ឡើង​ដោយ​មិន​ដឹង​ខ្លួន។

ជនជាប់ចោទ ជួប សម្លាប់ បាន​សារភាព​អះអាង​ថា មូលហេតុ​នៃ​ការ​ធ្វើ​ឃាត​លោក កែម ឡី គឺ​ពីព្រោះ​តែ​អ្នក​វិភាគ​នយោបាយ និង​បញ្ហា​សង្គម​រូប​នេះ​បោកប្រាស់​ប្រាក់ ៣.០០០​ដុល្លារ និង​ក្បត់​ពាក្យ​សន្យា​មិន​សង់​ផ្ទះ​អោយ​ខ្លួន។ តើ​នេះ​ជា​មូលហេតុ​ពិត ឬ​ទេ? ក្នុង​សវនាការ​ជំនុំជម្រះ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ដែល​មាន​បេសកកម្ម​ស្វែង​រក​ការ​ពិត​អំពី​រឿង​នេះ អ្នក​សង្កេតការណ៍​បាន​រិះគន់​សវនាការ​លើ​ចំណុច​នេះ។

ទាំង​ព្រះរាជអាជ្ញា និង​ចៅក្រម​ពុំ​បាន​សួរ​ដេញដោល​អោយ​បាន​ផុលផុស​ស៊ី​ជម្រៅ​ទាក់ទង​នឹង​លុយ ៣.០០០​ដុល្លារ ដែល​ជនជាប់ចោទ​ប្រកាស​ថា ជា​មូលហេតុ​សម្លាប់​បណ្ឌិត កែម ឡី នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​មាន​ការ​ស៊ើបអង្កេត និង​សួរ​ដេញដោល ហើយ​រក​ឃើញ​ថា លុយ ៣.០០០​ដុល្លារ មិន​មែន​ជា​មូលហេតុ​ដែល ជួប សម្លាប់ ធ្វើ​ឃាត​បណ្ឌិត កែម ឡី ទេ​នោះ ឃាតកម្ម​នេះ​ប្រាកដ​ជា​មាន​មូលហេតុ​ផ្សេង​នៅ​ពី​ក្រោយ​ជា​មិន​ខាន។

ក្នុង​គោលការណ៍​ច្បាប់​ចម្លើយ​សារភាព​តែ​មួយ​មុខ​មិន​អាច​យក​ជា​ការ​បាន​ទេ លុះ​ត្រា​តែ​មាន​ភស្តុតាង​ស៊ីចង្វាក់​បញ្ជាក់​ទៅ​លើ​ចម្លើយ​សារភាព​នោះ។

គ្មាន​នរណា​ជឿ​ថា ជួប សម្លាប់ ជា​ឈ្មោះ​ពិត

ក្រៅ​តែ​ពី​មជ្ឈដ្ឋាន​ទូទៅ​មិន​ជឿ​ថា បណ្ឌិត កែម ឡី ខ្ចី​លុយ​ជនជាប់ចោទ ជួប សម្លាប់ ហើយ​នោះ  ប្រពន្ធ​របស់​ជន​ជាប់​ចោទ ជួប សម្លាប់ និង​មនុស្ស ២​នាក់​ទៀត​បាន​បញ្ជាក់​ថា ជន​ជាប់​ចោទ​មិន​ដែល​មាន​ប្រាក់​ចំនួន​រាប់​ពាន់​ដុល្លារ​នោះ​ទេ។ ដូច្នេះ​មូលហេតុ​នៃ​ការ​ធ្វើ​ឃាត​បណ្ឌិត កែម ឡី អាច​ជា​រឿង​ផ្សេង។

ប្រពន្ធ ជួប សម្លាប់ ៨៥៥
ប្រពន្ធ​ ជួប សម្លាប់ លោកស្រី ហឿម ហ៊ត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hang Savyouth RFA/Hang Savyouth

ហេតុ​អ្វី​បាន​ជា​បុរស​ម្នាក់​អះអាង​ថា ខ្លួន​មាន​របរ​ជា​កម្មករ​ស៊ី​ឈ្នួល​កាត់​ស្មៅ​នៅ​ប្រទេស​ថៃ និង​រស់​នៅ​ក្នុង​ភូមិ​ចម្ការ​គ​ដាច់ស្រយាល​មួយ​ក្បែរ​ព្រំដែន​ថៃ ស្គាល់​លោក​បណ្ឌិត កែម ឡី នៅ​ឯ​ភ្នំពេញ ឯ​ណេះ? នៅ​ពេល​ចៅក្រម​សួរ​ថា ហេតុ​ដូច​ម្ដេច​បាន​ជា​ស្គាល់​បណ្ឌិត កែម ឡី រហូត​ហ៊ាន​អោយ​ខ្ចី​លុយ? ជួប សម្លាប់ ឆ្លើយ​ថា ខ្លួន​ស្គាល់​ពូ ឡី  បណ្ឌិត កែម ឡី) តាម​រយៈ​ពូ​លិស ទើប​ខ្លួន​ហ៊ាន​អោយ​ប្រាក់ ៣.០០០​ដុល្លារ។ នៅ​ក្នុង​សវនាការ ជួប សម្លាប់ ហៅ​ឈ្មោះ​អ្នក​ទាំង​ពីរ​ហាក់​ដូច​ជា​មាន​សំនៀង​ស្រដៀង​គ្នា គឺ​ពូឡី និង​ពូលិស។

ជួប សម្លាប់ បន្ត​ថា ក្រោយ​មក​បុរស​ដែល​ខ្លួន ហៅ​ថា ពូ​លិស បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ថា «បណ្ឌិត កែម ឡី ចាយ​លុយ​អស់​ហើយ គាត់​បោកប្រាស់​ទេ​រឿង​សង់​ផ្ទះ​នោះ»។ ទោះជា​យ៉ាង​ណា ជនជាប់ចោទ ជួប សម្លាប់ និយាយ​តែ​ម្នាក់​ឯង​គត់ គ្មាន​អ្វី​ផ្សេង​អាច​បញ្ជាក់ ឬ​ផ្ទៀងផ្ទាត់​ថា អ្វី​ដែល​គាត់​និយាយ​នោះ​ជា​ការ​ពិត​នោះ​ទេ។

កាន់​តែ​ភ្ញាក់ផ្អើល​នោះ គឺ​ទាំង​ចៅក្រម និង​ព្រះរាជអាជ្ញា​មិន​បាន​ដេញដោល ឈ្លេច​សួរ​ទេ​ថា នរណា​ជា​បុរស​ឈ្មោះ លិស នោះ មក​ពី​ណា មាន​មុខ​របរ​អ្វី ស្គាល់​ពូលិស តាម​របៀប​ណា ហើយ​បុរស​ឈ្មោះ​លិស នោះ​បច្ចុប្បន្ន​នៅ​ទី​ណា​នោះ​ទេ? ជួប សម្លាប់ គ្រាន់​តែ​និយាយ​ថា បាន​ជួប​បុរស​ឈ្មោះ​លិស នៅ​ថៃ។ មាន​តែ​បុគ្គល​ឈ្មោះ លិស នេះ​ទេ ទើប​អាច​ជួយ​ស្រាយ​បំភ្លឺ​ចម្ងល់​ជា​ច្រើន​បាន។  ប៉ុន្តែ​តុលាការ​មិន​បាន​កោះ​ហៅ​ជន​នេះ​មក​ឆ្លើយ​បំភ្លឺ​ក្នុង​ក្តី​ឃាតកម្ម​នេះ​ឡើយ។  តើ​បុរស​ឈ្មោះ លិស ដែល​ជនជាប់ចោទ ជួប សម្លាប់ ហៅ​ថា ពូ មាន​នៅ​ក្នុង​លោក​នេះ ឬ​ទេ?

"ជួប សម្លាប់ ជា​ព្រះសង្ឃ​កោងកាច"

ព្រះសង្ឃ​ព្រះនាម តោ ញ៉ិល គង់​នៅ​វត្ត​ប្រាសាទធ្នង់ ក្នុង​ស្រុក​អង្គរជុំ ខែត្រ​សៀមរាប មាន​ថេរដីកា​ប្រាប់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ថា ជនជាប់ចោទ​ធ្លាប់​បួស​ជា​ព្រះសង្ឃ​ជាមួយ​ព្រះអង្គ​មាន​ព្រះនាម​ថា អឿត អាង។ ព្រះសង្ឃ អឿត អាង មាន​ចរិត​ព្រហើន​កោងកាច និង​ធ្លាប់​លួច​លុយ​វត្ត​យក​ទៅ​លេងល្បែង​ភ្នាល់​ទៀត​ផង។ នៅ​ពេល​នោះ ព្រះ​ភិក្ខុសង្ឃ អឿត អាង តែង​អួតអាង​អំពី​ខ្លួន​ឯង​ថា ធ្លាប់​ធ្វើ​ជា​ទាហាន និង​តែងតែ​ទៅ​លេង​អតីត​មេ​ទាហាន​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​នៅ​បួស​នោះ។ ព្រះតេជព្រះគុណ តោ ញ៉ិល បន្ត​ថា ព្រះអង្គ​មិន​ជឿ​ថា មនុស្ស អឿត អាង ស្គាល់​ជនរងគ្រោះ​រហូត​មាន​ប្រាក់​ដល់ ៣.០០០​ដុល្លារ​អោយ​បណ្ឌិត កែម ឡី ខ្ចី​នោះ​ទេ។

ព្រះតេជព្រះគុណ តោ ញ៉ិល បញ្ជាក់​ថា ព្រះ​ភិក្ខុសង្ឃ អឿត អាង បាន​សឹក​ចេញ​ពី​វត្ត​ប្រាសាទធ្នង់ រយៈពេល ៧​ខែ មុន​ឃាតកម្ម​បណ្ឌិត កែម ឡី កើត​ឡើង។

ឧបមា​ថា ជនជាប់ចោទ ជួប សម្លាប់ មាន​លុយ​ចំនួន​នោះ​ពិត​មែន តើ​គាត់​អាច​អោយ​លុយ​បណ្ឌិត កែម ឡី ខ្ចី ឬ​ទេ បើ​ទើប​តែ​ជួប​គ្នា​ជា​លើក​ទី​១​នោះ? តើ​សមត្ថភាព​លោក​បណ្ឌិត កែម ឡី ពិត​ជា​ហ៊ាន​ហា​មាត់​ខ្ចី​លុយ ជួប សម្លាប់ ឬ​ទេ បើ​មនុស្ស​មិន​ដែល​ស្គាល់​គ្នា​ពី​មុន​មក​ដូច្នេះ? អ្វី​ដែល​កាន់​តែ​ច្បាស់​នោះ គឺ​ទាំង​ភរិយា​របស់​លោក​បណ្ឌិត កែម ឡី  និង​ភរិយា​របស់ ជួប សម្លាប់ អោយ​ដឹង​ថា គ្រួសារ​ទាំង​ពីរ​មិន​ដែល​ស្គាល់​គ្នា​ទេ។

ជួប សម្លាប់ ជា​ទាហាន និង​ជា​អតីត​ខ្មែរ​ក្រហម

លោក អ៊ំ អឿង ដែល​ជា​មិត្ត​ចាស់​របស់ អឿត អាង ហៅ ជួប សម្លាប់ តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ​១៩៨០ នោះ  អះអាង​ថា ក្រោយ​ពី​សឹក​ពី​ព្រះសង្ឃ អឿត អាង បាន​មក​សុំ​ស្នាក់​នៅ​ផ្ទះ​របស់​លោក​នៅ​ភូមិ​នគរភាស ឃុំ​នគរភាស ស្រុក​អង្គរជុំ ខែត្រ​សៀមរាប។  លោក​ថា អំឡុង​ពេល​ស្នាក់​នៅ អឿត អាង ដែល​ជា​អតីត​ខ្មែរ​ក្រហម​ផង​នោះ ក្រីក្រ​ស្ទើរ​រក​បាយ​ទទួលទាន​មិន​បាន​ផង តើ​គាត់​មាន​លុយ​បី​ពាន់​ដុល្លារ​ឯ​ណា​ទៅ​អោយ​លោក កែម ឡី នៅ​ភ្នំពេញ ឯ​ណោះ​ខ្ចី​នោះ?

ចំណុច​សំខាន់​មួយ​ទៀត​ដែល​តុលា​ការ​គួរ​ស៊ើបអង្កេត​ស៊ី​ជម្រៅ​ដើម្បី​រក​ការ​ពិត​ពី​មូលហេតុ​សម្លាប់​បណ្ឌិត កែម ឡី  ប៉ុន្តែ​តុលាការ​មិន​បាន​ធ្វើ​នោះ គឺ​ការ​សង្ស័យ​ថា អឿត អាង ឬ ជួប សម្លាប់ ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គភាព​យោធា។ បើ​តាម​លោក អ៊ំ អឿង មិត្ត​ចាស់​របស់ ជួប សម្លាប់ នៅ​មុន​ពេល​ឃាតកម្ម​លោក កែម ឡី មួយ​សប្ដាហ៍ ជួប សម្លាប់ បាន​បាត់​ពី​ផ្ទះ។ លោក អ៊ំ អឿង ដឹង​ថា មិត្ត​របស់​ខ្លួន​មក​ភ្នំពេញ នៅ​ពេល ជួប សម្លាប់ ទូរស័ព្ទ​ទៅ​ប្រាប់​លោក​ទាំង​អំនួត​ថា ខ្លួន​គេ​បាន​ការងារ​ធ្វើ​ជា​ទាហាន​នៅ​ក្រុង​ភ្នំពេញ បាន​ប្រាក់​ខែ ៣០០​ដុល្លារ។

ជួប សម្លាប់ ជួប​មន្ត្រី​ថ្នាក់​ស្រុក​និង​យោធា​មុន​ទៅ​ភ្នំពេញ

បើ​តាម​ការ​ស្រាវជ្រាវ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) នៅ​ថ្ងៃ អឿត អាង ឬ ជួប សម្លាប់ ចាក​ចេញ​ពី​ភូមិ​មាន​មន្ត្រី​ថ្នាក់​ស្រុក និង​យោធា បាន​ចុះ​ទៅ​ជួប​គាត់។ បន្ទាប់​មក​ក៏​បាន​ឡើង​ជិះ​រថយន្ត​តាក់ស៊ី​ចាក​ចេញ​ពី​ភូមិ។

អ្នក​បើក​រថយន្ត​តាក់ស៊ី​ឈ្មោះ ឌឹក ឌៀន អោយ​ដឹង​ថា គាត់​បាន​ដឹក អឿត អាង ទៅ​ទម្លាក់​នៅ​ស្រុក​ពួក ដែល​នៅ​ទី​នោះ​មាន​រថយន្ត​ឡិចស៊ិស (Lexus) សេរី​ទំនើប​បាន​ដឹក អឿត អាង បន្ត​ទៀត ទាំង​មិន​បាន​បង់​លុយ​ថ្លៃ​ឈ្នួល​ឡាន​គាត់​ទៀត​ផង។

ទោះជា​យ៉ាង​ណា នៅ​ក្នុង​សវនាការ​ជម្រះ​ក្ដី​ជាង ៤​ម៉ោង កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា នោះ ទាំង​ចៅក្រម និង​ព្រះរាជអាជ្ញា មិន​បាន​ជជីក​សួរ​នាំ​ជន​ជាប់​ចោទ​អំពី​អង្គ​ហេតុ​ដែល​បាន​រៀបរាប់​មក​នេះ និង​អង្គហេតុ​គួរ​អោយ​សង្ស័យ​ផ្សេងៗ​ទៀត​ឡើយ។

ឧទាហរណ៍៖ ជនជាប់ចោទ​ប្រាប់​តុលាការ​ថា ខ្លួន​មក​ដល់​សៀមរាប នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦ ហើយ​ថ្ងៃ​បន្ទាប់​មក ទើប​ដល់​ភ្នំពេញ គឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា។ តើ ១០​ថ្ងៃ​នៅ​ភ្នំពេញ ដែល​ជា​អំឡុង​ពេល​មួយ​មុន​ថ្ងៃ​បាញ់​សម្លាប់ បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ ជនជាប់ចោទ ជួប សម្លាប់ បាន​ធ្វើ​អ្វី​ខ្លះ ជួប​នរណា​ខ្លះ? ស្នាក់​នៅ​ទី​ណា​ពិត​ប្រាកដ?

ក្នុង​សវនាការ​ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា មិន​សូវ​មាន​ការ​សួរ​ឈ្លេច​ដេញដោល​ទៅ​លើ​ជនជាប់ចោទ​នោះ គេ​សំគាល់​ឃើញ​ថា ជួប សម្លាប់ ហាក់​ព្យាយាម​មិន​ប្រាប់​ទីកន្លែង​ស្នាក់​នៅ​ពិតប្រាកដ​របស់​ខ្លួន​នៅ​មុន​ពេល​ធ្វើ​ឃាត​ជនរងគ្រោះ។ ជនជាប់ចោទ​បាន​ត្រឹមតែ​ប្រាប់​ថា ដោយសារ​មាន​កាំភ្លើង​ជាប់​ខ្លួន ខ្លាច​គេ​ឃើញ ដូច្នេះ​មិន​ហ៊ាន​រក​កន្លែង​ស្នាក់នៅ​សមរម្យ​ទេ ប៉ុន្តែ​បាន​ទៅ​ស្នាក់នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ជិត​ផ្សា​របឹង​កេងកង ខណៈ​ដើរ​ប្រមាញ់​រក​លោក​បណ្ឌិត កែម ឡី នោះ។ ចំណុច​នេះ​ទាំង​ព្រះរាជអាជ្ញា និង​ចៅក្រម​មិន​បាន​សួរ​នាំ​ដើម្បី​បញ្ជាក់​ថា ជនជាប់ចោទ​និយាយ​ពិត ឬ​មិន​ពិត​នោះ​ទេ។

ចំណុច​រៀបរាប់​របស់ ជួប សម្លាប់ នេះ គឺ​មិន​ស៊ី​ចង្វាក់​គ្នា​ទៅ​នឹង​សម្ដី​របស់​លោក អ៊ំ អឿង ដែល​បាន​អោយ​ដឹង​នៅ​ពេល ជួប សម្លាប់ បាន​ទូរស័ព្ទ​ទៅ​ប្រាប់​លោក​ថា ខ្លួន​បាន​ការងារ​ធ្វើ​ជា​ទាហាន​នៅ​ក្រុង​ភ្នំពេញ បាន​ប្រាក់​ខែ ៣០០​ដុល្លារ​នោះ​ទេ។

អង្គ​ចងចាំ​នៅ​ក្នុង​ស្តារម៉ាត

ចម្លើយ​របស់ ជួប សម្លាប់ ទៅ​កាន់​តុលាការ​មិន​ស៊ី​ចង្វាក់​គ្នា​ទេ។ ម្ដង​គាត់​ថា គាត់​ឃើញ​ឡាន​បណ្ឌិត កែម ឡី ចត​នៅ​ក្រៅ​ហាង​ស្តារម៉ាត ទើប​ដើរ​ចូល ហើយ​ដើរ​បួន​ជុំ​ទើប​បាញ់​បណ្ឌិត កែម ឡី។ ម្ដង​គាត់​ថា គាត់​ចូល​ក្នុង​ស្តារម៉ាត ទៅ​រក​ទិញ​ចំណី​ញ៉ាំ​ស្រាប់​តែ​ឃើញ​ជនរងគ្រោះ​ទើប​បាញ់​តែម្ដង។

​ចៅក្រម​សួរ​ថា ហេតុ​អី​មិន​សួរ​នាំ​រឿង​ជំពាក់​លុយ​សិន? ជួប សម្លាប់ ឆ្លើយ​ទាំង​ពិបាក​ទទួល​ថា ខ្លួន​មាន​កាំភ្លើង ខ្លាច​លោក កែម ឡី ប្ដឹង​ប៉ូលិស។ ចៅក្រម​សួរ​ថា តើ​មាន​គ្នា​ប៉ុន្មាន​នាក់​ពេល​ធ្វើ​សកម្មភាព​នោះ? ជួប សម្លាប់ ថា​ធ្វើ​តែ​ម្នាក់​ឯង​ទេ។

កាមេរ៉ា​សុវត្ថិភាព​ឃើញ​តែ​មួយ​ជ្រុង

នៅ​ពេល​តុលាការ​បញ្ចាំង​កាមេរ៉ា​សុវត្ថិភាព ចៅក្រម​សួរ​ថា នោះ​ជា​រូប​នរណា? ជនជាប់ចោទ​ឆ្លើយ​ថា នោះ​ជា​រូប​ខ្ញុំ។

នៅ​ក្នុង​សវនាការ សាក្សី​ម្នាក់​ដែល​ជា​វិស្វករ​របស់​ហាង​សាំង​កាល់តិច ដែល​បាន​ប្រមូល​អង្គ​ចងចាំ​របស់​កាមេរ៉ា​សុវត្ថិភាព​ពី​ហាង​ស្តារម៉ាត ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​នៅ​ក្រោយ​ឃាតកម្ម​នោះ មិន​ត្រូវ​បាន​ចៅក្រម ឬ​ព្រះរាជអាជ្ញា​សួរ​នាំ​អំពី​ថា ហេតុ​អ្វី​បាន​ជា​អង្គ​ចងចាំ​នោះ​ឃើញ​តែ​មួយ​ជ្រុង​ត្រង់​ឃាតក​ដើរ​ចូល តែ​មើល​មិនសូវ​​ច្បាស់ រួច​ដក​កាំភ្លើង​បាញ់ ក៏ប៉ុន្តែ​នៅ​ពេល​នោះ ​មុខ​លោក កែម ឡី  ឃើញ​តែ​បន្តិច ហើយ​ក៏​មិន​ឃើញ​មុំ​ត្រង់​ឃាតក​រត់​ចេញ​ពី​ហាង​ស្តារម៉ាត​ដែរ។

​ទោះ​ជា​បែប​នេះ​ក្តី ទាំង​ចៅក្រម និង​ព្រះរាជអាជ្ញា មិន​បាន​សួរ​រក​ការពិត​ថា ហេតុ​អ្វី​បាន​ជា​កាមេរ៉ា​សុវត្ថិភាព​នោះ​មាន​តែ​អង្គ​ចងចាំ​តែប៉ុណ្ណោះ ពោល​គឺ​មិន​មាន​គ្រប់​ជ្រុង បើ​ទោះ​ជា​នៅ​ក្នុង​ហាង និង​ជុំវិញ​ហាង​មាន​កាមេរ៉ា​សុវត្ថិភាព​គ្រប់​ជ្រុង​ទាំង​អស់​នោះ។

សាក្សី​ជា​ប៉ូលិស និង​សាក្សី​ជា​វេជ្ជបណ្ឌិត

សាក្សី​ជា​ប៉ូលិស ៨​នាក់ និង​គ្រូពេទ្យ​ម្នាក់ បាន​ត្រឹម​បញ្ជាក់​ថា បណ្ឌិត កែម ឡី ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​គ្រាប់​កាំភ្លើង។ រី​ឯ​សាក្សី​ពីរ​នាក់​ពី​ហាង​ស្តារម៉ាត កាល់តិច​ម្នាក់​បាន​ត្រឹម​បញ្ជាក់​ថា មិន​បាន​ឃើញ​មុខ​ឃាតក ឃើញ​តែ​ពី​ក្រោយ ហើយ​ម្នាក់​ទៀត​ដែល​ជា​វិស្វករ​នោះ​ប្រាប់​តុលាការ​ថា បាន​ត្រឹម​សហការ​ប្រមូល​អង្គ​ចងចាំ​នៃ​កាមេរ៉ា​សុវត្ថិភាព​ប្រគល់​អោយ​សមត្ថកិច្ច។ ព្រះរាជអាជ្ញា និង​ចៅក្រម​មិន​បាន​សួរ​ទេ​ថា ហេតុ​អ្វី​បាន​ជា​កាមេរ៉ា​សុវត្ថិភាព​ឃើញ​តែ​មួយ​ជ្រុង និង​មិន​ច្បាស់​ទៀត​ដូច្នេះ?

និយាយ​ជា​រួម សវនាការ​ថ្ងៃ​ទី​១ ខែ​មីនា គឺ​ជា​ការ​ប្រឹងប្រែង​ដើម្បី​បញ្ជាក់​ថា ជួប សម្លាប់ ជា​ឃាតក ប៉ុន្តែ​ពុំ​បាន​ព្យាយាម​បញ្ជាក់​ថា ជនជាប់ចោទ​រូប​នេះ គឺ​ជា​អ្នក​ណា​អោយ​ពិត​ប្រាកដ​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង ឬ​មាន​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង ឬ​យ៉ាង​ណា​នោះ​ទេ ​បើ​ទោះ​ជា​មាន​អង្គ​ហេតុ និង​សាក្សី​បញ្ជាក់​ពី​ចំណុច​សង្ស័យ​ក៏ដោយ​ចុះ។

ឧទាហរណ៍៖ បើ​សម្លាប់​មនុស្ស​ម្នាក់​ដោយសារ​តែ​ជំពាក់​លុយ ហេតុ​អ្វី​បាន​ជា​ចាំ​លាក់​ឈ្មោះ​ដើម? តើ​នេះ​ជា​ការ​លាក់បាំង​ដើម្បី​គេច​ចេញ​ពី​ការ​ស្រាវជ្រាវ​ក្នុង​បំណង​ការពារ​អ្នក​ណា​ម្នាក់ ឬ​យ៉ាង​ណា?
ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​ប្រកប​ដោយ​នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស រាល់​អំពើ​ឃាតកម្ម ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ពេញលេញ​ដើម្បី​រក​ការ​ពិត។

ចំពោះ​សំណុំ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​អ្នក​សង្កេតការណ៍​គេ​មើល​ឃើញ​ថា ចាប់​តាំង​ពី​ក្នុង​ដំណាក់កាល​ចាប់​ខ្លួន​ជនសង្ស័យ​របស់​នគរបាល រហូត​ដល់​ដំណាក់កាល​ជំនុំជម្រះ គឺ​មាន​ចំណុច​សង្ស័យ​ដែល​គួរ​មាន​ការ​ឆ្លើយ​បំភ្លឺ ពីព្រោះ​សវនាការ​ជម្រះ​ក្ដី​ឃាតកម្ម​បែប​នេះ ចំណាយ​ពេល​ជាង ៤​ម៉ោង​ប្រហែល​ជា​មិន​គ្រប់គ្រាន់​ទេ។

ទោះ​ជា​យ៉ាង​ណា ការ​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ក្តី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ ជន​ជាប់​ចោទ​ទំនង​ជា​ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​ទោស ដើម្បី​បិទ​បញ្ចប់​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles