Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​វៀតណាម​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ

$
0
0

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បំពេញ​ការងារ​ទាក់ទិន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​រតនគិរី សាទរ​ចំពោះ​ក្រុម​សមត្ថកិច្ច​ប៉ូលិស ដែល​ចាប់​បាន​ជនជាតិ​វៀតណាម ៨​នាក់ ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់។ បើ​ទោះ​ជា​យ៉ាង​ណា ពួក​គេ​ក៏​បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​មិន​មាន​តម្លាភាព ដែល​ធ្វើ​ឲ្យ​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តែ​បន្ត​កើត​មាន។

មន្ត្រី​អភិរក្ស​ធនធាន​ធម្មជាតិ​អង្គការ​ទន្លេ​បី ប្រចាំ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​តុលាការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​អនុគ្រោះ​ចំពោះ​ជនជាតិ​វៀតណាម ដែល​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា សម្រេច​ឃុំ​ខ្លួន​ជនជាតិ​វៀតណាម ៨​នាក់​ដាក់​ពន្ធនាគារ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​គ្មាន​លិខិត​ស្នាម និង​ប្រើប្រាស់​គ្រឿងចក្រ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ។

មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេ​បី លោក ប៊ុន លាប បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ថា ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព រួម​ទាំង​ការ​ផ្តល់​សិទ្ធិ​អំណាច​ជូន​សហគមន៍​អ្នក​អភិរក្ស​ព្រៃ​ឈើ គឺ​ជា​កត្តា​សំខាន់​ដើម្បី​រួម​គ្នា​លុប​បំបាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ។ លោក​កត់​សម្គាល់​ថា បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​កន្លង​មក​កើត​មាន​ច្រើន​ករណី ជាពិសេស​ជនជាតិ​វៀតណាម នៅ​តែ​បន្ត​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ដី​ខ្មែរ​កាប់​ឈើ​អនាធិបតេយ្យ ចំណែក​ការ​អនុវត្ត​ច្បាប់​មិន​មាន​តម្លាភាព៖ «ជនជាតិ​វៀតណាម ដែល​ចូល​មក​ខុស​ច្បាប់ យើង​ចាប់​បាន ហើយ​យើង​អនុវត្ត​តាម​ច្បាប់​យើង។ បញ្ហា​ទាំង​ពីរ​ហ្នឹង​វា​សំខាន់​ដែល​អាច​ការពារ​ព្រៃ​ឈើ​យើង​បាន»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​រតនគិរី បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ៨​នាក់ និង​រឹប​អូស​គ្រឿងចក្រ​មាន​រណារ​យន្ត ៥​គ្រឿង និង​ត្រាក់ទ័រ​បី​គ្រឿង​ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ស្រុក​បរកែវ និង​ស្រុក​អណ្ដូងមាស ក្នុង​ខេត្ត​រតនគិរី ព្រម​ទាំង​វត្ថុ​តាង​ជាក់ស្តែង​មាន​ឈើ​មូល និង​ឈើ​អារ​មួយ​ចំនួន​ទៀត​នៅ​កន្លែង​កើត​ហេតុ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន បញ្ជាក់​ថា សមត្ថកិច្ច​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​ជនជាតិ​វៀតណាម ទាំង ៨​នាក់ និង​បញ្ជូន​វត្ថុ​តាង​ទៅ​សាលា​ដំបូង​ខេត្ត​រួច​ហើយ ក្រោយ​ពេល​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ទាំងនោះ​ក្នុង​បទល្មើស​ជាក់ស្តែង។ លោក​ថា ឈើ​ដែល​ជនជាតិ​កំពុង​អារ​រំលំ​ឋិត​នៅ​ក្បែរ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន ចាង លី និង​ក្រុមហ៊ុន ជា ចាន់រិទ្ធ៖ «គំនរ​ដែល​យើង​ឃើញ​ប្រហែល​បួន​ប្រាំ​ដើម​វា​អូស ហើយ​នៅ​ក្នុង​ព្រៃ​ទៀត​នៅ​ខាង​ក្រៅ​ទៀត។ តាម​ការ​សួរ​បំភ្លឺ វា​ចូល​មក​បី​ថ្ងៃ​ហើយ វា​ចូល​តាម​វៀតណាម គ្នា​វា មេ​វា​នៅ​ខេត្ត​យ៉ាឡាយ»

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​រតនគិរី លោក កែវ វិសុទ្ធ បញ្ជាក់​ថា ជនជាតិ​វៀតណាម ៥​នាក់​ត្រូវ​បាន​មន្ត្រី​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​មក​កម្ពុជា គ្មាន​លិខិត​ឆ្លង​ដែន និង​ប្រើប្រាស់​គ្រឿងចក្រ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ។ ដោយឡែក​ជនជាតិ​វៀតណាម ៣​នាក់​ទៀត​ជាប់​ចោទ​ប្រើប្រាស់​គ្រឿងចក្រ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ។ លោក​បន្ត​ថា ជន​ជាប់​ចោទ​ទាំង ៨​នាក់​ឋិត​ក្នុង​នីតិវិធី​ស៊ើប​អង្កេត​បន្ត​របស់​ចៅក្រម​ស៊ើបសួរ៖ «ចៅក្រម​ស៊ើបសួរ​គាត់​សម្រេច​ឃុំ​ខ្លួន ហើយ​ខេត្ត​សមត្ថកិច្ច​ប៉ូលិស​គេ​កសាង​សំណុំ​រឿង​មក»

ច្បាប់​ព្រៃ​ឈើ​នៃ​ប្រទេស​កម្ពុជា ចែង​ថា ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​រួម​មាន កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់​កាប់​ដី​ព្រៃ ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ត្រូវ​រឹប​អូស​វត្ថុ​តាង​ទាំងអស់​មក​ជា​សម្បត្តិ​រដ្ឋ។ ជន​ណា​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ មិន​រាង​ចាល ត្រូវ​ផ្ដន្ទាទោស​ទ្វេដង​នៃ​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ នៃ​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles