ក្រុមយុវជននឹងរៀបចំដំណើរទស្សនកិច្ចសិក្សាមួយស្តីអំពី “ការលើកកម្ពស់ស្ត្រីក្នុងកិច្ចការពារព្រៃឈើ” ទៅកាន់តំបន់ព្រៃ “សង្ឃសហគមន៍រុក្ខវ័ន” ខេត្តឧត្តរមានជ័យ នៅខែមីនា ខាងមុខ។ អ្នករៀបចំកម្មវិធីបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ មានគោលដៅពង្រឹងការយល់ដឹងអំពីតួនាទីស្ត្រី និងជំរុញឲ្យមានការចូលរួមពីសំឡេងស្ត្រីក្នុងសហគមន៍ដើម្បីថែរក្សាព្រៃឈើ។
ដំណើរទស្សនកិច្ចសិក្សាស្ដីពី “ការលើកកម្ពស់ស្ត្រីក្នុងកិច្ចការពារព្រៃឈើ” ទៅកាន់តំបន់ព្រៃសង្ឃសហគមន៍រុក្ខវ័ន នៅខេត្តឧត្តរមានជ័យ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ខាងមុខ។
កម្មវិធីនេះផ្ដួចផ្ដើមឡើងដោយបណ្ដាញស្ម័គ្រចិត្តនៃសហគ្រិនភាពយុវជនបៃតង (GYE) ដោយមានការជួយជ្រោមជ្រែងពីអង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KYSD) និងទទួលបានការឧបត្ថម្ភពីអង្គការអ៊ុកហ្វាម (OXFAM)។
អ្នករៀបចំកម្មវិធី លោក ឃី ពិសី បញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៦ កុម្ភៈ ថា កម្មវិធីនេះមានគោលបំណងចែករំលែកបទពិសោធន៍អំពីបញ្ហាប្រឈម និងភាពជោគជ័យរបស់ស្ត្រីក្នុងកិច្ចការពារព្រៃឈើ និងបង្កើនការយល់ដឹងអំពីតួនាទីរបស់ខ្លួនតាមរយៈការរៀបចំជាវេទិកាពិភាក្សារវាងអាជ្ញាធរ និងប្រជាសហគមន៍។ ក្រៅពីនេះ ទស្សនកិច្ចសិក្សានេះក៏ផ្តល់ឱកាសដល់យុវជនវ័យក្មេងក្នុងការសិក្សាស្វែងយល់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីការបាត់បង់ព្រៃឈើ និងវិធីសាស្ត្រក្នុងការថែរក្សាព្រៃឈើតាមរយៈការចុះទៅមើលស្ថានភាពព្រៃជាក់ស្តែង៖ «»។
លោកបញ្ជាក់ថា អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ នឹងមានចំនួន ៦០នាក់ ដែលក្នុងនោះរួមមាន ប្រជាសហគមន៍ សកម្មជនបរិស្ថាន សកម្មជនព្រៃឈើ យុវជន និងសិស្សនិស្សិត។ យុវជន និងសិស្សនិស្សិត តម្រូវឲ្យមានការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិត ឬចុះឈ្មោះដោយផ្ទាល់នៅទីស្នាក់ការបណ្ដាញស្ម័គ្រចិត្តនៃសហគ្រិនភាពយុវជនបៃតង ដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់មកត្រូវឆ្លងកាត់ការជ្រើសរើសពីអ្នករៀបចំកម្មវិធី។ កាលបរិច្ឆេទចុះឈ្មោះ នឹងផុតកំណត់នៅរសៀលថ្ងៃទី៣ ខែមីនា វេលាម៉ោង ៥ល្ងាច ហើយមានតែអ្នកជាប់ប៉ុណ្ណោះដែលនឹងត្រូវទាក់ទងឲ្យចូលរួម៖ «»។
ព្រៃសង្ឃសហគមន៍រុក្ខវ័ន ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីខែវិច្ឆិកា ឆ្នាំ២០០៨។ ព្រៃនេះមានទំហំជាង ១ម៉ឺន ៨ពាន់ហិកតារ (១៨.២៦១ហិកតារ) ដែលផ្ទៃដីភាគច្រើនគ្របដណ្ដប់លើខេត្តឧត្តរមានជ័យ និងមួយចំនួនទៀតគ្របដណ្ដប់លើខេត្តសៀមរាប។ ព្រៃសហគមន៍នេះ ជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់ជុំវិញ និងមកពីតំបន់ដទៃទៀត។
ព្រះមេគណខេត្តឧត្តរមានជ័យ និងជាប្រធានសង្ឃសហគមន៍រុក្ខវ័ន ព្រះគ្រូ ប៊ុន សាលួត មានព្រះថេរដីកាថា បច្ចុប្បន្នព្រៃនេះកំពុងរងការគំរាមកំហែងពីបទល្មើសនានា ដូចជាការលួចកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់៖ «»។
ទោះបីជាយ៉ាងណា ព្រះអង្គ ប៊ុន សាលួត មានព្រះថេរដីកាថា ការនាំយុវជនឲ្យស្គាល់តំបន់ព្រៃនេះ មានសារសំខាន់យ៉ាងខ្លាំង ពីព្រោះអាចឲ្យយុវជនទទួលបានចំណេះដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងយល់ដឹងអំពីកិច្ចការពារព្រៃឈើ ហើយពួកគេអាចយកចំណេះដឹងទាំងនេះទៅចែករំលែកដល់សហគមន៍ និងសង្គមរបស់ពួកគេវិញ។
ទាក់ទងបញ្ហាព្រៃឈើនេះដែរ កាលពីដើមខែមករា កន្លងទៅ ក្រុមស្រាវជ្រាវនៃអង្គការណាសា (NASA) សហរដ្ឋអាមេរិក បានចេញផ្សាយរូបភាពជាច្រើនថតដោយផ្កាយរណបពីទីអវកាសមកថា ព្រៃឈើនៅប្រទេសកម្ពុជា កំពុងបាត់បង់ក្នុងល្បឿនលឿនខ្លាំង ហើយកម្ពុជា ស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាការកាប់ព្រៃឈើលឿនជាងគេបំផុតក្នុងពិភពលោក ដោយចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤ កម្ពុជា បានបាត់បង់ព្រៃឈើអស់ជាង ១,៤លានហិកតារ (១,៤៤លានហិកតារ) ឬជាង ១៤,៤ភាគរយ៕