Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រពន្ធ​របស់​ជំទប់​ទី​២​សង្កាត់​ប៉ោយប៉ែត​ស្នើ​តុលាការ​ដោះលែង​ប្ដី

$
0
0

ប្រពន្ធ​ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ស្វាមី​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ មន្ត្រី​ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត ឲ្យ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ប៉ុន្តែ​ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​ការ​មួលបង្កាច់​ទម្លាក់​កំហុស​លើ​ស្វាមី​ដោយ​អយុត្តិធម៌។

សាច់ញាតិ​ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី កំពុង​ព្រួយ​បារម្ភ​អំពី​បញ្ហា​សុខភាព​របស់​ស្វាមី​ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ ធ្វើ​ឲ្យ​ខកខាន​ទៅ​ជួប​គ្រូពេទ្យ ដែល​លោក​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​រៀង​រាល់​ខែ។

ប្រពន្ធ​ជន​ត្រូវ​ចោទ គឺ​អ្នកស្រី វង្ស គឹមហុង ថ្លែង​ថា ប្ដី​របស់​អ្នកស្រី គឺ​លោក ចៅ វាសនា គ្មាន​ទោស​កំហុស​ដែល​ត្រូវ​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ ព្រោះ​អ្នកស្រី​អះអាង​ថា ការងារ​កន្លង​ទៅ លោក​ជា​មនុស្ស​ស្លូត​ត្រង់ តែង​ជួយ​យក​អាសា​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ឡើយ។ អ្នកស្រី​បន្ថែម​ថា ចាប់​តាំង​ពី​ជាប់​ឃុំ​មក លោក ចៅ វាសនា បាន​ទូរស័ព្ទ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​ដំណឹង​ដល់​អ្នកស្រី​ចំនួន​ពីរ​លើក ដែល​ក្នុង​មួយ​លើក​និយាយ​ប្រមាណ ២​នាទី។ អ្នកស្រី​អះអាង​ថា ប្ដី​របស់​អ្នកស្រី​មាន​ភាព​ក្លាហាន​រឹងមាំ ប៉ុន្តែ​បាន​ផ្ដាំ​មិន​ឲ្យ​ក្រុម​គ្រួសារ​ព្រួយ​បារម្ភ​ពី​លោក​រស់នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី​នៅ​តែ​បារម្ភ​ពី​សុខភាព​របស់​ប្ដី​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​ជា​ប្រចាំ៖ «ពីព្រោះ​ភ្នែក​គាត់​ក៏​ឈឺ ហើយ​គាត់​មាន​ជំងឺ​ក្រួស​ក្នុង​ប្រមាត់​ទៀត ដែល​ត្រូវ​ចូល​ពេទ្យ​វះ​កាត់​នៅ​ខែ​នេះតាំង​ពី​គាត់​ជាប់​គុក​មក ខ្ញុំ​ដេក​មិន​លក់​ទេ ព្រោះ​ខ្ញុំ​គិត​ពី​គាត់​នៅ​ក្នុង​ពន្ធនាគារ​ជានិច្ច។ ប៉ុន្តែ​យ៉ាង​ណា ខ្ញុំ​នៅ​តែ​ប្រឹង​ទប់​អារម្មណ៍​តស៊ូ​ទៅ​មុខ​ទៀត»

ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ បន្ទាប់​ពី​សាកសួរ​អស់​ជាង ៤​ម៉ោង ពី​បទ​ចោទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ។

ប្រពន្ធ​របស់​លោក ចៅ វាសនា បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ស្វាមី​របស់​ខ្លួន​ក្នុង​ន័យ​នយោបាយ ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ អ្នកស្រី​ស្នើ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំងអស់​នេះ ហើយ​ដោះលែង​លោក ចៅ វាសនា ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ឲ្យ​បាន​ឆាប់៖ «គេ​តវ៉ា​ជិត​ចប់​ហើយ បាន​ប្ដី​របស់​ខ្ញុំ​គាត់​ទៅ​ដល់។ នៅ​ពេល​នោះ គេ​បាន​ប្រើ​ហិង្សា​ដាក់​គ្នា​រួច​ទៅ​ហើយចំណែក​ប្ដី​ខ្ញុំ​គាត់​បាន​យក​កម្មករ​ដែល​រង​របួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ថែម​ទាំង​ចេញ​លុយ​ឲ្យ​គេ​ទៀត។ ខ្ញុំ​ហួស​ចិត្ត​ណាស់​នៅ​ពេល​ឃើញ​គេ​ចាប់​ប្ដី​ខ្ញុំ​ដាក់​គុក ដែល​គ្រាន់​តែ​គាត់​បាន​ជួយ​គេ​បែប​នេះ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។

សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក សោ ចាន់ដេត មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ខេត្ត​ត្រៀម​ចូល​សួរ​សុខ​ទុក្ខ​ជន​ត្រូវ​ចោទ​ក្នុង​ពេល​ឆាប់ៗ។ លោក​បន្ថែម​ថា បើ​ទោះ​ជា​លោក ចៅ វាសនា ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​យ៉ាង​នេះ​ក្ដី គឺ​បេក្ខភាព​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត នៅ​តែ​រក្សា​ឲ្យ​លោក​ដដែល ដោយ​ពុំ​មាន​ផ្លាស់ប្ដូរ​អ្នក​ថ្មី​ជំនួស​នោះ​ទេ៖ «បើ​និយាយ​ច្បាប់​បោះឆ្នោត ជន​ជាប់​ពិរុទ្ធ គឺ​គេ​មិន​ឲ្យ​ឈរ​ឈ្មោះ​ទេ ប៉ុន្តែ​លោក ចៅ វាសនា គឺ​តុលាការ​មិន​ទាន់​ចេញ​សាលក្រម​ស្ថាពរ​ថា​គាត់​ជា​ជន​មាន​ទោសនៅ​ឡើយ​ទេ។ គាត់​នៅ​គ្រាន់​ជា​ជន​សង្ស័យ​ទេ»

លោក​បន្ថែម​ថា មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ចៅ វាសនា ក៏​ត្រៀម​ដាក់​ពាក្យ​ស្នើសុំ​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ឲ្យ​ជន​ត្រូវ​ចោទ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​សប្ដាហ៍​ក្រោយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា សំណុំ​រឿង​នេះ​អាច​សន្និដ្ឋាន​បាន​ពីរ​ករណី គឺ​ទី​១ តុលាការ​មាន​សិទ្ធិ​ចោទ​ប្រកាន់​ទៅ​លើ​លោក ចៅ វាសនា ពី​បទ​ញុះញង់​បង្ក​ហិង្សា​បាន ប្រសិន​បើ​លោក​ពិត​ជា​បាន​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​អូស​រទេះ​កាល​ពី​ឆ្នាំ​២០១៥ មែន។ ចំណែក​ករណី​ចុង​ក្រោយ លោក​ថា​រឿង​នេះ​ប្រសិន​បើ​តុលាការ​ចោទ​ប្រកាន់ ក៏​គួរ​តែ​កោះ​ហៅ​ អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ចូល​ទៅ​បំភ្លឺ​តុលាការ ហើយ​ធ្វើ​ការ​ចោទ​ប្រកាន់​ដូច​គ្នា ព្រោះ​លោក​អភិបាល​ក្រុង​រូប​នេះ ក៏​បាន​ទៅ​ឃ្លាំ​មើល​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដូច​គ្នា។

លោក​មើល​ឃើញ​ថា បញ្ហា​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដោយសារ​លោក ចៅ វាសនា មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​សង្កាត់​ប៉ោយប៉ែត៖ «ខ្ញុំ​គិត​ថានៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គួរ​តែ​ឲ្យ​គាត់​ប្រកួត​ប្រជែង​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​លោក ចៅ វាសនា មាន​ទីលំនៅ​ពិត​ប្រាកដ បើ​ទោះ​ជា​គាត់​មាន​គណបក្ស​ខុស​គ្នា​ក៏ដោយ គួរ​តែ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដោះលែង​ឲ្យ​គាត់​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​ចាំ​ដាក់​ទោស​គាត់​នៅ​ពេល​ក្រោយ​ក៏​បាន ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​គាត់​ពិត​ជា​មាន​ទោស​មែន»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​ខ្ពស់​ហួសហេតុ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ​ខូចខាត​មួយ​ចំនួន​ទៀត។ ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួក​គាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។

រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​នេះ​បាន​ចប់​សព្វគ្រប់​នៅ​ឡើយ។ អ្នក​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​កន្លង​ទៅ​រួម​មាន ក្រុម​កម្មករ​អូស​រទេះ​ចំនួន ១៥​នាក់ លោក ចៅ វាសនា ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី និង​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា។ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត ពុំ​មាន​នៅ​ក្នុង​បណ្ដឹង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles