Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណបក្ស​មួយ​ស្នើ​ព្រះមហាក្សត្រ​អន្តរាគមន៍​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ

$
0
0

គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ ស្នើ​ព្រះមហាក្សត្រ​ព្រះរាជ​អន្តរាគមន៍​ទៅ​ព្រឹទ្ធសភា ដើម្បី​កែ​សម្រួល​ខ្លឹមសារ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​ទៅ។ ការ​ស្នើ​នេះ ក្នុង​ពេល​ដែល​ព្រឹទ្ធសភា​កំពុង​ពិនិត្យ​មើល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ និង​ដាក់​ឲ្យ​កិច្ច​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធសភា​អនុម័ត​ក្នុង​ពេល​ខាង​មុខ។

គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ ថ្លែង​ថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា ជាពិសេស​គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក ហ៊ាង ឫទ្ធី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ដោយ​លោក​បាន​លើក​ឡើង​ខ្លឹមសារ​មាត្រា​៦​ថ្មី ចំណុច​ទី​៣ ដែល​ចែង​ពី​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ និង​ចំណុច​ទី​៥ នៃ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ ដែល​ចែង​ពី​ការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ។ លោក ហ៊ាង ឫទ្ធី យល់​ឃើញ​ថា ការ​ចែង​មិន​ច្បាស់លាស់​នៃ​ចំណុច​ទាំងអស់​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពិបាក​ក្នុង​ការ​អនុវត្ត​តាម ជាពិសេស​គឺ​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​នីមួយៗ​ក្នុង​ការ​សម្ដែង​មតិ​របស់​ខ្លួន​ទៅ​កាន់​សកម្មជន និង​ពលរដ្ឋ។

ក្នុង​លិខិត​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក ហ៊ាង ឫទ្ធី ស្នើ​ព្រះមហាក្សត្រ​ព្រះរាជ​អន្តរាគមន៍​ទៅ​ព្រឹទ្ធសភា កែ​សម្រួល​ខ្លឹមសារ​មាត្រា​៦​ថ្មី ចំណុច​ទី​៣ និង​ចំណុច​ទី​៥ ព្រម​ទាំង​មាត្រា​៣៨​ថ្មី​នៃ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ។

លោក ហ៊ាង ឫទ្ធី ប្រាប់​ពី​មូលហេតុ​ដែល​លោក​ស្នើ​ព្រះរាជ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​ពេល​នេះ ដោយសារ​លោក​គិត​ថា ព្រឹទ្ធសភា​នឹង​មិន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​រដ្ឋសភា​ឡើយ ដោយសារ​លោក​ថា ទាំង​ព្រឹទ្ធសភា និង​រដ្ឋសភា សុទ្ធតែ​គ្រប់គ្រង​ដោយ​សមាជិក​បក្ស​កាន់​អំណាច។ ចំណែក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​វិញ ក៏​មិន​ខុស​គ្នា​នោះ​ដែរ៖ «ហើយ​ឥឡូវ​ហ្នឹង ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ហ្នឹង​ចូល​ជា​ធរមាន គឺ​អំណាច​ប្រមូល​ផ្តុំ គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​ប៉ះពាល់​អី​ទេ។ កាលណា​និយាយ មាន​បញ្ហា​ភ្លាម គេ​កៀស​ចូល​បទ​ញុះញង់​ភ្លាម ហើយ​ស្រេច​តែ​គេ​បកស្រាយ ដូចជា​មាត្រា​៣៨​ថ្មី គេ​ផ្តល់​អំណាច​ទៅ​ក្រសួង​មហាផ្ទៃ ចង់​ផ្អាក ចង់​បញ្ឈប់ ចង់​ព្រមាន​យ៉ាង​ម៉េច គឺ​អំណាច​របស់​គេ។ ចឹង​ចំណុចនេះ​មាន​ន័យ​ថា កូន​ខ្មែរ ប្រទេស​ខ្មែរ ត្រូវ​ចប់​អត់​មាន​តស៊ូ​មតិ​បាន​ទៀត​ទេ ចឹង​បាន​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែធ្វើ​សុំ​បទ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ខ្លាច​ក្រែងលោ​រឿង​នេះ​អាច​បាន​ជោគជ័យ ដើម្បី​ជួយ​កូន​ខ្មែរ​បាន​ទូទាំង​ប្រទេស​កម្ពុជា»

នាយ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា លោក​មិន​ទាន់​បាន​ឃើញ​លិខិត​របស់​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ឡើយ ដោយសារ​លោក​ជាប់​រវល់​ការងារ​នៅ​ខាង​ក្រៅ៖ «ខ្ញុំ​នៅ​ខេត្ត​នៅ​ឡើយ អត់​ដឹង​ផង! ស្អែក​បាន​ចូល​វិញ ចាំ​ស្អែក​ទាក់ទង​គ្នា ខ្ញុំ​នៅ​ក្រៅ តើ​ពីរ​បី​ថ្ងៃ​ហើយ»

លោក ហ៊ាង ឫទ្ធី ក៏​បារម្ភ​ពី​ខ្លឹមសារ​នៃ​មាត្រា​៣៨​ថ្មី ដែល​ចែង​ផ្តល់​អំណាច​ឲ្យ​ក្រសួង​មហាផ្ទៃ ទាំង​ស្រុង​ក្នុង​ការ​ចាប់​កំហុស​គណបក្ស​នយោបាយ​ណា​មួយ។ លោក​អះអាង​ថា ច្បាប់​នេះ​ហាក់​មាន​ចេតនា​កៀស​បញ្ចូល​គណបក្ស​នយោបាយ​ណា​មួយ​ឲ្យ​ចូល​ទៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ស្ដីពី​បទ​ញុះញង់។

លោក​សង្កត់​ធ្ងន់​ថា ការ​ចែង​មិន​ច្បាស់លាស់​បែប​នេះ គឺ​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​អ្នក​មាន​អំណាច និង​តុលាការ ធ្វើ​ការ​បកស្រាយ​តាម​តែ​អំពើ​ចិត្ត​ផ្អែក​តាម​មាត្រា​៤៤​ថ្មី ដើម្បី​ផ្អាក ឬ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ចោល​បាន។

ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ ចង់​ឃើញ​ព្រឹទ្ធសភា​កែប្រែ​ចំណុច​ទាំងអស់​នេះ ដើម្បី​ផ្តល់​សិទ្ធិ​ទូលំទូលាយ​ដល់​អ្នក​នយោបាយ​ក្នុង​ការ​សម្ដែង​មតិ​ជាមួយ​សកម្មជន និង​ពលរដ្ឋ។ លើស​ពី​នេះ លោក​យល់​ថា គណបក្ស​នយោបាយ​ក៏​គួរ​តែ​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការ​សម្ដែង​មតិ​ផង​ដែរ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា មើល​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដោយ​បក្ស​កាន់​អំណាច គឺ​ជា​ចេតនា​បំបាក់ ឬ​រារាំង​មេ​ដឹកនាំ​បក្ស​ប្រឆាំង ជាពិសេស​គឺ​លោក សម រង្ស៊ី ដែល​កំពុង​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ជាច្រើន​នៅ​តុលាការ មិន​ឲ្យ​ចូល​ប្រលូក​ក្នុង​ការ​ដឹកនាំ​បក្ស​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ បើ​ទោះ​ជា​មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​ឲ្យ​ស្រប​នឹង​ស្ថានការណ៍​ប្រទេស​នៅ​ពេល​បច្ចុប្បន្ន​ក្តី ប៉ុន្តែ​ការ​ធ្វើ​នេះ​គឺ​ភ្លាមៗ​ក្រោយ​ការ​ប្រកាស​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

កន្លង​ទៅ មិន​មែន​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទេ​ដែល​ប្រឆាំង​ទៅ​នឹង​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ សូម្បី​តែ​គណបក្ស​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​មួយ​ចំនួន ក៏​ជំទាស់​ទៅ​នឹង​ការ​សម្រេច​នេះ ដោយ​ចាត់​ទុក​ថា វា​ជា​ការ​ដើរ​ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ក្រៅ​ពី​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ តំបន់ និង​សហគមន៍​អន្តរជាតិ ក៏​បាន​សម្ដែង​ការ​បារម្ភ​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ធានា​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សហគមន៍​អន្តរជាតិ​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដោយ​បក្ស​កាន់​អំណាច កំពុង​ធ្វើ​ឲ្យ​គេ​ចោទ​សួរ​ពី​ភាព​ស្រប​ច្បាប់​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា គ្រោង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​ក្នុង​របៀបវារៈ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​ក្នុង​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles