Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា​មិន​ដោះស្រាយ​រឿង​ជនជាតិ​វៀតណាម​ធ្វើ​របង​លើ​ដី​ផ្លូវ

$
0
0

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង រង​ការ​ចោទ​ពី​ពលរដ្ឋ​ថា​មិន​អើពើ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់ និង​រុញ​ច្រាន​ការ​ដោះស្រាយ​ករណី​ជម្លោះ​ដីធ្លី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ពី​ឆ្នាំ​២០១៥ អាជ្ញាធរ​សង្កាត់​ស្ទឹងត្រែង សម្រេច​អភិវឌ្ឍ​ផ្លូវ​ប៉ះ​ចំ​ដី​អ្នក​ភូមិ​មួយ​គ្រួសារ ដោយ​ពង្វាង​រោង​កែច្នៃ​សិប្បកម្ម​ឈើ​ប្រណិត​របស់​ជនជាតិ​វៀតណាម នៅ​ក្រុង​ស្ទឹងត្រែង។ ចំណែក​ថៅកែ​សិប្បកម្ម​ឈើ​ប្រណិត​ជា​ជនជាតិ​វៀតណាម បាន​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​ជាប់​ផ្លូវ​ច្រើន​ឆ្នាំ​មក​ហើយ ពុំ​ឃើញ​មាន​អាជ្ញាធរ​ដោះស្រាយ។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ក្រុង​ស្ទឹងត្រែង រិះគន់​រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង ថា​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ ដែល​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​លើ​ចៅ​សង្កាត់​ស្ទឹងត្រែង កសាង​ផ្លូវ​លេខ​៧៧ ភ្ជាប់​ផ្លូវ​លេខ​១៤ ឋិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង លម្អៀង​ទៅ​ខាង​ឈ្មួញ​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​របស់​ជនជាតិ​វៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅ​ម៉ឺន។

ពលរដ្ឋ​រស់នៅ​សង្កាត់​ស្រះឫស្សី លោក ភូ ថងសុំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ពាក្យ​បណ្ដឹង​របស់​លោក​ជាង ២​ឆ្នាំ​ហើយ ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ប្រកាន់​ជំហរ​ច្បាស់លាស់​ដោះស្រាយ​ឲ្យ​ពួក​គាត់​ឡើយ។ លោក​មាន​ដី​ទំហំ ២៩ x ៤៣​ម៉ែត្រ គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​លោក​បាន​សម្បទាន​ជូន​រដ្ឋ​សម្រាប់​អភិវឌ្ឍ​ផ្លូវ​ទំហំ​ដី​ចំនួន ៥​ម៉ែត្រ បណ្ដោយ ៤៣​ម៉ែត្រ ជាប់​ដី​វិហារ​សាសនា​គ្រឹះ។ ប៉ុន្តែ​ចៅ​សង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ បាន​ឈូស​ឆាយ​ដី​រហូត​ដល់ ១០​ម៉ែត្រ បណ្ដោយ ៤៣​ម៉ែត្រ ដើម្បី​ពង្វាង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ជនជាតិ​វៀតណាម។ ចំណែក​ដី​វិហារ​សាសនា​គ្រឹះ បាន​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​អភិវឌ្ឍ​ចំនួន​ទទឹង ៥​ម៉ែត្រ​ដែរ តែ​អាជ្ញាធរ​បែរ​ជា​មិន​ធ្វើ​ទេ ព្រោះ​ខ្លាច​បុក​ចំ​ដី​ជនជាតិ​វៀតណាម៖ «អត់​មាន​តម្លាភាព ឧទាហរណ៍​ថា​ផ្លូវ​យក ១០​ម៉ែត្រ ត្រូវ​ម្នាក់ ៥​ម៉ែត្រ បើ​ថា ៨​ម៉ែត្រ គឺ​ម្នាក់ ៤​ម៉ែត្រ ហើយ​ការ​អភិវឌ្ឍ​នេះ​អត់​ចូល​ដី​ជនជាតិ​វៀតណាម ទេ គឺ​យក​តែ​ខាង​ខ្ញុំ​ម្នាក់ ហើយ​ស័ង្កសី​នៅ​ជាប់​មិន​ព្រម​រើ​សោះ ហើយ​យក​តែ​ខាង​ខ្ញុំ​ម្នាក់»

លោក ភូ ថងសុំ អះអាង​ថា អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ​រឿង​ជនជាតិ​វៀតណាម ប្រើប្រាស់​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​អាជីវកម្ម​ក្នុង​ក្រុង​ស្ទឹងត្រែង ច្រើន​ឆ្នាំ​មក​ហើយ។ បញ្ហា​នេះ លោក​សង្ស័យ​ថា​ជា​ចេតនា​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ព្រោះ​ខ្លាច​ក្រែង​ប៉ះពាល់​ប្រយោជន៍​ឈ្មួញ​កែច្នៃ​ឈើ​ប្រណិត ហើយ​អាច​មាន​ភាព​មិន​ប្រក្រតី ឬ​ការ​សូកប៉ាន់​ណា​មួយ។

កាល​ពី​ឆ្នាំ​២០១៥ អាជ្ញាធរ​សង្កាត់​ស្ទឹងត្រែង បាន​សម្រេច​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​ជា​កញ្ចប់​ថវិកា​សង្កាត់​ស្ទឹងត្រែង មាន​ទទឹង ៥​ម៉ែត្រ និង​បណ្តោយ​ប្រហែល​ជាង ៥០០​ម៉ែត្រ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​ទទួល។

ចំណែក​អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា លោក​ពុំ​ទាន់​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ទេ។ លោក​ថា ប្រសិន​បើ​ពាក្យ​បណ្ដឹង​ដល់​អាជ្ញាធរ​ខែត្រ ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ក្រុង​ដោះស្រាយ។ លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម យក​ដី​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម អាជ្ញាធរ​នឹង​កែលំអ​ទៅ​មុខ​ទៀត ក៏ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​លម្អិត​ពី​កាលបរិច្ឆេទ​ដោះស្រាយ​នោះ​ទេ៖ «ការ​កែ​សម្រួល​យើង​នៅ​តែ​កែ​សម្រួល យើង​មិន​បណ្តោយ​ឲ្យ​សភាពការណ៍​វា​ទៅ​ចឹង​ទេ គឺ​យើង​ធ្វើ​តាម​ដំណាក់កាល បើ​យើង​ធ្វើ​ម្តង​ឲ្យ​អស់​សាច់រឿង គឺ​មិន​អស់​ទេ ពីណា​ក៏​ធ្វើ​មិន​ចេញ​ដែរ»

កាល​ពី​ឆ្នាំ​២០១៦ មន្ត្រី​ការិយាល័យ​អន្តរ​វិស័យ​នៃ​សាលា​ខែត្រ​ស្ទឹងត្រែង បាន​ចុះ​វាយ​តម្លៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​រក​ឃើញ​ថា អាជ្ញាធរ​សង្កាត់​ស្ទឹងត្រែង អភិវឌ្ឍ​ផ្លូវ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ធ្វើ​ឡើង​ពុំ​មាន​តម្លាភាព។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ដែល​បាន​ចុះ​អង្កេត​រឿង​នេះ​រក​ឃើញ​ថា សមាគម​អាដហុក បាន​ឃើញ​របង​សិប្បកម្ម​ជាប់​ផ្លូវ​ពុំ​មាន​ចំណី​ផ្លូវ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក អាច​បង្ក​ផល​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ជា​យថាហេតុ។ លោក​ថា អាជ្ញាធរ​គួរ​ពន្លឿន​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរ និង​ដើម្បី​លំអ​សោភ័ណភាព​ក្រុង​ផង៖ «ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ក្រុង​ក៏ដោយ ខែត្រ​ក៏ដោយ សង្កាត់​ក៏ដោយ យើង​តែងតែ​ឃើញ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ។ ចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​នឹង​សេវា​សាធារណៈ​ពលរដ្ឋ ហើយ​វា​ជា​ការរាំង​ស្ទះ​មួយ»

មុន​ឆ្នាំ​២០១៥ ផ្លូវ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពាក់​កណ្ដាល ដោយ​ឆ្ពោះ​ចូល​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​របស់​ថៅកែ​ជនជាតិ​វៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅ​ម៉ឺន ដើម្បី​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ចូល​រោង​នោះ។ ជនជាតិ​វៀតណាម រូប​នោះ ត្រូវ​បាន​អ្នក​ភូមិ​ចោទ​ថា បច្ចុប្បន្ន​បម្រើ​ការងារ​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា ពន្យល់​ថា ជន​បរទេស​គ្មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ដាច់ខាត ដរាប​ណា​ពួក​គេ​ពុំ​ទាន់​បំពេញ​បែបបទ​ស្នើសុំ​សញ្ជាតិ​តាម​ច្បាប់ ដែល​មាន​ព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles