ប្រជាកសិករនៅស្រុកតំបែរ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើកឡើងថា តម្លៃជ័រកៅស៊ូឡើងថ្លៃនៅរយៈពេលចុងក្រោយនេះ ធ្វើឲ្យពួកគាត់រីករាយក្នុងការបន្តមុខរបរមួយនេះ។ ពលរដ្ឋខ្លះបារម្ភចំពោះតម្លៃជ័រកៅស៊ូដែលបានហក់ឡើងខ្ពស់បន្តិចពេលនេះ នឹងអាចថយចុះវិញ ដោយសារប្រទេសកម្ពុជា គឺពឹងផ្អែកទាំងស្រុងលើតម្លៃទីផ្សារបរទេស ពិសេសប្រទេសវៀតណាម។ យ៉ាងនេះក្តី ឈ្មួញកណ្ដាលម្នាក់បញ្ជាក់ថា តម្លៃនឹងមិនអាចប្រែប្រួលឡើយ លើកលែងតែរដូវវស្សាចូលមកដល់ប៉ុណ្ណោះទើបអាចធ្វើឲ្យតម្លៃធ្លាក់ចុះបាន។
ប្រជាកសិករដាំកៅស៊ូនៅស្រុកតំបែរ និងស្រុកមេមត់ ចង់ឲ្យរាជរដ្ឋាភិបាលធ្វើយ៉ាងណាជួយរក្សាតម្លៃជ័រកៅស៊ូក្នុងកម្រិតមួយសមរម្យ និងធានាថាមិនធ្លាក់ចុះដូចពេលមុន។
តម្លៃជ័រកៅស៊ូនៅពេលបច្ចុប្បន្ន បានកម្រើកឡើងបន្តិចធ្វើឲ្យកសិករអាចមានប្រាក់ចំណូលសមរម្យសម្រាប់ទូទាត់ការចំណាយផ្សេងៗបាន ពិសេសអាចមានដើមទុនដើម្បីបង្វិលសងទៅគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាដើម។ មិនតែប៉ុណ្ណោះ ធ្វើឲ្យកសិករមួយចំនួនដែលទុកចម្ការកៅស៊ូចោលកន្លងទៅពីព្រោះតម្លៃថោកនោះ គឺបានយកចិត្តទុកដាក់ថែទាំចម្ការរបស់ខ្លួនឡើងវិញ និងមួយចំនួនចាប់ផ្ដើមដាំដំណាំប្រភេទនេះទៀតផង។
កសិករនៅស្រុកមេមត់ មួយរូប លោក អ៊ុក ស៊ីណាត មានប្រសាសន៍ថា តម្លៃជ័របង្កក ឬជ័រចានដែលពួកគាត់លក់ចេញនៅពេលបច្ចុប្បន្ន ក្នុង ១គីឡូក្រាមមានតម្លៃ ៣.២០០រៀល។ តម្លៃនេះ កសិករទទួលយកបាន ប៉ុន្តែលោកបារម្ភខ្លាចចុះថោកជាងនេះ ពីព្រោះបរិបទទីផ្សារនៅកម្ពុជា គឺគ្មានស្ថិរភាពឡើយ ដោយត្រូវពឹងផ្អែកទៅលើទីផ្សារវៀតណាម ទាំងស្រុង។ បន្ថែមពីនេះ លោកកាន់តែបារម្ភក្រោយពេលទទួលដំណឹងពីឈ្មួញកណ្ដាលម្នាក់និយាយថា តម្លៃជ័រនឹងអាចចុះថោកវិញ ប្រសិនបើតម្លៃរូបិយប័ណ្ណវៀតណាម ប្រែប្រួល៖ «បាទ! សម្រាប់រូបខ្ញុំផ្ទាល់ គឺមិនចង់បានថ្លៃណាស់ណាទេ គឺចង់ឲ្យមានលំនឹងសម្រាប់កូនខ្មែរ»។
កសិកររូបនេះអះអាងថា នៅពេលតម្លៃជ័រងើបឡើងបន្តិច គឺជួយឲ្យពួកគាត់មានសង្ឃឹមឡើងវិញ និងមានទឹកចិត្តក្នុងការប្រកបមុខរបរមួយនេះបន្តទៀត។
តម្លៃជ័រកៅស៊ូ គឺចាប់ផ្ដើមកើនឡើងកាលពីចុងឆ្នាំ២០១៦ បន្ទាប់ពីតម្លៃជ័រធ្លាក់ចុះអស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤។ នៅមុនឆ្នាំ២០១៤ កសិករអាចលក់ជ័របង្កក ឬជ័រចានរបស់ខ្លួនក្នុងមួយគីឡូក្រាមមានតម្លៃរហូតដល់ ៤ពាន់រៀល ឬលើសពីនេះ ប៉ុន្តែក្រោយមកចេះតែបន្តធ្លាក់ចុះ រហូតដល់កម្រិតមួយដែលធ្វើឲ្យកសិករមិនអាចរស់បាន។ តម្លៃចុះថោកជាងគេ គឺកសិករលក់បានក្នុងមួយគីឡូក្រាមតម្លៃ ១.៣០០រៀលនៅតំបន់ខ្លះ ហើយតំបន់ខ្លះទៀតលក់បាន ១.៥០០រៀលក្នុងមួយគីឡូក្រាម។
កសិករនៅស្រុកតំបែរ មួយរូបដែលមានផ្ទៃដីដាំកៅស៊ូចំនួន ៣ហិកតារ លោក ម៉ៅ ម៉េន រៀបរាប់ថា ម្ចាស់ចម្ការកៅស៊ូជាច្រើនត្រេកអរក្រោយពេលតម្លៃជ័រកើនឡើង។ លោកបន្ថែមថា នៅពេលជ័រមានតម្លៃថោក កសិករមួយចំនួននាំគ្នាកាប់ដើមកៅស៊ូចោល ហើយយកដីទៅដាំដំណាំផ្សេងៗ ដូចជាដំណាំម្រេច ដំឡូងមី ឬស្វាយចន្ទី ជាដើម។ ពលរដ្ឋរូបនេះឲ្យដឹងថា មានកសិករមួយចំនួនសម្រេចរត់ចោលស្រុក ដើម្បីរកប្រាក់សងបំណុលគេ បន្ទាប់ពីផលិតផលផ្សេងទៀតដូចជាដំឡូងមីមានតម្លៃថោកមួយជាន់ទៀត៖ «ខាងខ្ញុំហ្នឹងមានជាប់លុយខាងធនាគារអី បើទូទាត់ទៅគឺអាចសល់លុយខ្លះ។ បាទបង គឺខុសពីឆ្នាំមុន»។
កសិករមួយរូបទៀត លោក ខាន់ ហ៊ាន និយាយថា ប្រសិនតម្លៃជ័រកៅស៊ូមិនអាចស្ទុះឡើងបន្ថែមទៀតទេ គឺសុំឲ្យតែមានតម្លៃដូចបច្ចុប្បន្នដដែល ជៀសវាងការធ្លាក់ចុះទៅវិញ៖ «សំណូមពរដល់រាជរដ្ឋាភិបាល សុំលោកយកចិត្តទុកដាក់បន្ថែមទៅលើតម្លៃលើកសិផលរបស់ប្រជាពលរដ្ឋ។ មិនថាតែជាដំណាំកសិឧស្សាហកម្មក្តី ដំណាំកសិកម្មក្តី ពីព្រោះដង្ហើមចុងក្រោយរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកលើដំណាំកសិកម្មហ្នឹងហើយ»។
ផ្ទៃដីដាំកៅស៊ូនៅទូទាំងខេត្តត្បូងឃ្មុំ មានចំនួនជាង ៧ម៉ឺនហិកតារ។
ឈ្មួញទទួលទិញជ័រកៅស៊ូនៅស្រុកមេមត់ លោក កូវ រីន មានប្រសាសន៍ថា នៅពេលតម្លៃជ័រឡើងខ្ពស់ ធ្វើឲ្យឈ្មួញកណ្ដាលងាយស្រួលដើរប្រមូលទិញពីកសិករ និងទិញបានច្រើនជាងមុន។ ជាក់ស្តែងកាលពីតម្លៃជ័រថោក គឺលោកអាចទិញបាន ២ ឬ ៣តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន គឺអាចទិញបានប្រមាណ ៦តោនក្នុងមួយថ្ងៃ។ លោកយល់ថា តម្លៃជ័រ គឺមិនអាចឡើងខ្ពស់ជាងនេះបានទេ ហើយក៏មិនអាចចុះថោកបានដែរ ប៉ុន្តែនៅក្នុងរដូវភ្លៀងធ្លាក់ គឺអាចធ្លាក់ចុះបន្តិច ពីព្រោះជ័រមិនសូវល្អ៖ «មិនធ្លាក់មិនឡើង ម៉ាសមរម្យ។ ម៉ាអាចកសិករយើងបានប៉ុណ្ណឹង»។
កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ មានប្រសាសន៍ថា តម្លៃជ័រកៅស៊ូឡើងថ្លៃ គឺពាក់ព័ន្ធនឹងតម្រូវការទីផ្សារអន្តរជាតិច្រើនជាង។ លោកមិនទាន់ហ៊ានទស្សន៍ទាយថា ថ្ងៃក្រោយតម្លៃជ័រកៅស៊ូនៅតែកើនឡើង ឬធ្លាក់ចុះនោះទេ ប៉ុន្តែលោកមើលឃើញថា ផលិតផលជ័រកៅស៊ូនៅតែជាសេចក្តីត្រូវការសម្រាប់អន្តរជាតិ និងជាដំណាំកសិឧស្សាហកម្មល្អជាងគេដដែល។ លើសពីនេះ លោកថា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានខិតខំទំនាក់ទំនងទីផ្សារអន្តរជាតិថែមទៀត។
ប្រធានមន្ទីរកសិកម្មដដែលបន្ថែមថា កន្លងទៅ មន្ត្រីជំនាញធ្លាប់បានណែនាំដល់កសិករឲ្យអត់ធ្មត់ ហើយរក្សាដើមកៅស៊ូឲ្យនៅល្អដដែលជៀសវាងកាប់ចោល។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការព្រួយបារម្ភរបស់ពលរដ្ឋ គឺជារឿងត្រឹមត្រូវ ពីព្រោះរាជរដ្ឋាភិបាលនៅមិនទាន់មានវិធីសាស្ត្រស្វែងរកទីផ្សារជូនកសិករឲ្យបានកក់ក្តៅនៅឡើយ។ បន្ថែមពីនេះ រដ្ឋាភិបាលមិនទាន់អាចស្វែងរកដៃគូទទួលទិញវត្ថុធាតុដើមពីកម្ពុជា ដោយផ្ទាល់ទេ ពោលគឺត្រូវពឹងផ្អែកលើប្រទេសជិតខាង៖ «ឧបមានៅអឺរ៉ុប នៅអាមេរិក ហ្នឹងយើងអាចនឹងទាក់ទងគេទិញផ្ទាល់ ដើម្បីនាំចេញឲ្យបាន ហើយយើងបង្កើនគុណភាពរបស់យើងឲ្យបានច្បាស់លាស់ទៅ អាហ្នឹងអាចល្អប្រសើរដែរ»។
មន្ត្រីសង្គមស៊ីវិលដដែលយល់ថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីបារម្ភរបស់កសិករ រាជរដ្ឋាភិបាលត្រូវធានាថា ផលិតផលដែលពួកគាត់ផលិតបាន គឺត្រូវតែមានទីផ្សារ និងមានតម្លៃសមរម្យ ពិសេសរកទីផ្សារក្រៅតំបន់ឲ្យបានច្រើន។ ជាងនេះទៀត រដ្ឋត្រូវបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនចុះជួយណែនាំកសិករអំពីបច្ចេកទេសផ្សេងៗដល់មូលដ្ឋានតែម្តង។ ប្រជាកសិករត្រូវពង្រឹងគុណភាពក្នុងការផលិតឲ្យបានប្រសើរឡើង ស្របតាមស្តង់ដារអន្តរជាតិ ហើយបង្កើនទំនុកចិត្តដល់ឈ្មួញ ជាដើម៕