អតីតអ្នកទោសមួយចំនួនបានទម្លាយអំពីភាពមិនប្រក្រតីជាច្រើននៅក្នុងពន្ធនាគារព្រៃស ដូចជាការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង វាយទាត់ធាក់ និងមានអំពើពុករលួយ ជាដើម។ ពួកគេស្នើឲ្យរដ្ឋាភិបាល ជួយកែលំអស្ថានភាពក្នុងពន្ធនាគារឲ្យបានប្រសើរជាងមុន។ រីឯប្រធានមណ្ឌលកែប្រែនៃក្រសួងមហាផ្ទៃ អះអាងថា ការចោទប្រកាន់ទាំងនេះភាគច្រើនមិនមែនជាការពិតឡើយ។
អតីតអ្នកទោសមួយចំនួនអះអាងថា ស្ថានភាពរស់នៅពន្ធនាគារព្រៃសប្រៀបដូចរស់នៅក្នុងឋាននរក ព្រោះជាពន្ធនាគារដែលគ្មានស្តង់ដារ។
យុវជន គង់ រ៉ៃយ៉ា ដែលជាប់ទោសព្រោះបង្ហោះសារបដិវត្តន៍ពណ៌លើទំព័រហ្វេសប៊ុក (Facebook) ហើយត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយកាលពីថ្ងៃទី២២ ខែកុម្ភៈ បានរៀបរាប់អំពីបទពិសោធន៍រស់នៅក្នុងពន្ធនាគាររយៈពេល ១៨ខែ ថានៅទីនោះមានភាពរញ៉េរញ៉ៃ ឬអនាធិបតេយ្យខ្លាំង ដោយមិនសូវមានការយកចិត្តទុកដាក់មើលការខុសត្រូវពីខាងអនុរក្ស ឬមន្ត្រីពន្ធនាគារឡើយ។
បញ្ហាអាក្រក់ទាំងនោះ គឺយុវជន គង់ រ៉ៃយ៉ា បញ្ជាក់ថា មានដូចជាអ្នកទោសចាស់ព្រួតវាយលើអ្នកទោសថ្មី ព្រមទាំងសម្លុតយកលុយ និងម្ហូបអាហារ ឬនំចំណីដែលសាច់ញាតិយកទៅផ្ញើទៀតផង៖ «»។
ក្រៅពីនេះ យុវជន គង់ រ៉ៃយ៉ា ក៏រិះគន់អំពីការដាក់អ្នកទោសចម្រុះប្រមាណ ៣០នាក់ឲ្យរស់នៅជាមួយគ្នាក្នុងបន្ទប់ ៤ម៉ែត្រ ៤ជ្រុង ដែលគ្មានកន្លែងដេកគ្រប់គ្រាន់។ ពេលខ្លះ ពួកគាត់ថាត្រូវបង្ខំចិត្តចងអង្រឹងខ្ពស់ៗលើគ្នា ដែលពេលខ្លះនាំឲ្យមានអ្នកធ្លាក់ស្លាប់ ឬពិការ។ បញ្ហាកាន់តែធ្ងន់ធ្ងរទៀតនោះ គឺបណ្តោយឲ្យមានការប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យក្នុងពន្ធនាគារ៖ «»។
ឆ្លើយតបបញ្ហានេះ ប្រធាននាយកដ្ឋានមណ្ឌលអប់រំកែប្រែនៃក្រសួងមហាផ្ទៃ លោក សន កែវ ទទួលស្គាល់ថា ពន្ធនាគារពិតជាមានបញ្ហាចង្អៀតណែន ប៉ុន្តែបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងវិញ លោកមិនមានព័ត៌មានច្បាស់នោះទេ។ រីឯទម្លាប់របស់អ្នកទោសចាស់ដែលប្រើហិង្សាលើអ្នកទោសថ្មីនោះ លោកអះអាងថាមិនមែនជារឿងពិតនោះឡើយ៖ «»។
បញ្ហាគ្រឿងញៀននៅក្នុងពន្ធនាគារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ទទួលស្គាល់ដែរ ដោយចេញបញ្ជាឲ្យខាងពន្ធនាគារពិនិត្យមើលលើរឿងនេះដោយយកចិត្តទុកដាក់។
ចំពោះសំណើសុំឲ្យក្រសួងមហាផ្ទៃ ដកឧបករណ៍ផ្តាច់សេវាទូរស័ព្ទចេញពីពន្ធនាគារ ព្រោះឧបករណ៍នេះធ្វើឲ្យប៉ះពាល់សុខភាពអ្នកទោស ដូចជាឈឺក្បាល និងប៉ះពាល់មេជីវិតបុរសទៀតផងនោះ ត្រូវបានមន្ត្រីពន្ធនាគារអះអាងថា អ្នកបច្ចេកទេសបានចុះត្រួតពិនិត្យជាច្រើនដងហើយដោយមានពីក្រុមហ៊ុន ក្រសួងទូរគមនាគមន៍ ជាដើម៖ «»។
រីឯអតីតអ្នកទោសនៅពន្ធនាគារព្រៃសម្នាក់ទៀត គឺកញ្ញា សុង ស្រីលាភ ដែលជាប់ពន្ធនាគារពីរដងដោយសារតវ៉ារឿងដីធ្លីនៅសហគមន៍បឹងកក់នោះ លើកឡើងថា នៅក្នុងពន្ធនាគារ គឺមានភាពអយុត្តិធម៌ មិនសូវខុសពីនៅខាងក្រៅប៉ុន្មានឡើយ។ កញ្ញាបន្តថា អ្នកទោសខ្លះមិនបានធ្វើខុសទេ តែត្រូវបានគេឃុំខ្លួនពីរទៅបីឆ្នាំ ទម្រាំរកឃើញថាគាត់មិនបានប្រព្រឹត្តខុស។ ក្រៅពីនេះក៏មានមន្ត្រីពន្ធនាគារ ប្រើហិង្សាលើអ្នកទោសក្រោមអាយុ ១៨ឆ្នាំ ឬអ្នកទោសអនីតិជនដែរ ទោះច្បាប់ហាមក្តី៖ «»។
មាត្រា២ នៅក្នុងច្បាប់ស្ដីពីពន្ធនាគារឆ្នាំ២០១២ ចែងថា ច្បាប់នេះមានគោលដៅអប់រំ កែប្រែ និងស្ដារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មជនជាប់ឃុំទៅក្នុងសង្គមវិញ និងទប់ស្កាត់បទល្មើសសាជាថ្មី។
ទោះបីច្បាប់បានចែងដូច្នេះក្តី ប៉ុន្តែយុវជន គង់ រ៉ៃយ៉ា សម្ដែងការសោកស្ដាយថា អ្នកទោសប្រហែលជាពុំបានកែប្រែអ្វីឡើយ ជួនកាលអ្នកទោសខ្លះកែពីលួចទៅប្លន់ កែពីជក់គ្រឿងញៀនទៅជួញដូរគ្រឿងញៀន ជាដើម៖ «»។
ចំពោះបញ្ហានេះ ប្រធាននាយកដ្ឋានមណ្ឌលអប់រំកែប្រែនៃក្រសួងមហាផ្ទៃ ថាការលើកឡើងរបស់អតីតអ្នកទោសទាំងនោះ គឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែប្រហែលជាមិនពិតច្រើនជាង ព្រោះកន្លងមកលោកមិនដែលបានឮករណីទាំងនេះឡើយ។ ទោះយ៉ាងណា លោកសន្យាថានឹងយកព័ត៌មាននោះទៅសិក្សា និងចុះទៅពិនិត្យផ្ទាល់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ដោះស្រាយ៖ «»។
អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ដែលធ្លាប់ធ្វើការនៅគណៈកម្មការសិទ្ធិមនុស្សអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង មានប្រសាសន៍ថា ថ្វីត្បិតតែអ្នកទោសត្រូវបានគេដាក់ឲ្យឋិតនៅការត្រួតត្រារបស់មន្ត្រីពន្ធនាគារ និងបាត់សិទ្ធិដើរហើរក្តី ប៉ុន្តែពួកគាត់នៅតែទទួលបានសិទ្ធិថែរក្សាជាមនុស្ស និងជាពលរដ្ឋ៖ «»។
កញ្ញា សុង ស្រីលាភ ឲ្យដឹងដែរថា ក្នុងពន្ធនាគារនោះក៏មិនមានបែងចែកអ្នកទោសដែរ ពោលគឺដាក់លាយឡំជាមួយគ្នាទាំងអ្នកទោសមានជំងឺឆ្លង ជាដើម៖ «»។
ច្បាប់ស្ដីពីពន្ធនាគារឆ្នាំ២០១១ ត្រង់មាត្រា២៦ ចែងថា ជនជាប់ឃុំជាជនត្រូវចោទ។ ជនជាប់ចោទ ឬពិរុទ្ធជនត្រូវដាក់បំបែកពីជនជាប់ឃុំជាទណ្ឌិត។ ចំណុចមួយទៀត គឺជនជាប់ឃុំដែលមានជំងឺឆ្លង ត្រូវដាក់បំបែកពីជនជាប់ឃុំដទៃទៀត។
កន្លងទៅ គណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានស្នើឲ្យក្រសួងមហាផ្ទៃ ជួយពិនិត្យកែប្រែអំពីបញ្ហាដែលក្រុមអ្នកទោសកំពុងប្រឈមនោះដែរ។ អតីតអ្នកទោសនៅតែសង្ឃឹមថា ប្រសិនបើរដ្ឋាភិបាលជួយកែប្រែស្ថានភាពនៅក្នុងពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា នោះ នឹងអាចកែប្រែជោគវាសនារបស់អ្នកទោសពីអាក្រក់មកល្អបាន៕