Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ភ្នំ​បាត​បន្ត​រក​ជំនួយ​ចំណែក​ឯ​អ្នក​បុរីកីឡា​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

$
0
0

អតីត​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បុរីកីឡា​ដែល​ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) ប្រើ​កម្លាំង​សមត្ថកិច្ច​ទៅ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​យក​ដីធ្លី​មក​អភិវឌ្ឍ និង​បណ្ដេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត ស្ថិត​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​រៀបចំ​យុទ្ធនាការ​អំពាវនាវ​ស្វែងរក​ជំនួយ​ពី​សប្បុរសធម៌​សប្ដាហ៍​ទី​៣ ស្រប​ពេល​អ្នក​ដែល​ក្រាញ​ននៀល​មិន​ព្រម​ចាកចេញ​ពី​បុរីកីឡា ប្រកាស​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៣ នៅ​នឹង​កន្លែង ដើម្បី​ដង្ហោយ​រក​យុត្តិធម៌។ រីឯ​សហគមន៍​ដីធ្លី​បឹងកក់​វិញ នឹង​លើក​គ្នា​ទៅ​គាំទ្រ​តំណាង​របស់​ខ្លួន គឺ​អ្នកស្រី ទេព វន្នី ដែល​ត្រូវ​ឡើង​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ។

អតីត​ពលរដ្ឋ​ម្ចាស់​ដី​នៅ​តំបន់​បុរីកីឡា​ទាំង ១៤០​គ្រួសារ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច ដឹក​ទៅ​ចាក់​ចោល​នៅ​តំបន់​ភ្នំ​បាត ស្ថិត​ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ដើម​ឆ្នាំ​២០១២ កន្លង​ទៅ គឺ​បច្ចុប្បន្ន​កំពុង​ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន សុំ​បាយ​វត្ត​បរិភោគ និង​ខ្លះ​ទៀត​រើស​អេតចាយ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ស្រប​ពេល​កន្លែង​រស់នៅ​សព្វថ្ងៃ​របស់​ពួក​គាត់​ស្ថិត​នៅ​ទីតាំង​ដាច់ស្រយាល គ្មាន​មុខ​របរ​ត្រឹមត្រូវ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន និង​គ្មាន​ផ្សារ ជាដើម។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ ក្រុម​សហគមន៍​ភ្នំ​បាត នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ បាន​បន្ត​ធ្វើ​យុទ្ធនាការ​សប្ដាហ៍​ទី​បី ដើម្បី​ប្រកាស​អំពាវនាវ​រក​ជំនួយ​បន្ថែម​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

តំណាង​សហគមន៍​ភ្នំ​បាត លោកស្រី កែវ វុទ្ធី ថ្លែង​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ក្រោយ​ដឹកនាំ​ឲ្យ​មាន​យុទ្ធនាការ​រៃអង្គាស​ថវិកា​មក​ដល់​សប្ដាហ៍​ទី​៣ នេះ គឺ​មាន​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​បាន​ផ្ញើ​ថវិកា​មក​ជួយ​សង្គ្រោះ​សហគមន៍​របស់​លោកស្រី​ជា​ហូរហែ ដើម្បី​ដោះ​ទាល់​នឹង​ជីវភាព​ដ៏​លំបាក​សព្វថ្ងៃ​នេះ។ តំណាង​រូប​នេះ​រំឭក​ថា អស់​រយៈពេល ៥​ឆ្នាំ​ហើយ​ដែល​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​នៅ​បុរីកីឡា ហើយ​បាន​ជម្លៀស​ចេញ​ដោយ​សន្យា​ថា​នឹង​ផ្ដល់​សំណង​សមរម្យ​នោះ តែ​តាម​ពិត គឺ​ខាង​សហគមន៍​ភ្នំ​បាត ខិតខំ​ប្រឹង​រស់​ទាំង​ត្រដរ ព្រោះ​គ្មាន​ជម្រក​រស់នៅ​ត្រឹមត្រូវ ខ្វះ​ស្បៀង​អាហារ ធ្លាក់​ខ្លួន​សុំ​បាយ​វត្ត សុំ​ទាន​នៅ​រមណីយដ្ឋាន​ភ្នំ​អដ្ឋរស្ស រើស​អេតចាយ ធ្វើ​ជា​កម្មករ​សំណង់ និង​រត់​ម៉ូតូ​ឌុប ជាដើម។

លោកស្រី កែវ វុទ្ធី បញ្ជាក់​ថា ប្រាក់​មួយ​ចំនួន​ដែល​សប្បុរសជន​បាន​ផ្ដល់​ឲ្យ គឺ​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ភ្នំ​បាត បាន​យក​ទៅ​ចែក​គ្នា​ដើម្បី​ទិញ​អង្ករ អំបិល ប៊ីចេង សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ត​ទៅ​មុខ​ទៀត៖ «ព្រឹក​មិញ​ខ្ញុំ​ធ្វើ​កម្មវិធី​ដើម្បី​សុំ​ជំនួយ​សប្បុរសជន​ក្រៅ​ស្រុក​ក្នុង​ស្រុក។ ព្រឹមិញ​មនុស្ស​ចូលរួម​សរុប​ទាំងអស់ ១៩៦​នាក់»

កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​បុរីកីឡា​ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច ទៅ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​ចំនួន ៣៨៤​គ្រួសារ ដើម្បី​យក​ដី​អភិវឌ្ឍ ដោយ​ក្រុមហ៊ុន​នេះ​មាន​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​សាងសង់​អគារ​ចំនួន​១០ ជា​ការ​ដោះដូរ​ជូន​ពលរដ្ឋ។ ទីបំផុត ក្រុមហ៊ុន​នេះ​សាងសង់​តែ ៨​អគារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​គ្មាន​សំណង​សមរម្យ។ ក្រោយ​មក ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​ដាក់​នៅ​ឯ​ទួលសំបួរ ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​ដឹក​ទៅ​ដាក់​នៅ​តំបន់​ភ្នំ​បាត ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង ១៤០​គ្រួសារ ចង់​បាន​សំណង​បន្ថែម​ចំនួន ១​ម៉ឺន​ដុល្លារ ប្រសិន​ចង់​ឲ្យ​ពួក​គាត់​បន្ត​រស់នៅ​ភ្នំ​បាត​បន្ត​ទៀត ហើយ​ប្រសិន​បើ​រំកិល​ឲ្យ​ពួក​គាត់​ទៅ​រស់នៅ​ភូមិ​អណ្ដូង សង្កាត់​ទួលរកា វិញ គឺ​ទាមទារ​លុយ​ចំនួន ៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ផ្ទះ​ថ្ម​តូច​មួយ​ខ្នង។ ក្រៅ​ពី​នោះ ពួក​គេ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ផ្សារ​នៅ​សហគមន៍​ភ្នំ​បាត ដែរ។

រីឯ​តំណាង​ពលរដ្ឋ​បុរីកីឡា​ដែល​មិន​ព្រម​ចាកចេញ និង​បន្ត​ក្រាញ​ននៀល​រស់នៅ​លើ​គំនរ​សំរាម និង​ក្នុង​អគារ​ចាស់​បាក់បែក​វិញ លោកស្រី សរ ស៊ន អះអាង​ថា នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៣ បន្ត​ទៀត តែ​មិន​បាន​ធ្វើ​ដូច​កាល​ពី​សប្ដាហ៍​មុន​ដែល​មាន​ការ​និមន្ត​ព្រះសង្ឃ​មក​ធ្វើ​កម្មវិធី​រាប់បាត្រ​តាម​បែប​សាសនា​ឡើយ។ លោកស្រី​បញ្ជាក់​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ គឺ​រៀបចំ​ឲ្យ​មាន​កម្មវិធី​សែនព្រេន​តាម​បែប​ជំនឿ​អរូបិយ​វិញ​ម្ដង​នៅ​នឹង​កន្លែង​សហគមន៍​បុរីកីឡា ដើម្បី​បន់ស្រន់​ឲ្យ​ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស មន្ត្រី គ..ប អ្នក​វិភាគ​នយោបាយ និង​សកម្មជន​ការពារ​ដីធ្លី ដែល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌ ឲ្យ​ឆាប់​មាន​សេរីភាព​វិញ ជាពិសេស​ឆាប់​រក​ឃើញ​ឃាតក​ពិត​ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន ផាន អ៊ីម៉ិច៖ «សប្ដាហ៍​នេះ​មិន​បាន​រាប់បាត្រ​ទេ គ្រាន់​តែ​ថា​ធ្វើ​មាន​មាន់​ស្ងោរ ផ្លែ​ឈើបន្តិចបន្តួច មាន​ទៀន​ធូប»

ចំណែក​សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី បូវ សោភា បញ្ជាក់​ថា នឹង​មិន​បាន​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៣ ដូច​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​បុរីកីឡា​ឡើយ ប៉ុន្តែ​ខាង​បឹងកក់ នឹង​នាំ​គ្នា​ទៅ​គាំទ្រ​ដល់​តំណាង​របស់​ខ្លួន គឺ​អ្នកស្រី ទេព វន្នី និង​មនុស្ស ៣​នាក់​ទៀត​កំពុង​នៅ​ក្រៅ​ឃុំ ដែល​សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលក្រម​ពី​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ៖ «ស្អែក​នេះ​យើង​ទៅ​គាំទ្រ​គាត់ ករណី​គេ​ចោទ​ប្រកាន់​គាត់​តាំង​ពី​ឆ្នាំ​២០១១ ដែល​មិន​ទាន់​រួច​ជា​ស្ថាពរ​ទេ»

ក្រៅ​ពី​សំណុំ​រឿង​នេះ អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់​ដ៏​ល្បីល្បាញ កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​បង់​ចូល​រដ្ឋ និង​ផ្ដល់​សំណង​ដល់​ដើម​បណ្ដឹង​សរុប​ជាង ១០​លាន​រៀល​ដែរ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។

រីឯ​តុលាការ​កំពូល​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ក៏​បើក​សវនាការ​ជុំវិញ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី គ..ប និង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប​ផ្សេង​ទៀត ស្រប​ពេល​សំណុំ​រឿង​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មន្ត្រី គ..ប នៅ​ពេល​នេះ តុលាការ​កំពុង​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ព្រោះ​ជា​ការ​ឃុំ​ខ្លួន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​ជា​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles