លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែមីនា បានប្រកាសរំសាយមុខងារមួយចំនួនដែលលោក សុខ អាន អតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីធ្លាប់គ្រប់គ្រង។ ក្នុងពេលជាមួយគ្នា លោក ហ៊ុន សែន ក៏បានប្រកាសដាក់ស្ថាប័នមួយចំនួនដែលឋិតក្រោមការគ្រប់គ្រងរបស់លោក សុខ អាន អោយឋិតនៅក្រោមចំណុះក្រសួងជំនាញវិញ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមស្វាគមន៍ចំពោះចំណាត់ការថ្មីនេះ ប៉ុន្តែបារម្ភខ្លាចការងារមួយចំនួនអាចមិនសូវមានប្រសិទ្ធភាពបើមន្ត្រីជំនាញមិនបំពេញការងារអោយបានស្រុះគ្នា ឬមើលបំណាំគ្នា។
ក្រុមអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមជំរុញអោយក្រសួងជំនាញដែលទទួលបានការងារ ដែលធ្លាប់គ្រប់គ្រងដោយ លោក សុខ អាន ពីមុនមក ត្រូវចេះបត់បែន និងបំពេញការងារដោយរក្សាប្រយោជន៍ជាតិជាធំ និងមិនត្រូវមើលបំណាំគ្នាទើបអាចធ្វើអោយការងារមានប្រសិទ្ធភាព។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការបែងចែងការងារទៅអោយក្រសួងជំនាញគ្រប់គ្រងគឺជាជម្រើសល្អមួយ ដើម្បីចៀសវាងមន្ត្រីក្ដោបក្ដាប់អំណាចផ្ដាច់មុខ និងការដឹកនាំដែលមានក្បាលធំ។ ប៉ុន្តែលោក មាស នី បារម្ភដែរថា តាមទម្លាប់នៃការបំពេញការងារកន្លងទៅ បណ្ដាក្រសួងទាំងឡាយតែងជួបប្រទះការមើលបំណាំគ្នា ការងារគ្មានការបត់បែន ដែលធ្វើអោយការងារគ្មានប្រសិទ្ធភាព៖ «ចឹងការប្រគល់តួនាទីទៅឲ្យក្រសួងជំនាញវិញ គឺជាការបន្ថយក្បាលហ្នឹងកុំឲ្យធំពេក។ ប៉ុន្តែបែបហ្នឹងក៏មិនទាន់ថាវាទៅដោះស្រាយបញ្ហាទាំងស្រុងបានទេ ព្រោះខ្ញុំតែងសង្កេតឃើញថា ក្នុងស្ថាប័នរដ្ឋហ្នឹងជាប្រពៃណី គឺច្រើនតែការធ្វើការជាអន្តរក្រសួង ជាក្រុមហ្នឹងពិបាកម្យ៉ាង ពេលដែលទៅធ្វើការរៀងខ្លួនហ្នឹងក៏ពិបាកដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាលពីព្រឹកថ្ងៃទី២២ ខែមីនា បានប្រកាសនៅចំពោះមុខគរុនិស្សិតដែលទទួលសញ្ញាប័ត្រជាច្រើនរយនាក់នៅវិទ្យាស្ថានជាតិអប់រំថា លោក ប៊ិន ឈិន ដែលកំពុងកាន់តួនាទីជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនឹងកាន់ការងារផ្នែកសាលាក្ដីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ស្របគ្នានេះសាលារាជបណ្ឌិត្យសភាកម្ពុជា អាកាសចរស៊ីវិល ត្រូវស្ថិតក្រោមទីស្ដីការគណៈរដ្ឋមន្ត្រីដែរ។ គណៈកម្មការគ្រប់គ្រងផ្លូវដែក ត្រូវប្រគល់ជូនរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាអ្នកគ្រប់គ្រង។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នឹងធ្វើជាប្រធានកាយឫទ្ធិជាតិកម្ពុជា។ ស្ថាប័នគណៈវិស្វកម្ម ត្រូវប្រគល់ជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រីឯសាលាភូមិន្ទរដ្ឋបាលត្រូវ ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ ខណៈសាលាវិជ្ជាជីវៈតុលាការ គឺត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌ជាអ្នកទទួលបន្ទុក។ ចំណែកអាជ្ញាធរជាតិធំៗចំនួន២ គឺអាជ្ញាធរព្រះវិហារ និងអាជ្ញាធរអប្សរា នឹងត្រូវដាក់អោយឋិតក្រោមចំណុះក្រសួងជំនាញមួយ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអ្នកស្រី ភឿង សកុណា ជារដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្ដីបន្ទោសធ្ងន់ៗ ដល់អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលអធិប្បាយជុំវិញតួនាទីមួយចំនួនរបស់លោក សុខ អាន៖ ៖ «ព្រឹកមិញ ខេមបូឌា ដេលី បានចុះផ្សាយថា មិនមានអ្វីថ្មីឡើយ ខណៈការងារទាំងអស់របស់លោក សុខ អាន ត្រូវបានប្រគល់ឲ្យលោក ប៊ិន ឈិន ហើយបានដកស្រង់សម្ដីរបស់ឯកឧត្តម ផៃ ស៊ីផាន។ ខ្ញុំមិនដឹងថាលោក ផៃ ស៊ីផាន បានពីណាមក? ...ពេលខ្លះមិនមែនអ្នកសារព័ត៌មានខុសទេ ប៉ុន្តែយើង (អ្នកនាំពាក្យ) អ្នកផ្ដល់ព័ត៌មានឲ្យគេខុស។ រួចអ្នកមានចេតនាអាក្រក់ក៏ពង្រីកថែមទៅ។ អត់មានដូរអ្វីទាំងអស់ វាទៅជាឆ្កួតអស់ចឹងទៅ! ឥឡូវដើម្បីកែ ចាក់មួយម្ជុលបាត់ឆ្កួត...»។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក មាស នី លើកឡើងទៀតថា ក្រសួងសាមីដែលទទួលបានតួនាទីហើយគួរបំពេញការងារដោយការទទួលខុសត្រូវ និងឯករាជ្យពោលគឺមិនចាំបាច់ទាល់តែនាយករដ្ឋមន្ត្រីលូកដៃទើបបំពេញការងារដូចពេលកន្លងទៅនោះឡើយ៖ «ហ្នឹងគឺវាធ្វើឲ្យស្ថាប័នរដ្ឋហ្នឹងក៏វានៅតែបន្តមិនមានប្រសិទ្ធភាពដដែលទេ ទោះបីជាទាញមកឲ្យជិត ឬក៏រុញទៅឲ្យឆ្ងាយប៉ុណ្ណា ក៏វាឋិតនៅក្នុងប្រពៃណីចាស់»។
ទាក់ទងនឹងការងាររបស់លោក សុខ អាន នេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា មន្ត្រីចំនួន២ នឹងចូលទៅបំពេញការងាររបស់លោក សុខ អាន ក្នុងក្របខ័ណ្ឌគណបក្សរួមមានអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន នឹងកាន់តំណែងជាប្រធានក្រុមការងារខេត្តរបស់គណបក្សប្រជាជននៅក្នុងខេត្តតាកែវ ចំណែកអតីតនាយខុទ្ទកាល័យរបស់លោក សុខ អាន គឺលោក ជា វ៉ាន់ដេត នឹងបំពេញអាសនៈតំណាងរាស្ត្ររបស់លោក សុខ អាន នៅខេត្តតាកែវ ដែរ។
លោក សុខ អាន ដែលរដ្ឋាភិបាលប្រកាសថា បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា បានកាន់តួនាទីជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីអស់រយៈពេលជាង ២០ឆ្នាំ។ លោកគឺជាមន្ត្រីដៃស្ដាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពលម្នាក់ដែលបានកាន់ក្ដាប់តួនាទីសំខាន់ៗនៅក្នុងស្ថាប័នរដ្ឋជាច្រើន៕