ក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធ ទី២២ មីនា ចាត់ទុករបាយការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ថាជាការចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា ដោយគ្មានមូលដ្ឋាន និងមានភាពខ្មៅងងឹត។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញរបាយការណ៍កម្រាស់ ៥២ទំព័រដាក់ចំណងជើងថា «ការវាយប្រហារមកលើអ្នកតំណាងរាស្ត្រ និងការគំរាមកំហែងដល់ស្ថាប័នជាតិនៅកម្ពុជា ជាសំឡេងក្លងខែកនៃលទ្ធិប្រជាធិបតេយ្យ»។
របាយការណ៍នេះបានរកឃើញថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតឲ្យមាន “បរិយាកាសភ័យខ្លាច” ដោយសារតែរដ្ឋាភិបាលកាន់តែបង្កើនសន្ទុះនៃការបង្ក្រាបសកម្មជន និងគណបក្សប្រឆាំង ស្របពេលដែលការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតចូលមកដល់។
របាយការណ៍ដដែលនេះលើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានគេ “ធ្វើឲ្យរង្គោះរង្គើជាលក្ខណៈប្រព័ន្ធ” ឧទាហរណ៍ដូចជាការអនុម័តច្បាប់ស្ដីពីគណបក្សនយោបាយ ដែលស្ដែងចេញឲ្យឃើញ “ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយ”។
ក្រសួងការបរទេស លើកឡើងថា សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សនេះជាក្រុមតូច គ្មានទទួលស្គាល់ដោយអង្គភាពរបស់អាស៊ាន និងមិនឆ្លុះបញ្ចាំងពីការយល់ឃើញរបស់អាស៊ានឡើយ ហើយថារដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ ក្រសួងការបរទេស បញ្ជាក់ថា ច្បាប់ស្ដីពីគណបក្សនយោបាយ មិនមានការគំរាមកំហែងណាមួយឡើយ និងក្រើនរំឭកលោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ដែលជាប្រធាននៃក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស កុំឲ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន៕