ជនជាតិដើមភាគតិចកួយ មួយគ្រួសាររស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង បារម្ភពីសកម្មភាពកាប់ទន្ទ្រានដីព្រៃមកធ្វើជាដីកម្មសិទ្ធិឯកជន បង្កការប៉ះពាល់ដល់ដើមឈើផលិតជ័រទឹកដែលជាឆ្នាំងបាយរបស់ពួកគាត់។ ការបារម្ភនេះ ក្រោយពីដើមឈើផលិតជ័រទឹករបស់ពួកគាត់ជាង ២០០ដើម ត្រូវបានអ្នកមានអំណាចកាប់រានយកដីធ្វើអាជីវកម្មដោយគ្មានការទប់ស្កាត់។
ជនជាតិដើមភាគតិចកួយ នៅថ្ងៃទី២២ មីនា កំពុងស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការសង្គមស៊ីវិល ក្រោយពីអតីតម្ចាស់កំពង់ចម្លងថាឡាបរិវ៉ាត់ លោក មា មិត្ត មានមហិច្ឆតារំលោភដីព្រៃសាធារណៈរបស់រដ្ឋប្រមាណ ៣០ហិកតារ។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ លោក សាន រ៉ា វ័យ ៣៣ឆ្នាំ ឲ្យដឹងនៅថ្ងៃទី២២ មីនា ថា លោកមានដើមឈើផលិតជ័រទឹកជាង ៤០០ដើម ឋិតនៅចំណុចអូរព្រាល នៃឃុំសំអាង ជាប់ព្រំប្រទល់ឃុំស្រែឫស្សី ត្រូវអ្នកមានឥទ្ធិពលឈ្មោះ មា មិត្ត កាប់បំផ្លាញអស់ជាង ២០០ដើមកាលពីឆ្នាំ២០១៦ ហើយបច្ចុប្បន្ននៅសេសសល់ជាង ២០០ដើម កំពុងប្រឈមការកាប់បំផ្លាញ។
សកម្មភាពកាប់បំផ្លាញនោះ ដោយសារដើមឈើផលិតជ័រទឹករបស់លោកឋិតនៅតំបន់ដីព្រៃ ដែលគេកំពុងកាប់ទន្ទ្រានយកដីធ្វើអាជីវកម្ម។ លោកបន្ថែមថា លោក មា មិត្ត ធ្លាប់បានសន្យាថា នឹងសងប្រាក់ចំនួន ៤០០ដុល្លារ ដើម្បីផ្សះផ្សាផ្លូវចិត្តដល់គ្រួសាររបស់លោក ក៏ប៉ុន្តែនៅពេលសងប្រាក់ បានត្រឹមតែ ២០០ដុល្លារ៖ «ដល់ពេលចុងក្រោយគេកាប់រំលំដើមច្បោះខ្ញុំហើយ ខ្ញុំគ្មានសិទ្ធិទេ គេចង់បានដីខ្ញុំ។ ដល់ពេលចុងក្រោយមក គេយកបានដីខ្ញុំ គេកាប់ឲ្យអស់ គេលួចកាប់របស់ខ្ញុំអ្នកឆោត អ្នកល្ងង់អ្នកក្រ។ គេកាប់ផ្ដួលអស់ហើយ យកដីធ្វើកម្មសិទ្ធិរបស់គេ»។
លោក សាន រ៉ា កត់សម្គាល់ថា កាលពីថ្ងៃទី១៩ មីនា លោក មា មិត្ត បានគំរាមកំហែងគ្រួសាររបស់លោកដាក់គុក ប្រសិនជារឹងទទឹងមិនអនុញ្ញាតឲ្យពួកគេកាប់ព្រៃយកដីធ្វើកសិកម្ម។ លោកបន្ថែមថា មុនឆ្នាំ២០១៥ គ្រួសារលោកស្រីអាស្រ័យទាំងស្រុងលើដើមឈើផលិតជ័រទឹកជាង ៤០០ដើម និងបានដងជ័រទឹកក្នុងមួយថ្ងៃចាប់ពី ២៥កានដល់ ៣០កាន ហើយលក់ក្នុងមួយកានចាប់ពី ៧ម៉ឺនរៀលទៅ ៨ម៉ឺនរៀល ក៏ប៉ុន្តែបច្ចុប្បន្ន ត្រូវគេកាប់បំផ្លាញអស់ជាងពាក់កណ្ដាល និងកំពុងបាត់បង់បន្តបន្ទាប់។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងអតីតម្ចាស់កំពង់ចម្លងថាឡាបរិវ៉ាត់ លោក មា មិត្ត ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេនៅថ្ងៃទី២២ មីនា។
មេឃុំសំអាង លោក ញឿន ផុន ឲ្យដឹងនៅថ្ងៃទី២២ មីនា ថា អាជ្ញាធរឃុំមិនទាន់ទទួលពាក្យបណ្ដឹងករណីនេះនៅឡើយទេ។ ទោះជាយ៉ាងណា លោកលើកទឹកចិត្តឲ្យពលរដ្ឋដាក់ពាក្យបណ្ដឹងមកអាជ្ញាធរឃុំ ដើម្បីឲ្យក្រុមការងារចុះស៊ើបអង្កេតរឿងនេះ និងរាយការណ៍ទៅថ្នាក់លើ។ លោកចាត់ទុកសកម្មភាពកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិបុគ្គលជាអំពើល្មើសច្បាប់។
អ្នកភូមិម្នាក់ទៀតថ្លែងសុំមិនបញ្ចេញឈ្មោះ បង្ហើបថា អតីតម្ចាស់កំពង់ចម្លងថាឡាបរិវ៉ាត់ លោក មា មិត្ត គឺជាឈ្មួញមានឥទ្ធិពលនៅស្រុកថាឡាបរិវ៉ាត់ និងមានដីធ្លីរាប់ពាន់ហិកតារ ក្នុងនោះមានដីចម្ការកៅស៊ូរាប់រយហិកតារ។ អ្នកភូមិកត់សម្គាល់ថា ដីរាប់ពាន់ហិកតារនោះ ភាគច្រើនគឺបម្លែងពីព្រៃសាធារណៈរបស់រដ្ឋ មកធ្វើជាសម្បត្តិឯកជននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះ ឈ្មួញរូបនេះក៏ជាប់ពាក់ព័ន្ធសកម្មភាពកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ធ្វើអាជីវកម្មអស់រាប់រយហិកតារនៅឃុំអន្លង់ជ្រៃ ដែរ ក្រោមរូបភាពជួលអ្នកភូមិជាខែល។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ចាត់ទុកសកម្មភាពកាប់ទន្ទ្រានដីព្រៃជាទង្វើល្មើសច្បាប់ ដែលទាមទារឲ្យសមត្ថកិច្ចស៊ើបអង្កេតជាបន្ទាន់ ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋ។ លោកចាត់ទុកការប្រើអំណាចគំរាមកំហែងលើពលរដ្ឋធម្មតា ជាករណីរំលោភសិទ្ធិមនុស្សផង និងរំលោភច្បាប់ផង។ លោកថា សមាគមអាដហុកក៏ធ្លាប់ទទួលព័ត៌មានថា លោក មា មិត្ត គឺជាឈ្មួញមានឥទ្ធិពលនៅស្រុកថាឡាបរិវ៉ាត់ ជាប់ពាក់ព័ន្ធការកាប់ព្រៃរានយកដីខុសច្បាប់រាប់រយហិកតារច្រើនឆ្នាំកន្លងទៅ ក៏ប៉ុន្តែលោកកម្រឃើញអាជ្ញាធររដ្ឋាភិបាលណាចេញមុខស៊ើបអង្កេត និងជំរុញឲ្យមានការទទួលខុសត្រូវនោះទេ៖ «យើងឃើញថា រាល់ថ្ងៃពាក់ព័ន្ធទៅនឹងដីព្រៃ ដូចជាអនាធិបតេយ្យមែនទែន ឃើញថា ចាប់បានតែអ្នកតូចតាច ប៉ុន្តែអ្នកមានលុយមានអំណាច ដីរាប់រយហិកតារ ធ្វើម៉េចកើត? អ៊ីចឹងដូចខ្ញុំធ្លាប់និយាយថា ច្បាប់ដូចជាមានភាពធូររលុង គេច្រើននិយាយមានស្តង់ដារពីរ»។
លោក ហូ សំអុល បន្ថែមថា សមាគមអាដហុក នឹងចុះស៊ើបអង្កេតរឿងនេះ និងអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យពន្លឿនដោះស្រាយរឿងនេះដោយយុត្តិធម៌។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋក្រីក្រធម្មតា ភាគច្រើនពុំហ៊ានរើបម្រះ តវ៉ា ឬប្តឹងផ្តល់ បើទោះបីជាមានការគាបសង្កត់ពីអ្នកមានឥទ្ធិពលក្តី ដោយសារពួកគេមានជីវភាពខ្វះខាត និងខ្វះចំណេះដឹង។
ប្រពៃណីជនជាតិដើមភាគតិចកួយ គឺរស់អាស្រ័យអនុផលព្រៃឈើ ដូចជាការរកវល្លិ ផ្ដៅ បន្លែ ផ្លែឈើព្រៃ ដងជ័រ និងរកឃ្មុំ ជាដើម៕