Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ព្រៃឈើ​អណ្ដូង​បរ​សង្ស័យ​ក្រុមហ៊ុន​មួយ​មក​លួច​កិន​ថ្ម​ភ្នំ​ចង្ក្រាន​យក្ស​ទៅ​ធ្វើ​អាជីវកម្ម

$
0
0

ប្រភព​ពី​អ្នក​ភូមិ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ឯកជន​មួយ​កំពុងតែ​រៀបចំ​ការដ្ឋាន​បម្រុង​កិន​យក​ថ្ម​ភ្នំ​ចង្ក្រាន​យក្ស​ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​បេង ស្រុក​បន្ទាយអំពិល នៃ​ខេត្ត​ឧត្តរមានជ័យ ទៅ​លក់​ដូរ​ជា​អាជីវកម្ម។

ក្រុមហ៊ុន​ឯកជន​ដែល​មិន​ទាន់​ឃើញ​ស្លាក​យីហោ​ថា ឈ្មោះ​អ្វី​នៅ​ឡើយ​បាន​ដឹក​ជញ្ជូន​សម្ភារៈ និង​ម៉ាស៊ីន កិន​ថ្ម​ខ្លះៗ យក​ទៅ​ដាក់​ទុក​ក្នុង​ទី​លាក់កំបាំង​ហាក់​មិន​ចង់​ឱ្យ​មនុស្ស​ជា​ច្រើន​ដឹង​ឮ​ពី​ការងារ​របស់​ពួកគេ​ទេ។

សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូង​បរ​នៃ​ឃុំ​បេង ស្រុក​បន្ទាយអំពិល បង្ហាញ​ការ​សង្ស័យ​ទៅ​លើ​ក្រុមហ៊ុន​ឯកជន ដែល​កំពុងតែ​រៀបចំ​សម្ភារៈ​នៅ​ជិត​តំបន់​ពួកគេ​រស់​នៅ​ថា អាច​មាន​ការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ ដើម្បី​កិន​បំបែក​ថ្មភ្នំ​ចង្ក្រាន​យក្ស​យក​ទៅ​លក់ដូរ​ស្ងាត់ៗ។

ការសង្ស័យ​នេះ បន្ទាប់​ពី​គេ​បាន​ជួប​ប្រទះ​សម្ភារៈ​របស់​ក្រុមហ៊ុន​នោះ​ដោយ​ចៃដន្យ គឺ​មាន​ម៉ាស៊ីន​កិន​ថ្ម ដែល​គេ​យក​ទៅ​ទុក​នៅ​កន្លែង​ស្ងាត់​ខាង​ក្រោយ​ភ្នំ ដោយ​មិន​សូវ​មាន​មនុស្សម្នា​មើល​ឃើញ​សម្ភារៈ​ទាំង​នោះ​ទេ។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូង​បរ គឺ​លោក កើត ម៉ាប់។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែ​មីនា ថា កាល​ពី ៤​ថ្ងៃ​មុន លោក​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ចង្ក្រាន​យក្ស​ជាមួយ​នឹង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)។ នៅ​ក្នុង​ពេល​ធ្វើ​ដំណើរ​នោះ លោក​បាន​ប្រទះ​ឃើញ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​មិន​មាន​ស្លាក​យីហោ កំពុង​ដំឡើង​ការដ្ឋាន​បម្រុង​កិនបំបែក​យក​ថ្មភ្នំ​ចង្ក្រាន​យក្ស​ដើម្បី​ធ្វើ​អាជីវកម្ម។ ក្រុមហ៊ុន​នោះ​បាន​ដឹក​ជញ្ជូន​ម៉ាស៊ីន​កិន​ថ្ម យក​ទៅ​ទុក​នៅ​ខាងត្បូង​ភ្នំ​ដែល​ជា​កន្លែង​មិន​សូវ​មាន​មនុស្ស​ចេញចូល ហាក់​ដូចជា​លាក់បាំង។

លោក កើត ម៉ាប់ បញ្ជាក់​ទៀត​ថា លោក​បាន​សួរ​ទៅ​កម្មករ​ខ្លះ​ដែល​កំពុង​រៀបចំ​ធ្វើ​ការដ្ឋាន​កិន​ថ្ម ហើយ​កម្មករ​បាន​ប្រាប់​ថា ក្រុមហ៊ុន​នោះ​គឺ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​មក​ពី​ខេត្ត​ឧត្តរមានជ័យ៖ «គេ​ធ្វើ​រោង​កំពុង​តែ​កាយ​ដី​ចាក់គ្រឹះ​ជា​បណ្ដើរៗ​ហើយ។ សង្ស័យ​ថា ក្រុមហ៊ុន​លួច​កិន​យក​ថ្មភ្នំ​ស្ងាត់ៗ ហើយ​ខ្ញុំ​ប្រាប់​ទៅ​អាជ្ញាធរ​ដែរ តែ​អត់​ឃើញ​អ្នក​ណា​ចុះ​មក​ពិនិត្យ​ទេ»

អាជ្ញាធរ​ស្រុក​បន្ទាយអំពិល បាន​ច្រានចោល​ការ​សង្ស័យ​របស់​សហគមន៍​នេះ ដោយ​ថា ក្រុមហ៊ុន​ឯកជន​ដែល​ទៅ​រៀបចំ​ការដ្ឋាន​កិន​ថ្មភ្នំ​ចង្ក្រាន​យក្ស​នោះ គឺ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មិន​មែន​លួច​លាក់​ដោយ​ស្ងាត់ៗ​ទេ។

អភិបាល​ស្រុក​បន្ទាយអំពិល លោក ហាំង ម៉េង ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​សហគមន៍​ព្រៃឈើ​អណ្ដូង​បរ ឃើញ​នោះ គឺ​ឈ្មោះ ហេង ឆាត ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​ត្រឹមត្រូវ៖ «គេ​យក​អាជ្ញាប័ណ្ណ​មក​បង្ហាញ​ខេត្ត​ឧត្តរមានជ័យ ស្រុក​បន្ទាយអំពិល អី​អស់​ហើយ គឺ​ក្រុមហ៊ុន​នេះ​មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ»

បើ​ទោះ​បី​ជា​អាជ្ញាធរ​ស្រុក​បន្ទាយអំពិល អះអាង​ថា ក្រុមហ៊ុន​ឯកជន​មួយ​នេះ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ក៏ដោយ ក៏​គេ​មិន​ដឹង​ថា តើ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ឬ​ក៏​ពី​ថ្នាក់​ណា​ក្នុង​ការ​ផ្ដល់​សិទ្ធិ ឬ​ក៏​ប្រគល់​ភ្នំ​ចង្ក្រាន​យក្ស ទាំង​មូល​ទៅ​ឱ្យ​ក្រុមហ៊ុន​ជីក​កកាយ​នៅ​ឡើយ​ទេ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់​ថា បើ​គ្រាន់តែ​អាជ្ញាធរ​អះអាង​ថា ក្រុមហ៊ុន​នោះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ដើម្បី​តម្លាភាព​ទាំង​ក្រុមហ៊ុន​និង​អាជ្ញាធរ​ត្រូវ​តែ​បិទ​ប្រកាស​អាជ្ញាប័ណ្ណ​នោះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ឬ​ក៏​សហគមន៍​ព្រៃឈើ​ដែល​រស់​នៅ​ជុំវិញ​បាន​ដឹង​ឮ​ជា​មុន។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដដែល ព្រួយ​បារម្ភ​ថា ប្រសិនបើ​ក្រុមហ៊ុន​ឯកជន​នោះ​អាច​បំបែក​យក​ថ្មភ្នំ​ទៅ​លក់​ដូរ​ដោយ​ស្ងាត់ៗ​មែន វា​គឺ​ជា​ការបំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​យ៉ាង​ធ្ងន់ធ្ងរ។

នៅ​ខេត្ត​ឧត្តរមានជ័យ ក្រុមហ៊ុន​ចិន បាន​បំបែក​យក​ថ្មភ្នំ​កំបោរ ហើយ​ដឹក​ជញ្ជូន​ទៅ​ធ្វើ​ផ្លូវជាតិ​លេខ​៥៨ រយៈពេល ២-​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ឯកជន​ចូល​ទៅ​បំបែក​យក​ថ្មភ្នំ​ចង្ក្រាន​យក្ស ដែល​នៅ​ក្បែរ​គ្នា​នោះ​ទៀត គឺ​មិន​យូរ​មិន​ឆាប់ ភ្នំ​នៅ​តំបន់​នោះ​នឹង​រលាយ​អស់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles