Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ព្រៃ​ឈើ​សហគមន៍​ការពារ​មួយ​កន្លែង​នៅ​ខេត្ត​រតនគិរី​រង​ការ​កាប់​យក​ឈើ

$
0
0

ឈើ​មូល​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​ក្រសួង​កសិកម្ម បង្កើត​ជា​ព្រៃ​អភិរក្ស​របស់​សហគមន៍ កំពុង​រង​ការ​កាប់​បំផ្លាញ​កាន់​តែ​ច្រើន​ឡើង។ មន្ត្រី​មូលដ្ឋាន​ទទួល​ស្គាល់​ថា សហគមន៍​អស់​លទ្ធភាព​ទប់ស្កាត់ ហើយ​យល់ព្រម​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ដើម្បី​យក​ប្រាក់​ចំណូល​សហគមន៍។

ឈើ​មូល​រាប់​សិប​ដើម ត្រូវ​បាន​សមាជិក​សហគមន៍​ភូមិ​ឡែ ថត​បង្ហោះ និង​បញ្ចេញ​ទស្សនៈ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​មាន​ខ្លឹមសារ​ថា ឯណា​ទៅ​ច្បាប់​ព្រៃ​ឈើ? អស់​ឈើ​ហើយ​តំបន់​ព្រៃ​ការពារ​ភូមិ​ឡែ។ តើ​ហេតុ​អ្វី​សមត្ថកិច្ច​មិន​ចុះ​បង្ក្រាប​ជន​ខិលខូច​អារ​ឈើ​ខុស​ច្បាប់? អ្នក​មាន​អំណាច​គេ​មិន​សូវ​ខ្វល់​ពី​ធនធាន​ព្រៃ​ឈើ​នោះ​ទេ គិត​តែ​ពី​ដណ្ដើម​អំណាច។

ការ​បញ្ចេញ​ទស្សនៈ និង​បង្ហោះ​រូបថត​លើ​បណ្ដាញ​ព័ត៌មាន​សង្គម មាន​ឈ្មោះ រម៉ាម គុជ ដែល​គេ​ស្គាល់​ថា​ជា​កូន​ស្រី​របស់​ប្រធាន​សហគមន៍​ព្រៃ​ការពារ​ភូមិ​ឡែ នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា។

ប្រធាន​សហគមន៍​ភូមិ​ឡែ លោក សល់ ណក់ បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា នេះ​ថា លោក​មិន​បាន​ដឹង​ពី​ការ​បង្ហោះ​រូបភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ រួម​ទាំង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ទាក់ទិន​ករណី​នេះ​នៅ​ឡើយ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា សមាជិក​សហគមន៍​នៅ​តំបន់​នោះ​បាន​ស្នើសុំ​ឈើ​ចាស់​ដែល​បន្សល់​ចោល​ក្នុង​ព្រៃ យក​ទៅ​ប្រើប្រាស់​ក្នុង​គ្រួសារ។ លើស​ពី​នោះ​ទៀត លោក​ទទួល​ស្គាល់​ដែរ​ថា ក្រុម​ល្បាត​សហគមន៍​ក៏​បាន​ប្រទះ​ឃើញ​ព្រៃ​ក្នុង​តំបន់​ការពារ​ពីរ​កន្លែង​ថ្មី​ទៀត ត្រូវ​បាន​គេ​កាប់​រាន​ដើម្បី​យក​ដី៖ «អ្នក​ភូមិ​គេ​សុំ​ខ្លះ​ធ្វើ​ជើង​គ្រែ ខ្លះ​មេ​គ្រែ គេ​សុំ​តែ​ចុងៗ គេ​មក​សុំ​គណៈកម្មការ​យើង។ អត់​ដឹង​ដែរ ព្រោះ​ខែ​នេះ​យើង​អត់​ចុះ​ល្បាត គេ​ថា​ស្អែក​គេ​ចុះ​ល្បាត»

ក្រសួង​កសិកម្ម បាន​ចុះ​បញ្ជី​ប្រគល់​តំបន់​គម្រប​ព្រៃ​ឈើ ២.៧០០​ហិកតារ ប្រគល់​ទៅ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ឡែ អភិរក្ស​ជា​ព្រៃ​ការពារ ក៏ប៉ុន្តែ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​នេះ​ត្រូវ​បាន​សមាជិក​សហគមន៍​នេះ និង​សហគមន៍​ជិត​ខាង លួច​កាប់​យក​ឈើ​មាន​តម្លៃ​លក់​ទៅ​ឲ្យ​ឈ្មួញ​ប្រមូល​ទិញ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។

ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រធាន​សហគមន៍ មេ​ឃុំ​លំជ័រ លោក សេវ ស្វាន ទទួល​ស្គាល់​ថា រូបភាព​ដែល​បង្ហោះ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​ទាក់ទិន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍​ភូមិ​ឡែ ពិត​ជា​ព័ត៌មាន​ត្រឹមត្រូវ។ លោក​ថា គណៈកម្មការ​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡែ បាន​ទទួល​ប្រាក់​ពី​ឈ្មួញ ហើយ​អនុគ្រោះ​ឲ្យ​កាប់​យក​ឈើ​ពី​ព្រៃ ពីព្រោះ​សហគមន៍​មិន​អាច​ស្វែងរក​កិច្ច​សហការ​បង្រាស​ការ​កាប់​ឈើ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន៖ «ខ្ញុំ​និយាយ​ត្រង់ៗ​អត់​ចេះ​និយាយ​លាក់លៀម​ស្អី​រឿងរ៉ាវ​ទាំងអស់​ទេ យើង​បណ្តោយ​ឲ្យ​គេ​កាប់​បង់​លុយ​ឲ្យ​សហគមន៍​ចូល​សហគមន៍​វិញ»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ គណៈកម្មការ​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ បាន​រក​ឃើញ​សមាជិក​សហគមន៍​ជាង ២០​នាក់​មាន​ជាប់​ពាក់ព័ន្ធ​កាប់​យក​ឈើ​ក្នុង​ព្រៃ​លក់​ទៅ​ឲ្យ​ឈ្មួញ។ លើស​ពី​នោះ​ទៀត សហគមន៍​ក៏​បាន​រក​ឃើញ​សមាជិក​សហគមន៍​ភូមិ​សោមគល់ គឺ​ជា​អ្នក​កាប់​រាន​ព្រៃ​ការពារ​អស់​ជាង ១០​ហិកតារ យក​ដី​ជា​កម្មសិទ្ធិ រួម​ទាំង​កាប់​យក​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ​ដូច​គ្នា។ ករណី​ទាំងអស់​នេះ គណៈកម្មការ​សហគមន៍​បាន​ធ្វើ​របាយការណ៍ និង​ដាក់​ពាក្យ​ប្ដឹង​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ ប៉ុន្តែ​រហូត​បច្ចុប្បន្ន មិន​ឃើញ​មាន​ចំណាត់ការ​បែប​ណា​នៅ​ឡើយ។

ទាក់ទិន​ការ​បង្ហោះ​រូបភាព​កាប់​ឈើ​មូល​ក្នុង​ព្រៃ​ការពារ​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក កែប កត់ មាន​ប្រសាសន៍​ថា នឹង​ចាត់​មន្ត្រី​ចុះ​បង្ក្រាប រួម​ទាំង​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ៖ «ចាំ​ខ្ញុំ​ឲ្យ​ខាង​សហគមន៍​ទៅ​មើល​ចាប់​តែ​ម្តង»

កាល​ពី​ចុង​ឆ្នាំ​២០១៦ សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡែ បាន​ដុត​ម៉ូតូ​មួយ​គ្រឿង និង​ម៉ាស៊ីន​កាត់​ឈើ ១​គ្រឿង​ជា​វត្ថុ​តាង​ដែល​ជន​ល្មើស​ប្រើប្រាស់​កាប់​បំផ្លាញ​ព្រៃ​ការពារ​ជា​សារ​ព្រមាន ខណៈ​សមាជិក​សហគមន៍​កាន់​តែ​ច្រើន​នាំ​គ្នា​កាប់​ឈើ​ក្នុង​ព្រៃ​លក់​ទៅ​ឲ្យ​ឈ្មួញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles