មន្ត្រីក្រសួងមហាផ្ទៃកម្ពុជា មិនទាន់មានព័ត៌មានជាក់លាក់ពីកាលបរិច្ឆេទនៃការមកដល់របស់ពលរដ្ឋកម្ពុជា ចំនួន ៣៦រូប ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រោងចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីបានប្រព្រឹត្តបទល្មើសនៅទីនោះ។ ទាក់ទងនឹងរឿងនេះ រដ្ឋាភិបាលទាំងពីរគ្រោងជួបប្រជុំគ្នានៅខែខាងមុខ ដើម្បីពិភាក្សាលើការសើរើកិច្ចព្រមព្រៀងបញ្ជូនខ្លួនពលរដ្ឋកម្ពុជានេះ។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា ដែលខ្លះបានកើតនៅប្រទេសកម្ពុជា និងខ្លះបានកើតនៅជំរំភៀសខ្លួនក្នុងប្រទេសថៃ ទាំង ៣៦នាក់ នឹងមកដល់កម្ពុជា នៅក្នុងខែមីនា។ ក៏ប៉ុន្តែ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមីនា ប្រាប់អាស៊ីសេរីថា លោកមិនទាន់បានព័ត៌មានថ្មីណាមួយទាក់ទងនឹងពេលវេលានៃការមកដល់របស់ពលរដ្ឋកម្ពុជា ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រេចបញ្ជូនខ្លួនមកវិញនោះឡើយ។ លោកថ្លែងថា ភាគីរដ្ឋាភិបាលកម្ពុជា រង់ចាំទទួលស្វាគមន៍ការមកដល់ពលរដ្ឋកម្ពុជា ទាំងនោះ៖ «អាស្រ័យលើសហរដ្ឋអាមេរិក គាត់ទិញសំបុត្រ (យន្តហោះ) ចាត់ចែងបំពេញបែបបទនៅខាងណោះ។ អ្នកខ្លះ (អ្នកដែលគេចាប់បញ្ជូនមក) មិនជាប់គុកដល់ថ្ងៃចេញផង»។
ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ក៏មិនទាន់ដឹងពីពេលវេលាជាក់លាក់នៃការមកដល់នេះដែរ ដោយបានបង្វែរសំណួរទៅឲ្យភាគីអាជ្ញាធរកម្ពុជា វិញ។
ទោះបីជាយ៉ាងណាក៏ដោយ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រាយការណ៍កាលពីថ្ងៃទី២១ ខែមីនា ថា ប្រជាពលរដ្ឋកម្ពុជា ដែលប្រឈមនឹងការចាប់បញ្ជូនខ្លួនមកវិញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជា ត្រឹមដំណាច់ខែមីនា នេះ។
ទាក់ទងនឹងករណីនេះ មជ្ឈមណ្ឌលសកម្មភាពធនធានអាស៊ីអាគ្នេយ៍ (Southeast Asia Resource Action Center) នៅសហរដ្ឋអាមេរិក ប្រកាសថា បុរសម្នាក់ឈ្មោះ ចំរើន ផាន់ ដែលគេគ្រោងបញ្ជូនមកកម្ពុជា ត្រូវបានតុលាការពន្យារការបញ្ជូនខ្លួនមកវិញ ដើម្បីមានពេលគ្រប់គ្រាន់សិក្សាលើករណីនេះ ក្រោយពេលក្រុមគ្រួសារបុរសនេះត្អូញត្អែរថា ប្រសិនបើ ចំរើន ផាន់ ត្រូវគេចាប់បញ្ជូនមកកម្ពុជា វិញមែននោះ គ្រួសារលោកនៅសហរដ្ឋអាមេរិក នឹងប្រឈមវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារ។
លោក ចំរើន ផាន់ បានកើតក្នុងជំរំភៀសខ្លួននៅប្រទេសថៃ ហើយមិនដែលរស់នៅក្នុងប្រទេសកម្ពុជា ទាល់តែសោះ។ លោកបានទៅរស់នៅសហរដ្ឋអាមេរិក តាំងពីលោកមានអាយុ ១ឆ្នាំ។
ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ ពលរដ្ឋកម្ពុជា ចំនួន ៥៣៨នាក់ហើយ ត្រូវបានរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ចាប់បញ្ជូនមកកម្ពុជាវិញ បន្ទាប់ពីពួកគេត្រូវរកឃើញថា បានប្រព្រឹត្តបទល្មើស។ កាលពីដើមខែមីនា ឆ្នាំ២០១៧ ភាគីកម្ពុជា ប្រកាសឲ្យដឹងពីដំណើរការកែសម្រួលលក្ខខណ្ឌក្នុងអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០២ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ដីពីការបញ្ជូនពលរដ្ឋកម្ពុជា ហើយនឹងបញ្ជូនសេចក្ដីកែសម្រួលនេះទៅឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិនិត្យ បន្ទាប់ពីរកឃើញថា ពលរដ្ឋកម្ពុជា ដែលត្រូវបានចាប់បញ្ជូនមកកម្ពុជា ពេលកន្លងមក ប៉ះពាល់ជាអវិជ្ជមានដោយសារកិច្ចព្រមព្រៀងនេះ។
ស្ថានទូតសហរដ្ឋអាមេរិក ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២២ ខែមីនា ថា ពួកគេបានដឹងពីបំណងរបស់ភាគីកម្ពុជា ស្ដីពីការកែសម្រួលកិច្ចព្រមព្រៀងការបញ្ជូនខ្លួនឆ្នាំ២០០២ ហើយការពិភាក្សាណាមួយលើការចរចាឡើងវិញនេះ នឹងត្រូវធ្វើឡើងនៅខែខាងមុខទៀត ជាឧបតោភាគី ឬពីរភាគី ដោយគណៈកម្មការរួម។
មណ្ឌលទ្រទ្រង់ជនមាតុភូមិនិវត្តន៍សមាហរណកម្មជាអង្គការនៅកម្ពុជា មួយ ដែលជួយពលរដ្ឋកម្ពុជា ត្រូវគេបញ្ជូនខ្លួនពីសហរដ្ឋអាមេរិក ឲ្យសម្របខ្លួនរស់នៅប្រទេសកម្ពុជា។
លោក គឹម វីឡា នាយកប្រតិបត្តិនៃអង្គការនេះយល់ថា ប្រសិនបើមានការសើរើឡើងវិញនៃកិច្ចព្រមព្រៀងឆ្នាំ២០០២ នេះមែន វាជាជោគជ័យមួយដែលក្រុមសង្គមស៊ីវិលទាំងនៅកម្ពុជា និងសហរដ្ឋអាមេរិក បានខិតខំធ្វើយុទ្ធនាការនៅពេលកន្លងមក ដោយសារមានពលរដ្ឋកម្ពុជា ជាច្រើនរងគ្រោះដោយសារការបញ្ជូនមកប្រទេសកម្ពុជា វិញនេះ៕