តុលាការកំពូល សម្រេចលើកពេលសវនាការលោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងចំនួនពីរ គឺបង្ខាំងមនុស្សខុសច្បាប់ និងរក្សាទុកប្រាក់ក្លែងក្លាយ តែមិនកំណត់ពេលបើកសវនាការជាថ្មីនៅឡើយ។
មេធាវីការពារក្តីរបស់លោក ហេង ពៅ គឺលោក នូ ចន្ថា ឲ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី២២ ខែមីនា នេះថា ការសម្រេចលើកពេលនេះ ដោយសារលោក ហេង ពៅ បានបដិសេធមិនព្រមទទួលមេធាវីដែលបានរៀបចំឲ្យ ហើយលោកបានស្នើទៅចៅក្រមដើម្បីស្វែងរកមេធាវីដោយខ្លួនឯង។
ក្រៅពីនេះ លោក ហេង ពៅ ក៏បានស្នើទៅចៅក្រម ធ្វើយ៉ាងណាឲ្យលោកអាចដកប្រាក់ពីធនាគារដែលត្រូវបានបង្កកទុកនោះ ដើម្បីយកមកប្រើប្រាស់ក្នុងការស្វែងរកមេធាវី។ តែសំណើនេះ ត្រូវបានចៅក្រមតុលាការកំពូល បដិសេធ ដោយសំអាងថា ជាតុលាការព្រហ្មទណ្ឌ មិនមានសិទ្ធិក្នុងការសម្រេចចំពោះរឿងនេះទេ។
សវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី២២ ខែមីនា គេសង្កេតឃើញថាមានការរឹតបន្តឹងសណ្ដាប់ធ្នាប់ខុសពីសព្វមួយដង ដោយសារមានកងកម្លាំងនគរបាលឈរយាមកាមយ៉ាងតឹងតែងទាំងក្នុង និងក្រៅបរិវេណតុលាការកំពូល និងមានការពិនិត្យ និងហាមឃាត់មិនឲ្យយកទូរស័ព្ទដែលមានកាមេរ៉ា និងម៉ាស៊ីនថតរូបចូលទៅខាងក្នុងដូចពេលកន្លងទៅនោះឡើយ។
ការរឹតបន្តឹងនេះ បន្ទាប់ពីលោក ហេង ពៅ កាលពីថ្ងៃទី១៥ ខែមីនា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងបរិវេណតុលាការកំពូល អំពីរឿងដែលលោកមិនពេញចិត្តចំពោះការកាត់ទោសលោក ការរឹតត្បិតសិទ្ធិសេរីភាពរបស់លោកមិនឲ្យនិយាយទៅកាន់អ្នកសារព័ត៌មាន និងបានសន្យាថា ពេលក្រោយលោកនឹងប្រាប់ដល់អ្នកសារព័ត៌មានអំពីការបាញ់សម្លាប់អតីតប្រធានសហជីពសេរីកម្មករ គឺលោក ជា វិជ្ជា៕