ការរំលោភកម្មសិទ្ធិបញ្ញាជាបញ្ហាមួយធំនៅកម្ពុជា។ មានទំនិញដែលថតចម្លង ឬទំនិញក្លែងក្លាយជាច្រើន ត្រូវគេឃើញដាក់លក់នៅលើទីផ្សារ។ ទំនិញថតចម្លងទាំងនោះរួមមាន សម្លៀកបំពាក់ ស្បែកជើង មួក និងគ្រឿងអេឡិចត្រូនិក ដែលចម្លងម៉ាកយីហោដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។ ម្ចាស់ដើមទាំងនោះមានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។
តើអ្វីទៅជាកម្មសិទ្ធិបញ្ញា ហើយវាមានសារសំខាន់យ៉ាងណា?
ជនទាំងឡាយណាដែលប្រើប្រាស់បញ្ញាខួរក្បាលធ្វើជាពលកម្ម ហើយរកឃើញវត្ថុអ្វីមួយ ឬរូបមន្តផលិតអ្វីមួយមុនគេ ជននោះត្រូវច្បាប់ទទួលស្គាល់ថា ជាម្ចាស់ស្នាដៃ ឬផលិតផលនៃការរកឃើញនោះ។
ស្នាដៃដែលបានមកពីការស្រាវជ្រាវរកឃើញមុនគេនោះហើយ គឺជាកម្មសិទ្ធិបញ្ញារបស់ជននោះ ហើយអ្នកដែលប្រើពលកម្មបញ្ញា និងដើមទុនសម្រាប់ផលិតកម្មនោះ មានសិទ្ធិស្របច្បាប់ក្នុងការទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចពីផលិតផលដែលខ្លួនបានរកឃើញ។
ដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវបង្កើតវត្ថុ ឬទំនិញថ្មីៗ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ចេញមុខការពារផលប្រយោជន៍នៃផលិតកម្មខាងវិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬសិល្បៈ ដែលជាស្នាដៃដើមរបស់អ្នកដែលរកឃើញមុនគេ។
លោកមេធាវី កុយ គន្ធី ឲ្យនិយមន័យកម្មសិទ្ធិបញ្ញាថា ជាការប្រើប្រាស់ពលកម្មខាងគំនិតប្រាជ្ញារបស់អ្នកណាម្នាក់ ហើយអាចទាញយកផលប្រយោជន៍ពីពលកម្មខាងគំនិតប្រាជ្ញានោះ៖ «កម្មសិទ្ធិបញ្ញា គឺជាទ្រព្យមួយដូចជាឡាន ដូចជាផ្ទះមួយអ៊ីចឹងដែរ តែខុសគ្នាត្រង់ថា ឡាន ឬផ្ទះមានរូប រីឯកម្មសិទ្ធិបញ្ញាវិញកើតចេញពីសម្ដែងបញ្ញារបស់អ្នកណាម្នាក់ ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ដូចជាកេរ្តិ៍ក្នុងសង្គមជាដើមពីការសម្ដែងនេះ»។
កម្មសិទ្ធិបញ្ញា (IP) ចែកចេញជាបីប្រភេទធំៗ គឺសិទ្ធិអ្នកនិពន្ធ សិទ្ធិតក្កកម្ម និងម៉ាក។
សិទ្ធិអ្នកនិពន្ធ (Copyrights) គឺជាស្នាដៃដើមទាំងឡាយដែលបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធក្នុងវិស័យអក្សរសាស្ត្រ និងសិល្បៈ ហើយមានសិទ្ធិទទួលបានផលប្រយោជន៍ពីស្នាដៃនោះ។
លោកមេធាវី កុយ គន្ធី បញ្ជាក់ថា សិទ្ធិអ្នកនិពន្ធគ្របដណ្ដប់ទៅលើសិល្បៈផ្សេងៗ មានគំនូរ ចម្លាក់ បទភ្លេង ជាដើម៖ «សិទ្ធិអ្នកនិពន្ធ អ្នកនិពន្ធគឺជាសិទ្ធិស្នាដៃដើមខាងអក្សរ មានដូចជាស្នាដៃនិពន្ធសៀវភៅ បង្កើតជាភាពយន្ត ចម្រៀង កម្មវិធីកុំព្យូទ័រ ឬក៏កម្មវិធីទូរទស្សន៍ជាអាទិ៍ ដែលយើងអាចមើលឃើញដូចជាកម្មវិធី ដឺវ៉យ (The Voice)។ បានន័យថា ការរៀបចំកម្មវិធីនេះ កើតចេញពីគំនិតអ្នកណាមួយឲ្យមានរបៀបរបបអ៊ីចឹងទៅ អាហ្នឹងគេចាត់ទុកវាជាសិទ្ធិអ្នកនិពន្ធ»។
ឧទាហរណ៍នៅកម្ពុជា អ្នកចម្រៀងសំឡេងមាស លោក ស៊ិន ស៊ីសាមុត មិនត្រឹមតែមានសំឡេងពីរោះគ្មានពីរប៉ុណ្ណោះទេ ប៉ុន្តែលោកគឺជាអ្នកនិពន្ធបទចម្រៀងទៀតផង។ លោក ស៊ិន ស៊ីសាមុត ទទួលមរណភាពនៅក្នុងរបបខ្មែរក្រហម។
កាលពីចុងឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រគល់លិខិតទទួលស្គាល់កម្មសិទ្ធិបញ្ញាលើបទចម្រៀងចំនួន ៧៣បទ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក ស៊ិន ស៊ីសាមុត ទៅឲ្យកូនប្រុស និងភរិយារបស់លោក។ បទចម្រៀងដែលលោក ស៊ិន ស៊ីសាមុត និពន្ធផ្ទាល់ដៃទាំងនោះមានដូចជា មាន់រងាវ រឿងខ្ញុំ ថាវរី នឹកគ្រប់វេលា និងរឿងស្នេហ៍ខ្ញុំ ជាដើម។
ទោះជាយ៉ាងណា បើតាមច្បាប់កម្ពុជា សមាជិកគ្រួសាររបស់លោក ស៊ិន ស៊ីសាមុត មានកម្មសិទ្ធិបញ្ញាលើបទចម្រៀងចំនួន ៧៣បទនោះតែក្នុងរយៈពេលប្រមាណ ៩ឆ្នាំទៀតប៉ុណ្ណោះ បើគិតត្រឹមឆ្នាំ២០១៧ នេះ។
មាត្រា៣០ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ចែងថា សិទ្ធិរបស់អ្នកនិពន្ធត្រូវបានការពារពេញមួយជីវិតរបស់អ្នកនិពន្ធ បូក ៥០ឆ្នាំក្រោយថ្ងៃអ្នកនិពន្ធទទួលមរណភាព។
និយាយអំពីសិទ្ធិតក្កកម្ម (Patent) ដែលជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញាវិញ គឺសំដៅដល់សិទ្ធិផ្តាច់មុខលើការទាញយកផលប្រយោជន៍សេដ្ឋកិច្ច នៃការរកឃើញរបៀបធ្វើអ្វីមួយ ឬរូបមន្តធ្វើអ្វីមួយ ឬរបស់អ្វីមួយដែលជាការរកឃើញជាលើកដំបូង។
លោកមេធាវី កុយ គន្ធី បញ្ជាក់ថា វាគឺជាស្នាដៃមួយដែលមិនមានបុគ្គលណារកឃើញពីមុនមកទេ៖ «ជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញា គឺសិទ្ធិតក្កកម្ម។ ឧទាហរណ៍ ខ្ញុំរកឃើញបច្ចេកទេសមួយធ្វើសម្បកកង់ដែលបើកទៅជាន់ដែកគោលអត់មុត នៅល្អរហូត អាចបញ្ជាក់ថា នេះជាអ្វីដែលខ្ញុំរកឃើញ នេះហើយគេហៅថាសិទ្ធិតក្កកម្មនោះ។ គឺគេការពារអ្នកដែលរកឃើញគំនិតបច្ចេកទេសថ្មី។ អ៊ីចឹងហើយអ្នកដែលរកឃើញមុនគេ អ្នកច្បាប់ការពារមុនគេ គ្មានអ្នកណាអាចយកបច្ចេកទេសហ្នឹងមុនបានទេ»។
ដើម្បីងាយយល់អំពីសិទ្ធិតក្កកម្ម ខ្ញុំសូមជូនឧទាហរណ៍មួយទៀត។ ឧបមាថា ជនណាម្នាក់រកឃើញរូបមន្តផលិតសាប៊ូបោកសម្លៀកបំពាក់ចេញពីរុក្ខជាតិអ្វីមួយ ផ្សំជាមួយស្លឹកគ្រៃ ដែលមានគុណភាពខ្ពស់លើសពីសាប៊ូដទៃ ហើយមិនប៉ះពាល់បរិស្ថាន និងថែមទាំងផ្តល់ក្លិនក្រអូបដល់សម្លៀកបំពាក់ទៀតផងនោះ ជននោះគឺជាម្ចាស់កម្មសិទ្ធិផ្តាច់មុខលើផលិតផលថ្មីនេះ។ ហើយអ្នករកឃើញរូបមន្តផលិតសាប៊ូដែលមានឧត្តមប្រយោជន៍នេះមុនគេ ត្រូវច្បាប់ទទួលស្គាល់ថា គាត់មានសិទ្ធិតក្កកម្ម គឺជាសិទ្ធិពិសេសដែលអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចផ្តាច់មុខពីសាប៊ូនេះ។
ចំណែកម៉ាក (Trademark) វិញ ដែលជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញាដែរនោះ ត្រូវបានសិប្បករប្រើប្រាស់តាំងពីសម័យដើមយូរលង់ណាស់មកហើយ។ ក្នុងគ្រានោះ គេសង្កេតឃើញផលិតករ ឬសិប្បករបានចារឈ្មោះ ឬឆ្លាក់រូបអ្វីមួយនៅលើផលិតផលដែលគេបានផលិត ដើម្បីសម្គាល់ថា ផលិតផលនោះជាស្នាដៃរបស់ខ្លួន។
នៅក្នុងសម័យទំនើប ម៉ាកគឺជាសញ្ញាសម្គាល់ផលិតផលទំនិញ ឬសម្គាល់សេវាកម្មរបស់បុគ្គល ឬក្រុមហ៊ុននីមួយៗដែលមានឯកលក្ខណៈសម្គាល់ប្លែកពីគ្នា។
ម៉ាកក៏អាចជាសំណេរដែរ បើតាមលោកមេធាវី កុយ គន្ធី៖ «ម៉ាកអាចជាអក្សរ ជាការសរសេរ។ ឧទាហរណ៍ កូកាកូឡា (Coca Cola) ឬសាំស៊ុង (Samsung) ដែលគេសរសេរតែអក្សរអ៊ីចឹងក៏ជាម៉ាក។ ជាសញ្ញា ឬជាគំនូស ការគូសអីហ្នឹង គេគិតថាជាម៉ាកដែរ ហើយសំណេរ សញ្ញា និងគំនូសហ្នឹង គឺសម្គាល់ផលិតផលមួយរបស់អ្នកណា ឬក្រុមណាមួយ។ ឧទាហរណ៍មួយងាយស្រួលស្តាប់ ម៉ាកកូកាកូឡា (Coca Cola) គឺសំដៅទៅលើទឹកក្រូច។ ម៉ាកអេភល (Apple) គឺសំដៅទៅលើទូរស័ព្ទ ឬកុំព្យូទ័រអីអ៊ីចឹងទៅ គឺអាហ្នឹងគេហៅថាម៉ាក»។
សម្រាប់សិទ្ធិតក្កកម្ម និងម៉ាក ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការថា អ្វីដែលលោកអ្នកបានស្រាវជ្រាវរកឃើញនោះ គឺជាស្នាដៃផ្ទាល់របស់លោកអ្នក ឬជាកម្មសិទ្ធិបញ្ញារបស់លោកអ្នក លោកអ្នកត្រូវតែចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ឲ្យច្បាប់ទទួលស្គាល់ជាមុនសិន។
ការអនុវត្តច្បាប់ទៅលើការគ្រប់គ្រងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ត្រូវគេមើលឃើញថា នៅមានភាពទន់ខ្សោយគួរឲ្យព្រួយបារម្ភ។ បញ្ហានេះ បណ្ដាលឲ្យមានការរំលោភកម្មសិទ្ធិបញ្ញា ដែលជាមូលហេតុធំមួយបន្ទច់បង្អាក់ការខិតខំស្រាវជ្រាវរកស្នាដៃថ្មីៗ បណ្ដាលឲ្យប៉ះពាល់ដល់ការរីកចម្រើនផ្នែកវប្បធម៌ និងសេដ្ឋកិច្ច៕