
គណៈកម្មការសិទ្ធិមនុស្សនៃគណៈកម្មាធិការកិច្ចការបរទេស សភាអ៊ីតាលី បានទាមទារឲ្យរដ្ឋាភិបាលអ៊ីតាលី ធ្វើកិច្ចការជាមួយក្រុមប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីធានាដល់ដំណើរការប្រជាធិបតេយ្យ និងការបង្កើតឲ្យមាននីតិរដ្ឋនៅកម្ពុជា។
កាលពីថ្ងៃទី១៩ ខែធ្នូ គណៈកម្មាធិការកិច្ចការបរទេសនៃសភាអ៊ីតាលី ដឹកនាំដោយលោក ហ្វាបប្រ៊ីស្យូ ឃ៊ីឈីតូ (Fabrizio Cicchitto) សមាជិកសភាបានថ្កោលទោសការបង្ក្រាបសកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មានឯករាជ្យ ជាពិសេសអ្នករិះគន់រដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា ដែលកាន់តែមានស្ថានភាពអាក្រក់ឡើងៗ នៅប៉ុន្មានខែចុងក្រោយនេះ។
ចំណែក លោក ពីយ៉ា ឡូកាត់ធីលី (Pia Locatelli) សមាជិកសភា និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សដែលបម្រើការងារក្នុងក្របខ័ណ្ឌគណៈកម្មការកិច្ចការបរទេស ក៏បានថ្កោលទោសចំពោះការរំលោភនានាដែលបានប្រព្រឹត្តិមកលើគណបក្សប្រឆាំងដ៏សំខាន់នេះដែរ។ សេចក្ដីសម្រេចនេះមានគោលបំណងស្តារឡើងវិញនូវការគោរពសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
សេចក្ដីសម្រេចនេះថ្កោលទោសចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ហ៊ុន សែន ក្នុងការរំលាយគណប្រឆាំងដ៏ធំនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដោយការប្រើប្រាស់នូវប្រព័ន្ធតុលាការ ដែលនាំឲ្យអតីតប្រធានគណបក្សលោក សម រង្ស៊ី ត្រូវរស់នៅនិរទេសខ្លួន ហើយលោក កឹម សុខា ប្រធានគណបក្សត្រូវបានចាប់ខ្លួន និងកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំនេះ។
គណៈកម្មការសភារបស់ប្រទេសអ៊ីតាលីក៏បានប្ដេជ្ញាជំរុញឲ្យរដ្ឋាភិបាលអ៊ីតាលី បង្ហាញការថ្កោលទោសនេះនៅគ្រប់ស្ថាប័នអន្តរជាតិទាំងអស់ និងដើម្បីទទួលបាននូវព័ត៌មានស្ដីពីការជំនុំជម្រះលោក កឹម សុខា ព្រមទាំងការឃុំឃាំងដោយខុសច្បាប់នៃក្រុមអ្នកប្រឆាំងដទៃទៀត។
ជាងនេះទៅទៀត ក្រុមតំណាងរាស្ត្ររបស់ប្រទេសអ៊ីតាលី អំពាវនាវឱ្យប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ឆ្នាំ១៩៩១ ហើយដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ជំរុញអោយមានការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕