Clik here to view.

អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលដកសិទ្ធិធ្វើនយោបាយ រយៈពេល ៥ឆ្នាំ លោក ប៉ុល ហំម អះអាងថា លោក ម៉ៅ មុនីវណ្ណ មិនបានបង្កើតគណបក្សប្រឆាំងថ្មីដូចសារ ព័ត៌មានក្នុងស្រុកចុះផ្សាយនោះទេ។
លោក ប៉ុល ហំម ឲ្យដឹងទៀតថា លោក ម៉ៅ មុនីវណ្ណ រួមទាំងអ្នកមន្ត្រីជាន់ខ្ពស់គណបក្ស ១១៨នាក់ផ្សេងទៀត ត្រូវតុលាការកំពូលហាមមិនឲ្យធ្វើនយោបាយ រយៈពេល ៥ឆ្នាំ ដូច្នេះ លោក ម៉ៅ មុនីវណ្ណ គ្មានសិទ្ធិធ្វើនយោបាយនោះទេ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីលោក ម៉ៅ មុនីវណ្ណ បានទេថ្ងៃទី២៤ ខែធ្នូ ខណៈលោកកំពុងមានវត្តមាននៅប្រទេសអូស្ត្រាលី។
លោក ម៉ៅ មុនីវណ្ណ បានសរសេរនៅហ្វេសប៊ុក (Facebook) របស់លោកកាលពីថ្ងៃទី២២ ខែធ្នូ បានច្រានចោលការលាបពណ៌ទាំងឡាយមកលើរូបលោក។ លោកសរសេរយ៉ាងដូច្នេះថា ខ្ញុំសូមបញ្ជាក់ផងថា អ្នកអាចលាបពណ៌ខ្ញុំបាន តែខ្ញុំមិនប្រឡាក់ពណ៌ដែលអ្នកលាបមកលើខ្ញុំទេ អ្វីដែលខ្ញុំបាននឹងកំពុងធ្វើមានតែខ្ញុំទេទើបដឹងច្បាស់។
លោក ម៉ៅ មុនីវណ្ណ ធ្លាប់ត្រូវបានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិចោទប្រកាន់ថា ជាមនុស្សក្បត់បក្ស។ លោក សម រង្ស៊ី បានថតជាវីដេអូឃ្លីប បង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី៣០ តុលា ចោទប្រកាន់ គណបក្សកាន់អំណាចថា បានទិញមន្ត្រីបក្សប្រឆាំងមួយចំនួននៅក្នុងជួរគណៈកម្មាធិការនាយក ដែលក្នុងចំណោមនោះ លោក ម៉ៅ មុនីវណ្ណ គឺជាជនបង្កប់របស់គណបក្សកាន់អំណាច។ ប៉ុន្តែ លោក ម៉ៅ មុនីវណ្ណ ច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី៕