
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានប្រាប់អគ្គលេខាធិការសមាគមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក (A-WEB) លោក គីម យ៉ុងហ៊ី (Kim YongHi) ថា បើទោះជាគ្មានជំនួយរបស់សហភាពអឺរ៉ុប ក៏ គ.ជ.ប នៅតែមានម្ចាស់ជំនួយធំៗ មួយចំនួនទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង និង រុស្ស៊ី ជាពិសេសភ្នាក់ងារផ្ដល់ជំនួយ JICA នៅតែបន្តផ្ដល់ជំនួយឲ្យ គ.ជ.ប តាំងពីមុន និងរហូតមកដល់ពេលបច្ចុប្បន្ន។
លោក ស៊ិក ប៊ុនហុក អះអាងថា គ.ជ.ប នៅតែអាចបន្តដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយគ្មានភាគីណាមួយតវ៉ាដូចកាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នោះទេ។ សមាគមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក មានសមាជិកចំនួន ១០៩ មកពី ១០៣ប្រទេស កំពុងធ្វើការងារជាច្រើនដើម្បីសហការគ្នាជាមួយ គ.ជ.ប គ្រប់ប្រទេស ក្នុងគោលបំណងឱ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗ ប្រព្រឹត្តទៅឱ្យកាន់តែមានសុក្រឹតភាព និងមានតម្លាភាព។ នេះគឺជាជំនួបជាលើកដំបូងរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ជាមួយសមាគម គ.ជ.ប ពិភពលោក កាលពីថ្ងៃទី១៩ ខែធ្នូ។
សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតរកឃើញថា មានពលរដ្ឋខ្លះបានបាក់ទឹកចិត្តលែងទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត ដោយសារតែស្ថានភាពនយោបាយបច្ចុប្បន្ន។ ចំណែកពលរដ្ឋខ្លះវិញយល់ឃើញថា ក្រោយ គ.ជ.ប បែងចែកអាសនៈបក្សប្រឆាំងរួចមក ស្ថាប័នជាតិមួយនេះ គ្រាន់តែជាឧបករណ៍សម្រាប់អនុវត្តតាមច្បាប់អធម្មនុញ្ញភាពរបស់បក្សកាន់អំណាចតែប៉ុណ្ណោះ។ ពលរដ្ឋព្រមានថា ស្ថាប័នជាតិមួយនេះ អាចនឹងប្រឈមជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ ដូច គ.ជ.ប សម័យ លោក អ៊ឹម សួស្ដី ជាប្រធាន៕