
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា ចាត់ទុកការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលលើកឡើងថា ប្រតិភូបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស បរាជ័យនៅវេទិកាអង្គការសហប្រជាជាតិ ថាជាការខ្វះខាតចំណេះដឹងខាងកិច្ចការបរទេស និងដំណើរការរបស់អង្គការសហប្រជាជាតិ។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានចាត់ទុកសម្ដីអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលថា អង្គការសហប្រជាជាតិគ្មានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិកនោះ ថាជាសម្ដីអវិជ្ជា ដែលមិនយល់អ្វីទាំងអស់អំពីដំណើរការរបស់អង្គការអន្តរជាតិដ៏កំពូលមួយនេះ៖ «អូខេ! ខ្ញុំនិយាយតែមួយម៉ាត់ខ្លីទេណា ខ្ញុំមិនចាប់អារម្មណ៍នឹងសម្ដីអវិជ្ជារបស់គាត់ទេ»។
លោក សុខ ឥសាន កាលពីថ្ងៃទី២០ ខែធ្នូ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម ផ្លូវការរបស់លោក ដោយចាត់ទុកមហិច្ឆតាកូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលនោះថានឹងត្រូវបរាជ័យ។
អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា រូបនេះអះអាងថា អង្គការសហប្រជាជាតិគ្មានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិកនោះទេ។
លោក សុខ ឥសាន បានហៅការទៅពឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យកោះប្រជុំដើម្បីដោះស្រាយបញ្ហាកម្ពុជា ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា មិនមែនជាភារកិច្ចរបស់ក្រុមប្រឹក្សានៃស្ថាប័នអន្តរជាតិកំពូលមួយនេះទេ។
កញ្ញា កឹម មនោវិទ្យា បញ្ជាក់ថា កញ្ញាមិនបានទាមទារអោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កោះប្រជុំអំពីបញ្ហាកម្ពុជានោះទេ ប៉ុន្តែកញ្ញាបានស្នើឲ្យអង្គមហាសន្និបាតរបស់អង្គការសហប្រជាជាតិកោះប្រជុំអំពីបញ្ហាកម្ពុជា។
ជាងនេះទៅទៀត កញ្ញាក៏បានជំរុញឲ្យប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្នើទៅអគ្គលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិ ដើម្បីបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅកាន់ប្រទេសកម្ពុជា ហើយជាចុងក្រោយ កញ្ញា កឹម មនោវិទ្យា បានទាមទារឲ្យអង្គការសហប្រជាជាតិ ព្យួរអាសនៈរបស់កម្ពុជា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមបង្វែរស្ថានការណ៍ឲ្យវិលមករកភាពប្រក្រតីវិញ។
កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ កន្លងទៅនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានកោះប្រជុំស្ថានបេសកកម្មនៃសហភាពអឺរ៉ុប និងជប៉ុន អំពីបញ្ហាធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងទីក្រុងញូវយ៉ក។
វាគ្មិនដែលចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន កញ្ញា កឹម មនោវិទ្យា លោក ប៉ា ងួនទៀង នាយកប្រតិបត្តិ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) តំណាងឲ្យអង្គការសង្គមស៊ីវិល និងលោក ចន ស៊ីហ្វថុន (John Sifton) តំណាងឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏បានចូលរួមឆ្លើយបំភ្លឺ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិបន្តស្វែងយល់បន្ថែមអំពីស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជា និងការស្វែងរកវិធានការដើម្បីដាក់ទណ្ឌកម្មសមស្របដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យងាកមករកការគោរពគោលការណ៍ប្រជាធិបតេយ្យឡើងវិញ។
នៅក្នុងកិច្ចប្រជុំនោះ កញ្ញា កឹម មនោវិទ្យា និងលោក ប៉ា ងួនទៀង បានជំរុញអោយមានកិច្ចអន្តរាគមន៍អន្តរជាតិដើម្បីដោះលែងលោក កឹម សុខា អនុញ្ញាតអោយមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ១១៨រូប មានសិទ្ធិចូលរួមក្នុងឆាកនយោបាយឡើងវិញ បើកអោយមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពនៃអង្គការសង្គមស៊ីវិលឡើងវិញ ព្រមទាំងបើកឲ្យមានដំណើរការបោះឆ្នោតនៅពេលខាងមុខប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ពួកគេនិយាយថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនធ្វើតាមការទាមទារនេះទេ នោះអង្គការសហប្រជាជាតិ គួរព្យួរអាសនៈរបស់កម្ពុជា សិន ដើម្បីចាប់បង្ខំអោយមានការចរចារកដំណោះស្រាយនយោបាយសមស្របមួយឆ្ពោះទៅរកការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ លោក សុខ ឥសាន បានចំអកថា ការប៉ុនប៉ងដកសមាជិកភាពរបស់កម្ពុជា ចេញពីអង្គការសហប្រជាជាតិ គឺជាចង់បានហួសពីជើងមេឃទៅទៀត។ ប៉ុន្តែលោក ប៉ា ងួនទៀង នាយកប្រតិបត្តិដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អះអាងថា សំណើព្យួរអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ជាសំណើដ៏សមរម្យជាទីបំផុត៖ «ប្រទេសកម្ពុជា ក៏ធ្លាប់ប្រឈមដែរ គឺនៅឆ្នាំ១៩៩៧ ពេលមានរដ្ឋប្រហារនោះ ដែលមានសំណើពីក្រុមបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល។ បន្ទាប់មកក៏មានការឯកភាពពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ កាលពីពេលនោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏ធ្លាប់ជួបប្រទះបញ្ហាដូច្នេះម្តងរួចមកហើយ»។
លោកបន្តថា ប្រសិនបើអង្គការសហប្រជាជាតិ ព្យួរអាសនៈរបស់កម្ពុជា មែន នោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នឹងរងនូវភាពអាម៉ាស់ខ្លាំងជាទីបំផុតលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត ក្រុមអ្នកវិនិយោគ ឬក្រុមប្រទេសផ្ដល់ជំនួយដល់កម្ពុជា នឹងងាកចេញរដ្ឋាភិបាលលោក ហ៊ុន សែន ដែលគ្មានភាពស្របច្បាប់ក្នុងការដឹកនាំប្រទេស៕