
អ្នកវិភាគ និងអ្នកច្បាប់ចាត់ទុកការដឹកនាំរបស់លោក ហ៊ុន សែន ថា ពោរពេញដោយអំពើហិង្សា និងការបាញ់សម្លាប់មនុស្សក្រៅច្បាប់ ទោះបីជា លោកថ្លែងទៅកាន់កម្មករថា លោកមិនឲ្យពលរដ្ឋណាម្នាក់ស្លាប់នៅលើទឹកដីកម្ពុជាយ៉ាងណាក្ដី។ ក្រុមមន្ត្រីការពារសិទ្ធិមនុស្សជាតិ អន្តរជាតិ អះអាងថា រយៈពេលជាង៣០ឆ្នាំមកនេះ ពលរដ្ឋបានដឹងច្បាស់ហើយថា ការបាញ់សម្លាប់មនុស្ស បានកើតមានជាហូរហែ ដូចជាបាញ់បង្ក្រាបក្រុមកម្មករពេលធ្វើបាតុកម្ម និងអាជ្ញាធររដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធ បានបណ្ដេញពលរដ្ឋចេញពីដីធ្លីជាដើម។
ការធានាសន្តិសុខ សន្តិភាព នៅក្នុងសង្គម គ្មានការរើសអើងគ្នា និងអំពើហិង្សា គឺជាតួនាទីចាំបាច់របស់អាជ្ញាធររដ្ឋាភិបាល ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែជាក់ស្ដែងនៅក្នុងរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន មានអំពើហិង្សាជាច្រើនកើតឡើង ក្នុងនោះ មានការបណ្ដេញចេញពីលំនៅឋានដោយបង្ខំ ការបាញ់សម្លាប់ក្រៅប្រព័ន្ធច្បាប់ មានសកម្មជនបរិស្ថាន អ្នកវិភាគ សហជីព សិល្បករ និងអ្នកសារព័ត៌មានជាដើម។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ពលរដ្ឋខ្មែររួមទាំងបក្សប្រឆាំងផងគ្មានអាវុធអ្វីទេ។ លោកថា រដ្ឋាភិបាលទៅវិញទេ ដែលប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាបទៅលើក្រុមបាតុកម្មទៅលើបាតុករ និងបាញ់សម្លាប់ទោះបីជាកម្ពុជាគ្មានទោសប្រហារជីវិតក្ដី។ «»
ការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ នៅបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់កម្មករជាង ១ម៉ឺននាក់ កាលពីថ្ងៃទី២០ ធ្នូ ថា លោក មិនឲ្យប្រទេសកម្ពុជាមានមនុស្សស្លាប់ទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោក ហ៊ុន សែន តែងតែចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងថា ជាជនក្បត់ជាតិ និងបំផ្លាញជាតិ។ ហើយតុលាការរបស់លោក រំលាយគណបក្សសង្គ្រោះជាតិនោះ ក៏ដោយសារតែរដ្ឋាភិបាលចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិពីក្បត់ជាតិដែរ។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ប្រកាសជាថ្មីថា លោកនឹងមិនឲ្យអ្នកណាមកបំផ្លាញជាតិ និងធ្វើឲ្យមនុស្សស្លាប់ឡើយ។ «»
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន នេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរងបណ្ដឹងរបស់លោក ហ៊ុន សែន និងមន្ត្រីបក្សពួកលោក ប្ដឹងពីបទក្បត់ជាតិនោះ មានប្រសាសន៍ថា អ្នកដែលក្បត់ជាតិនោះ មិនមែនក្រុមបក្សប្រឆាំង ឬរួបលោកឡើយ។ លោកអះអាងថា លោក ហ៊ុន សែន ទៅវិញទេ ដែលក្បត់ជាតិនោះ។ «»
ទាក់ទងនិងការលើកឡើងថា លោកមិនឲ្យពលរដ្ឋណាម្នាក់ស្លាប់នោះ គឺហាក់ផ្ទុយពីការលើកឡើងរបស់លោក កាលពីខែវិច្ឆិកា ដែលលោក ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកមានការសោកស្ដាយ ដែលមិនបានសម្លាប់ក្រុមធ្វើបាតុកម្មប្រឆាំងរូបលោកកាលពីឆ្នាំ២០១៣ បើលោកដឹងថា អ្នកទាំងនោះ ជាក្រុមក្បត់ជាតិលោកសម្លាប់ចោលទាំងអស់។ នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន បង្ហាញពីចេតនាឧក្រិដ្ឋក្នុងការសម្លាប់មនុស្សក្រៅច្បាប់នេះ។ លោកធ្លាប់បានគំរាមឲ្យមនុស្សបក្សប្រឆាំងត្រៀមក្ដារមឈូសបើចង់តតាំងប្រឆាំងគាត់។ កាលពីចុងខែឧសភា ឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន ក៏បានថ្លែងដោយមិនញញើតក្នុងការសម្លាប់មនុស្ស ១០០ ទៅ ២០០នាក់ ដែលលោកអះអាងថា កម្ទេចចោលដើម្បីការពារសន្តិភាពជាដើម។
ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ត្រូវបានអ្នកច្បាប់អន្តរជាតិពន្យល់ថា លោក ហ៊ុន សែន កំពុងលាតត្រដាងភស្តុតាងកាន់តែច្បាស់ពីចេតនារបស់លោកក្នុងនាមជាមេដឹកនាំប្រទេស ចង់សម្លាប់ពលរដ្ឋខ្លួនឯង ដែលបង្ហាញពីភាពឃោរឃៅរបស់ខ្លួន និងកំពុងតែទាញនាវាប្រជាធិបតេយ្យរបស់កម្ពុជា ធ្លាក់ចូលរបបផ្ដាច់ការកាន់តែធ្ងន់ធ្ងរ ព្រោះថា ការសំដែងមតិ និងបាតុកម្មទាមទារយុត្តិធម៌សង្គម ដែលត្រូវបានធានានៅក្នុងច្បាប់ជាតិ អន្តរជាតិ តែបែរជា លោក ហ៊ុន សែន ចោទថា ក្បត់ជាតិទៅវិញ។ អ្នកច្បាប់លើកឡើងថា លោក ហ៊ុន សែន កំពុងតែរំលោភរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត ក្នុងការប្រកាសប្រហារជីវិតក្រុមប្រឆាំងរូបលោកនោះ ពីព្រោះថា កម្ពុជាគ្មានទោសប្រហារជីវិតឡើយ។
មេធាវីអន្តរជាតិ និងជាជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) អះអាង ថា លោក ដាក់ភស្តុតាងបន្ថែមទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ លោកអះអាងថា មូលហេតុនៃការដាក់ភស្តុតាងបន្ថែមនេះ ដោយសារតែលោក ហ៊ុន សែន បង្ហាញចេតនាឧក្រិដ្ឋក្នុងការសម្លាប់រង្គាលទៅលើហ្វូងអ្នកបាតុករ ដែលតវ៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣។
កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤ គឺមានចលនាបាតុកម្មជាច្រើនក្រុម គឺក្រុមគាំទ្របក្សប្រឆាំង បានធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងក្រុមកម្មករធ្វើបាតុកម្មដើម្បីទាមទារសុំដំឡើងប្រាក់ខែជាដើម។ អាជ្ញាធររដ្ឋាភិបាលបានបាញ់សម្លាប់កម្មករយ៉ាងហោចណាស់ស្លាប់ ៤នាក់ របួសជាង ២០នាក់ និងមានអ្នកនៅបាត់ខ្លួនមិនទាន់រកឃើញនៅឡើយរហូតមកដល់ពេលនេះ។ មកទល់ពេលនេះ ឃាតកដែលជាក្រុមសមត្ថកិច្ចនោះ មិនត្រូវបានតុលាការចាប់ខ្លួន យកមកផ្ដន្ទាទោសនោះឡើយ។
លោក មេធាវី ហែម សុជាតិ ពន្យល់ថា បទល្មើសឧក្រិដ្ឋគឺមានអាជ្ញាយុកាល១៥ឆ្នាំ ហើយបទល្មើសឧក្រិដ្ឋនេះ តុលាការត្រូវតែស៊ើបអង្កេតកំណត់ជនសង្ស័យ និងចាប់ខ្លួនយកមកផ្ដន្ទាទោសភ្លាមៗ មិនត្រូវអូសបន្លាយពេលយូរទេ។ «»
ក្រៅពីនេះ លោកអំពាវនាវឲ្យកម្មករ កម្មការិនីទៅបោះឆ្នោតនៅឆ្នាំ២០១៨ ដោយពន្យល់អំពីការប្រើប្រាស់សិទ្ធិរបស់ខ្លួន ហាក់បីដូចជាអ្នកច្បាប់កំពុងពន្យល់អំពីតួនាទីរបស់ពលរដ្ឋ ដោយហាក់មិនខ្វល់អំពីសកម្មភាពរបស់លោក ដែលធ្វើទុក្ខបុកម្នេញបក្សប្រឆាំង បិទសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល សិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ និងសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើយ។ «»
លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ទោះបីជាលោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ហាក់ដូចជាលោកកំពុងតែលើកស្ទួយសិទ្ធិពលរដ្ឋដូច្នេះក្ដី ប៉ុន្តែលោក ហ៊ុន សែន មិនអាចបិទបាំងនូវអ្វីដែលកើតមានកាលពីពេលថ្មីៗនេះទេ ហើយពលរដ្ឋក៏មានការយល់ដឹងច្រើនអំពីនយោបាយ និងសង្គមដែរ។ «»
អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានសំអាងរបាយការណ៍ចុងក្រោយមួយរៀបរាប់ថា លោក ហ៊ុន សែន បានបំពានរំលោភបំពាន ចាប់ចង និងបាញ់សម្លាប់មនុស្សជាបន្តបន្ទាប់ ប្រព្រឹត្តដោយកងកម្លាំងនគរបាល និងយោធាដែលអនុវត្តក្រោមបញ្ជារបស់ភ្នាក់ងាររបស់គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះ គេបានបង្កើតក្រុមកងកម្លាំងជាច្រើន មានទាំងក្រុមចំហ និងក្រុមសម្ងាត់។ ក្រុមប្រភេទនេះមានទាំងនៅថ្នាក់ក្រសួង បណ្ដាក្រុង និងខេត្ត។
អ្នកធ្វើការតាមក្រុមទាំងនោះអាចនឹងត្រូវគេជ្រើសរើសចេញពីកងកម្លាំងរក្សាសន្តិសុខ។ ភាគច្រើននៃក្រុមទាំងនោះ ត្រូវបង្កើតក្នុងគោលដៅវាយប្រហារក្រុមប្រឆាំង។ ក្នុងចំណោមក្រុមទាំងនោះមានក្រុមមួយដែលទំនងជាក្រុមដែលក្រោយមកបានពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុករក្នុងឆ្នាំ១៩៩៧ និងការរំលោភបំពានផ្សេងទៀត ហើយក្រោយមកក្រុមនេះបានប្ដូរឈ្មោះថ្មី គឺកងពលតូច ង៧០ ដែលត្រូវគេស្គាល់ថា ជាកងកម្លាំងផ្ទាល់របស់លោក ហ៊ុន សែន។ ក្នុងរបាយការណ៍ដដែលបានលើកឧទាហរណ៍ជាក់ស្ដែង ពីក្រុមមួយដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋកម្ពុជា ដែលអាចជាប់ទាក់ទងនឹងគម្រោងការសម្លាប់សកម្មជនប្រឆាំង។
នៅឆ្នាំ២០១២ ក៏មានអំពើហិង្សាជាច្រើនទៀត បានកើតឡើង រវាងកងកម្លាំងរក្សាសន្តិសុខរបស់រដ្ឋ ស្របពេលដែលមានការផ្ដល់ដីដល់ឈ្មួញអ្នកមានអំណាចកើនឡើង។ ម្យ៉ាងវិញទៀត ការមិនពេញចិត្តចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច បានបង្កើតភាពចលាចលនៃកម្លាំងពលកម្ម។
ក្នុងខែមេសា ឆ្នាំ២០១២ សកម្មជនការពារព្រៃឈើ និងបរិស្ថាន លោក ឈុត វុទ្ធី ត្រូវបានកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច បាញ់សម្លាប់នៅក្នុងព្រៃនៅខេត្តកោះកុង នៅពេលដែលរូបលោកបានព្យាយាមថតសកម្មភាពការកាប់ឈើដោយខុសច្បាប់។ មួយខែក្រោយមក គឺនៅខែមិថុនា ក្នុងឆ្នាំ២០១២ ក្មេងស្រីម្នាក់ ឈ្មោះ ហេង ចន្ធា ត្រូវបានកងកម្លាំងរដ្ឋាភិបាលបាញ់សម្លាប់នៅខេត្តក្រចេះ នៅពេលដែលប្រជាពលរដ្ឋបានតវ៉ាពីការរំលោភដីធ្លីពីឈ្មួញបរទេស។
សម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧ អំពើហិង្សានិងការំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាន គឺការបាញ់សម្លាប់អ្នកវិភាគឥតសំចៃមាត់ លោក បណ្ឌិត កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ ការចាប់ចងសកម្មជនបរិស្ថាន អ្នកសារព័ត៌មាន ការចាប់ចងសកម្មជនបក្សប្រឆាំង តំណាងរាស្ត្រ ប្រធានបក្សប្រឆាំង លោក កឹម សុខា ជានិងការរំលាយគណបក្សសង្គ្រោះជាតិជាដើម។ គិតចាប់ពីថ្ងៃទី១៦ វិច្ឆិកា មក សហគមន៍អន្តរជាតិ មានការថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់ ក្នុងនោះអាមេរិក និងសភាសហភាពអឺរ៉ុប បានសម្រេចមិនផ្ដល់ទិដ្ឋាការ ឬវីសា ដល់មន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារ ដែលចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ មិនឲ្យជាន់ទឹកដីអាមេរិកជាដើម។
ប្រទេសទាំងនេះ ព្រមានថា គេនឹងមានវិធានការជាបន្តបន្ទាប់ទៀត បើសិនជាលោក ហ៊ុន សែន មិនវិលទៅរកការគោរពសិទ្ធិមនុស្សទេនោះ ហើយទោះជាមានការបោះឆ្នោតឆ្នាំ២០១៨ក្ដី បើគ្មានវត្តមានបក្សប្រឆាំងទេនោះ សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ៕