Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ចោទ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ថា​បន្ត​រំលោភ​យក​ដី​ពលរដ្ឋ

$
0
0

អ្នក​ភូមិ​នៃ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចោទ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ថា​នៅ​តែ​បន្ត​យាយី​ធ្វើ​បាប និង​ឈូស​ឆាយ​រំលោភ​យក​ដី​ពលរដ្ឋ។ តំណាង​ក្រុមហ៊ុន​អះអាង​ថា ទីតាំង​ដី​​កំពុង​ឈូស​ឆាយ ​គឺ​ឋិត​នៅ​ក្នុង​ផែនទី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​រដ្ឋាភិបាល ហើយ​អាជ្ញាធរ​ខេត្ត​កំពុង​ដោះស្រាយ​បញ្ហា​នេះ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​នៃ​ឃុំ​ថ្មដា ចំនួន ២៣​គ្រួសារ ដែល​នៅ​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព អះអាង​ថា ក្រុមហ៊ុន​នៅ​បន្ត​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​លើ​ដី​មាន​ទំនាស់ ដោយ​មាន​ការ​យាម​កាម​ពី​មន្ត្រី​យោធា និង​មន្ត្រី​បរិស្ថាន​ជា​ច្រើន​នាក់។ ក្រោយ​មាន​សកម្មភាព​ឈូស​ឆាយ​នៅ​ពេល​ចុង​ក្រោយ​នេះ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ភាគី​ពលរដ្ឋ​ជា​ថ្មី។

អ្នក​ភូមិ​សង្គម​ថ្មី នៃ​ឃុំ​ថ្មដា ម្នាក់ លោកស្រី យ៉ុង រ៉ាន់ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មិន​សូវ​មាន​ជំនឿ​ថា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ ព្រោះ​លោកស្រី​សង្កេត​ឃើញ​ថា វិធីសាស្ត្រ និង​ការ​សន្យា​របស់​អភិបាល​រង​ខេត្ត​លោក ឡេង ឡៃ ដែល​បាន​ចុះ​ដោះស្រាយ​ជា​មួយ​ភាគី​ពលរដ្ឋ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មីនា គឺ​ជា​ការងារ​ដែល​សមត្ថកិច្ច​ធ្លាប់​អនុវត្ត ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ៖ «លទ្ធផល​មិញ​គាត់ (លោក ចេង ឡៃ) ថា ឲ្យ​យើង​ព្រម ឬ​មិន​ព្រម​ប៉ុណ្ណឹង អត់​ឲ្យ​យើង​និយាយ​ប្រវត្តិ​ដើម​វិញ​ថា ដី​របស់​យើង​ហ្នឹង​អ៊ីចេះៗ​អត់​ទេ។ ដូច​ជា​ដី​ខ្ញុំ​រស់​នៅ​តាំង​ពី​សមាហរណកម្ម​ដំណាំ​តាំង​ពី​ឆ្នាំ​២០១០ ឈូស​អស់​ហើយ​បែរ​ជា​មិន​ទទួល​ស្គាល់​ចោទ​វិញ​ថា កាល​ពី​បញ្ជា​លេខ​០១ ម៉េច​មិន​ទៅ​វាស់​វែង? អ៊ីចឹង​សំណូមពរ​សុំ​ដី​ខ្ញុំ​ដដែល​ឲ្យ​ស្រប​តាម​ប្រសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន»

លោកស្រី យ៉ុង រ៉ាន់ បញ្ជាក់​ថា រូប​គាត់ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​យក​ដី​ដែល​ក្រុមហ៊ុន​កំពុង​រំលោភ​យក ហើយ​ស្នើ​អាជ្ញាធរ​ចុះ​វាស់វែង​ចេញ​ប្លង់​រឹង​ជូន​ពលរដ្ឋ​កាន់​កាប់​វិញ។

ឆ្លើយ​តប​បញ្ហា​នេះ​ ​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ ថា​អាជ្ញាធរ​កំពុង​ធ្វើ​បច្ចុប្បន្នភាព ឬ​ប្រមូល​ឈ្មោះ​ពលរដ្ឋ​ណា​ដែល​ស្ម័គ្រចិត្ត​ទទួល​យក​ដី​នៅ​កន្លែង​ថ្មី​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ២៣​គ្រួសារ​នោះ ដើម្បី​ងាយ​ស្រួល​ដល់​ការ​រៀបចំ​ដី​នៅ​កន្លែង​ថ្មី។ លោក​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​មាន​ពលរដ្ឋ​ចំនួន ៩​គ្រួសារ​ហើយ ក្នុង​ចំណោម ២៣​គ្រួសារ បាន​យល់​ព្រម​ទទួល​យក​ដី​នៅ​កន្លែង​ថ្មី៖ «គាត់​មាន​ឯកសារ​ចាស់​យើង​រក្សា រក្សា​តាម​កំណត់​ហេតុ​ដែល​គាត់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​សាលា​ខេត្ត។ អា​ហ្នឹង​វា​អ៊ីចេះ​កាល​ពី​ដើម​ឡើយ​មាន​បញ្ជា​លេខ​០១ វា​ពាក់ព័ន្ធ​តាំង​នោះ​មក អ៊ីចឹង​តាម​បទ​បញ្ជា​លេខ​០១ វា (ដី) អត់​មាន​ភស្តុតាង បើ​សិន​មាន​ភស្តុតាង​កាល​ពី​សូន្យ​មួយ​មក​វា​អត់​អី​ទេ ចប់​បាត់​ហើយ​រឿង​អស់​ហ្នឹង»

ចំណែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អឹម.ឌី.អេស ប្រចាំ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ លោក ឃៀង សុជីវ័ន្ដ ថា​ខាង​លោក​មិន​អាច​អារ​កាត់​ថា ត្រូវ​ឆ្វៀល​ដី​បន្ថែម​ទៀត​ចេញ​ពី​ដី​របស់​ក្រុមហ៊ុន​ជូន​ពលរដ្ឋ ឬ​យ៉ាង​ណា​នោះ​ទេ គឺ​អាស្រ័យ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ។ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​នៅ​តែ​បន្ត​ធ្វើ​ការ​ឈូស​ឆាយ​ដើម្បី​អភិវឌ្ឍ​លើ​ដី​ដែល​ខ្លួន​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ពី​រាជរដ្ឋាភិបាល​នោះ៖ «ព្រោះ​អា​នេះ​ជា​ភារកិច្ច​របស់​អាជ្ញាធរ អ៊ីចឹង​ខ្ញុំ​អត់​អាច​និយាយ​ថា ត្រូវ​ឆ្វៀល ឬ​មិន​ឆ្វៀល​ខ្ញុំ​អត់​មាន​សិទ្ធិ​ក្នុង​រឿង​ហ្នឹង។ សម្រាប់​ខាង​ក្រុមហ៊ុន ដូច​អត់​ដែល​មាន​ការ​ជំទាស់​នឹង​ការ​ដោះស្រាយ​ក្រោម​ការ​សម្របសម្រួល​អី​ជាមួយ​ខាង​ខេត្ត​ទេ។ តាម​ខ្ញុំ​ដឹង​មាន​អភិបាល​រង​ខេត្ត​ម្នាក់ ឡើង​ទៅ​ដោះស្រាយ​ការងារ​ហ្នឹង អ៊ីចឹង​សូម​ឲ្យ​អ្នក​ពាក់ព័ន្ធ​ចូល​រួម​ដោះស្រាយ​ជាមួយ​អាជ្ញាធរ ហើយ​ក្រុមហ៊ុន​ខ្ញុំ​ក៏​មាន​តំណាង​នៅ​ហ្នឹង​ទៅ​ចូល​រួម​ដោះស្រាយ​ដែរ»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន សង្កេត​ឃើញ​ថា ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​នេះ បាន​ប៉ះពាល់​ជីវភាព​អ្នក​ភូមិ​កាន់​តែ​ខ្លាំង​ឡើង ដោយ​អ្នក​ខ្លះ​ត្រូវ​ធ្វើ​អំបោស ឬ​រក​អនុផល​ព្រៃ​ឈើ​ទៅ​លក់​នៅ​ផ្សារ​ថៃ យក​ប្រាក់​មក​ចិញ្ចឹម​ជីវិត ជំនួស​ការ​បង្កបង្កើន​ផល​ស្រូវ ឬ​ពោត​សណ្ដែក​នៅ​លើ​ដី​ដែល​ខ្លួន​ធ្លាប់​ធ្វើ ប៉ុន្តែ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ចូល​ធ្វើ​បន្ត​ទៀត​នោះ៖ «អ៊ីចឹង​យើង​ចង់​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​គាត់​បាន​ដី​អាស្រ័យ​ផល​សម្រាប់​ការ​ដោះដូរ​ជីវភាព​របស់​ពួក​គាត់»

ក្រុមហ៊ុន អឹម.ឌី.អេស របស់​លោក​ឧកញ៉ា ទ្រី ភាព ចាប់​ផ្ដើម​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​រស់​នៅ​ភូមិ​សង្គមថ្មី ភូមិ​ឯកភាព និង​ភូមិ​កណ្ដាល នៃ​ឃុំ​ថ្មដា តាំង​ពី​ឆ្នាំ​២០១០ ក្រោយ​ពេល​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ២​ពាន់​ហិកតារ (២.២៦៥ហិកតារ) នៅ​តំបន់​ថ្មដា ដើម្បី​សង់​កាស៊ីណូ និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម ប៉ុន្តែ​ផ្ទៃ​ដី​នេះ​បាន​វាស់​ឆ្វៀល​ជូន​ទៅ​ពលរដ្ឋ​ខ្លះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles