Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ស្ទឹងត្រែង​ប្រតិកម្ម​នឹង​ការ​កាត់​ប្រាក់​ខែ

$
0
0

ក្រសួង​មហាផ្ទៃ សម្រេច​កាត់​ប្រាក់បៀវត្សរ៍​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ១៩​រូប​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ខែត្រ​ស្ទឹងត្រែង អំឡុង​ខែ​មីនា។ ការ​សម្រេច​នេះ​ដោយសារ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ទាំង​នោះ​បាន​ទៅ​ឈរ​ឈ្មោះ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ថា​អាច​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​មូលដ្ឋាន។

​មេឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋបាល​ឃុំ​ស្រែគរ មក​ពី​គណបក្ស សម រង្ស៊ី ហាក់​មិន​អស់​ចិត្ត​លើ​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​កាត់​ប្រាក់​ខែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្រែគរ ចំនួន ៣​រូប  និង​រំលាយ​តួនាទី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី ដែល​ពុំ​ទាន់​ចប់​អាណត្តិ​ការងារ​រយៈពេល ៥​ឆ្នាំ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ចាត់​ទុក​ការ​រំលាយ​សមាជិកភាព​របស់​លោក​ចេញ​ពី​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ស្រែគរ ជា​រឿង​នយោបាយ ដែល​អាច​ប៉ះពាល់​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន។ លោក​អះអាង​ថា ផ្អែក​តាម​ច្បាប់ ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អស់​សុពលភាព​លុះ​ត្រា​តែ​ក្រុមប្រឹក្សា​ឃុំ​ថ្មី​ចូល​កាន់​តំណែង ក្រោយ​ពី​ក្រសួង​មហាផ្ទៃ ធ្វើ​សេចក្ដី​ប្រកាស។ លោក​បញ្ជាក់​ថា ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មាន​អាណត្តិ ៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ថ្មី​ចូល​កាន់​តំណែង។

លោក​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ គឺ​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់៖ «ទាល់​តែ​ក្រសួង​មហាផ្ទៃ ប្រកាស ក្រុមប្រឹក្សា​ឃុំ​ថ្មី​ចូល​កាន់​តំណែង អ៊ីចឹង​ប្រាក់ខែ​គឺ​នៅ​ដដែល។ កាត់​ប្រាក់ខែ​គឺ​ខុស​ច្បាប់​ទាំង​ស្រុង​ហើយ។ ខុស​យ៉ាង​ម៉េច? ព្រោះ​ជា​កាតព្វកិច្ច​គឺ​បម្រើ​ពេញលេញ​ក្នុង​អាណត្តិ​របស់​យើង»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់ ឆ្នាំ​២០០១ មាត្រា ១១ និង ១៦ ចែង​ថា ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​មាន​អាណត្តិ ៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ថ្មី​ចូល​កាន់​តំណែង។ ក្រៅ​ពី​នេះ បើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ណា​មួយ ត្រូវ​បាត់បង់​សមាជិកភាព​ត្រូវ​ជ្រើសរើស​បេក្ខជន​លេខ​រៀង​បន្ទាប់ ក្នុង​បញ្ជី​បេក្ខជន​ជាមួយ​គ្នា​ជំនួស​ដោយ​ការ​មិន​បោះឆ្នោត​ឡើង​វិញ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ពេល​ថ្មីៗ​បាន​ណែនាំ​ពី​ការ​អនុវត្ត​គោលការណ៍ និង​នីតិវិធី​ចំពោះ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឬ​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ និង​ខេត្ត ដែល​ទៅ​ឈរ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ថ្មី ក្នុង​នោះ​បង្ហាញ​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​បាត់បង់​តួនាទី​របស់​ខ្លួន​ក្រោយ​ពី​បាន​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

អ្នកនាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ថា បើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​គណបក្ស​ណា​មួយ​ទៅ​ឈរ​ឈ្មោះ​បេក្ខភាព​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​មាន​ន័យ​ថា បុគ្គល​នោះ​គឺ​ជា​សមាជិកភាព​នៃ​គណបក្ស​នយោបាយ​ចុង​ក្រោយ។ លោក​បញ្ជាក់​ថា វិធានការ​នេះ​ផ្អែក​តាមច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ៖ «កា​ណា​គាត់​បាត់​សមាសភាព​ចេញ​ពី​សមាជិក ដែល​មាន​អាសនៈ​គណបក្ស​ក្នុង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គាត់​មិន​អាច​មាន​សិទ្ធិ​ចូលរួម​ប្រជុំ​បាន​ទេ។ មាន​ន័យ​ថា គាត់​ពុំ​បាន​បំពេញ​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ ក្នុង​មុខ​តំណែង​នៅ​ឡើយ មាន​ន័យ​ថា គាត់​ពុំ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ទេ»

​មាត្រា​១៤ និង​មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចែង​ថា "ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​មួយ​ក្នុង​ពេល​តែមួយ​បាន​ទេ។ ក្នុង​ករណី​ដែល​បុគ្គល​មួយ​រូប​ចូល​ជា​សមាជិក​គណបក្ស​នានា​ជា​ច្រើន សមាជិកភាព​ជាមួយ​គណបក្ស​ចុង​ក្រោយ​ត្រូវ​ចាត់​ទុក​ជា​បាន​ការ"។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់​ថា ផ្អែក​តាម​ច្បាប់ បើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី លា​ឈប់​ពី​គណបក្ស​របស់​ខ្លួន ហើយ​ចូល​ជា​សមាជិកភាព​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ន័យ​ថា គាត់​ពុំ​មែន​ជា​សមាជិក​គណបក្ស សម រង្ស៊ី ទេ នឹង​ត្រូវ​បាត់បង់​តួនាទី​ជា​មេ​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ដែរ។ តែ​យ៉ាង​ណា​លោក​បារម្ភ​ថា ច្បាប់​បោះ​ឆ្នោត​ត្រង់​ចំណុច​នេះ​កំពុង​ប្រឈម​ការ​លំបាក​ដល់​ពលរដ្ឋ និង​ប៉ះពាល់​ដល់​ការ​អនុម័ត​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ក្រុមប្រឹក្សា​ឃុំ៖ «ប្រសិន​ជា​ក្រសួង​មហាផ្ទៃ រក្សា​តួនាទី​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ទម្រាំ​ដល់​ការ​បោះឆ្នោត​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​ទម្រាំ​មាន​ក្រុមប្រឹក្សា ឬ​មេ​ឃុំ​​ថ្មី​ចូល​កាន់​តំណែង មិន​ទាក់ទង​ការងារ​រដ្ឋបាល​ស្ទះ​អី​ទេ»

លោក គន្ធាមី បន្ថែម​ថា ខ្លឹមសារ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់ បង្ហាញ​ថា ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​តម្រូវ​ឲ្យ​មាន​ក្រុម​ប្រជុំ និង​ក្រុម​សម្រេច​ស្មើ​នឹង​ពាក់​កណ្ដាល​បូក​មួយ​ក្នុង​ចំណោម​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ទាំង​អស់។ តែ​ប្រសិនបើ​បាត់បង់​សមាជិកភាព​ណា​មួយ​ក្នុង​ក្រុមប្រឹក្សា​ឃុំ​នោះ ដែល​មាន​ក្នុង​អាណត្តិ​មុន បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ ហើយ​ប្រសិនបើ​ការ​សម្រេច​មិន​គ្រប់​ចំនួន​កំណត់ មាន​ន័យ​ថា ការ​សម្រេច​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់។ បញ្ហា​នេះ​លោក​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិចារណា និង​ពិនិត្យ​ឡើង​វិញ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles