ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី១២៩ ផ្នែកសុភមង្គលក្នុងចំណោមប្រទេសចំនួន១៥៥ នៅទូទាំងពិភពលោក ដែលអង្គការសហប្រជាជាតិ បានសិក្សាវាយតម្លៃ។ ចំណាត់ថ្នាក់នេះ ធ្វើឲ្យកម្ពុជា ស្ថិតនៅពីក្រោយបណ្ដាប្រទេសសមាជិកអាស៊ានជាច្រើន។
របាយការណ៍ស្ដីពីសុភមង្គលពិភពលោក (World Happiness Report) បានចេញនៅថ្ងៃទី២០ មីនា ដើម្បីអបអរទិវាសុភមង្គលអន្តរជាតិ។
កាលពីឆ្នាំកន្លងទៅ ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី១៤០។
ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០១៧ នេះ ប្រទេសកម្ពុជា ដើរពីក្រោយឆ្ងាយពីបណ្ដាប្រទេសអាស៊ាន និងប្រទេសក្បែរខាង។ ប្រទេសវៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៩៤ ថៃ លេខ៣២ មីយ៉ាន់ម៉ា លេខ១១៤ ហើយសិង្ហបុរី លេខ២៦។ ចំណែកប្រទេសចិន វិញ ស្ថិតនៅចំណាត់ថ្នាក់ទី៧៩ ខណៈសហរដ្ឋអាមេរិក បានចំណាត់ថ្នាក់ទី១៤។
ប្រទេសន័រវែស (Norway) ជាប្រទេសមានសុភមង្គលជាងគេបំផុតលើលោក ហើយសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ជាប្រទេសនៅក្រោមបាតតារាងគេ។
នេះជាឆ្នាំទី៥ នៃការចេញផ្សាយរបាយការណ៍សុភមង្គលពិភពលោករបស់អង្គការសហប្រជាជាតិ ដែលបានចាប់ផ្ដើមបោះផ្សាយដំបូងកាលពីឆ្នាំ២០១២។
ប្រាក់ចំណូលមិនមែនជាកត្តាតែមួយមុខកំណត់ភាពសប្បាយរីករាយរបស់មនុស្សនោះទេ។
បើយោងតាមរបាយការណ៍នេះ កម្រិតសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅតាមប្រទេសនីមួយៗ ពឹងផ្អែកលើកម្រិតប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ ចំនួនឆ្នាំជាមធ្យមដែលប្រជាពលរដ្ឋអាចរស់នៅក្នុងមួយជីវិត ការគាំទ្រផ្នែកសង្គម ដូចជាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភ័ក្ដិ អភិបាលកិច្ចល្អ ដូចជាទំនុកចិត្តលើការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងរដ្ឋាភិបាល និងក្នុងការរកស៊ី សេរីភាពនៃការធ្វើសេចក្តីសម្រេចចិត្តក្នុងជីវិត និងចិត្តសប្បុរសរបស់មនុស្ស។
អ្នកធ្វើរបាយការណ៍បានជួបសម្ភាសជាមួយប្រជាពលរដ្ឋចំនួន ៣.០០០នាក់ជុំវិញពិភពលោក ហើយបានឲ្យពួកគេដាក់ពិន្ទុលើចំណុចទាំងនេះពីលេខ០ ដល់លេខ១០ ដែលលេខ១០ ជាកម្រិតល្អប្រសើរបំផុត។
កម្ពុជា ទទួលបានពិន្ទុ ៤,១៦៨។ ក្នុងចំណោមចំណុចទាំង៦ ដែលគេយកមកវាយតម្លៃកម្ពុជា ទទួលបានពិន្ទុច្រើន ផ្នែកការជួយគ្នាទៅវិញទៅមក ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមានពិន្ទុតិចជាងគេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មិនទុកចិត្តការផ្តល់ពិន្ទុរបស់ប្រជាពលរដ្ឋដែលផ្តល់សម្ភាសក្នុងរបាយការណ៍នេះ។ លោកគិតថា ពលរដ្ឋអាចទទួលឥទ្ធិពលដោយសារការទទួលបានព័ត៌មានមិនច្បាស់លាស់។
លោកបញ្ជាក់ថា ពិន្ទុដែលកម្ពុជា ទទួលបាននេះ មិនឆ្លើយតបនឹងការខិតខំរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយអំពើពុករលួយ ពិសេសក្នុងវិស័យឯកជន ហើយលោកថាការរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា ៧ភាគរយក្នុងមួយឆ្នាំ ការកើនឡើងនូវចំនួនអ្នកមានចំណូលមធ្យម ការកើនឡើងការតភ្ជាប់ទីក្រុង និងជនបទ ការកើនឡើងនូវវិនិយោគបរទេស ពិសេសដំណើរការផ្សារទំនើបធំៗ សុទ្ធសឹងតែជួយឲ្យប្រជាពលរដ្ឋរស់នៅមានសុភមង្គលជាងមុន៖ «»។
របាយការណ៍ដាច់ដោយឡែករបស់អង្គការតម្លាភាពអន្តរជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា ចាត់ទុកស្ថាប័នតុលាការ និងស្ថាប័នរដ្ឋាភិបាលជាស្ថាប័នដែលពុករលួយជាងគេបំផុត។
ត្រឡប់ទៅរបាយការណ៍សុភមង្គលពិភពលោកវិញ ករណីនៅប្រទេសចិន ខណៈសេដ្ឋកិច្ចជាតិកើនឡើង ប្រជាពលរដ្ឋបែរជាមិនសូវសប្បាយចិត្តទៅវិញ ដោយសារការភ័យខ្លាចគ្មានការងារ និងការផ្លាស់ប្ដូរសន្តិសុខសង្គម បើធៀបកាលពីពេលមុនដែលប្រទេសចិន នៅមិនទាន់ខ្លាំងដូចសព្វថ្ងៃ។
របាយការណ៍រកឃើញថា ក្រៅតែពីមានការងារ និងប្រាក់ចំណូលគ្រប់គ្រង ប្រជាពលរដ្ឋឲ្យតម្លៃលើសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ការសិក្សាអប់រំ និងជីវិតគ្រួសារ។ នៅសង្គមលោកខាងលិច ពលរដ្ឋឲ្យតម្លៃលើសុខភាពផ្លូវចិត្ត ដែលធ្វើឲ្យពួកគេសប្បាយរីករាយ ខ្លាំងជាងកត្តាប្រាក់ចំណូលការងារ និងសុខភាពផ្លូវកាយ។
ប្រធានបទសំខាន់សម្រាប់របាយការណ៍នៅឆ្នាំ២០១៧ គឺសុភមង្គលនៅកន្លែងធ្វើការងារ។ លទ្ធផលស្រាវជ្រាវរកឃើញថា មនុស្សកំពុងចំណាយពេលវេលានៃជីវិតភាគច្រើននៅកន្លែងធ្វើការ។ មនុស្សដែលមានប្រាក់ចំណូលច្រើន ទំនងជាសប្បាយរីករាយជាង ប៉ុន្តែប្រាក់មិនមែនជាកត្តាផ្ដាច់មុខវាស់វែងសុភមង្គលនោះទេ គឺតុល្យភាពជីវិតការងារ ឯកជន និងគ្រួសារ ប្រភេទការងារ និងកម្រិតនៃសេរីភាពបុគ្គល ដែលជាកត្តារួមផ្សំសំខាន់។
របាយការណ៍ឆ្នាំ២០១៨ ខាងមុខ នឹងផ្ដោតសំខាន់លើការចំណាកស្រុក៕