ប្រជាពលរដ្ឋមានបញ្ហាទំនាស់ដីធ្លីមកពីខេត្តកោះកុង មិនពេញចិត្តនឹងលទ្ធផលជួបចរចារក ដំណោះស្រាយជាមួយមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២១ មីនា។ ពលរដ្ឋទាំងនេះក៏ហាក់អស់ទំនុកចិត្តនឹងភាគីពាក់ព័ន្ធ ក្នុងការរកដំណោះស្រាយដល់ពួកគាត់។
ពលរដ្ឋមានបញ្ហាទំនាស់ដីធ្លីមកពីខេត្តកោះកុង លោកស្រី កេង ហន មានប្រសាសន៍នៅព្រឹកថ្ងៃទី២១ មីនា ថា ពួកលោកស្រីអស់សង្ឃឹមនឹងការរកដំណោះស្រាយពីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេះតែសន្យា៖ «»។
កិច្ចប្រជុំនេះ គឺធ្វើឡើងរវាងពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការអំពៅ នៅខេត្តកោះកុង និងអនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លីទី៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន ដែលទទួលបន្ទុកដោះស្រាយករណីដីធ្លីនេះ។
អាស៊ីសេរី មិនអាចទាក់ទងលោក ទេព ធន បានទេនៅថ្ងៃដដែលនេះ។ កាលពីកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហានេះកាលពីថ្ងៃទី៦ ខែកុម្ភៈ លោកថ្លែងថា ភាគីវិវាទបានយល់គ្នាហើយ។
ប៉ុន្តែនៅពេលនេះ តំណាងពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការអំពៅ នៅខេត្តកោះកុង លោកស្រី ផាវ ញ៉ឺង មានប្រសាសន៍ថា ការជួបប្រជុំចរចាដោះស្រាយគ្នាជាបន្តបន្ទាប់រហូតមកដល់ពេលចុងក្រោយនេះ ខាងលោកស្រីបានបន្ថយការទាមទារប្រាក់សំណងខូចខាតពីការឈូសឆាយរបស់ក្រុមហ៊ុនពីចំនួន ៥.០០០ដុល្លារ មកនៅ ២.៥០០ដុល្លារក្នុងមួយគ្រួសារ ក៏ក្រុមហ៊ុននៅតែមិនព្រមទៀត។ លោកស្រីបន្តថា កិច្ចប្រជុំនៅព្រឹកថ្ងៃទី២១ មីនា ត្រូវបិទលឿន ហើយលោកស្រីមិនបានជជែកអ្វីច្រើនទេ៖ «គាត់ចេះតែទាមទារឲ្យពួកខ្ញុំទៅវិញ ទៅមកៗ សុទ្ធតែចងការលុយគេ ដែលពួកខ្ញុំមកហ្នឹង។ មិនមែនមកស្រួលទេ ហើយដូចជាខ្ញុំអី ខ្ញុំទាមទារឲ្យដោះស្រាយឲ្យលឿន ព្រោះអីកងសន្តិសុខតែងតែរុញច្រានខ្ញុំ។ ហើយឥឡូវខ្ញុំឈឺខ្លាំង។ ខ្ញុំមានសំបុត្រពេទ្យ។ រុញឡើងក្រំខ្លួនអស់ ហើយខ្ញុំឈឺអត់មានលុយទេ អត់មានអីមើលទេ។ ខ្ញុំសុំឲ្យគាត់ដោះស្រាយដីឲ្យពួកខ្ញុំ និងដីលំនៅឋានពាក់ព័ន្ធនឹងលោក ហេង ហ៊ុយ។ ដោះស្រាយឲ្យលឿនមក ពីព្រោះអីក្រែងលោខ្លួនខ្ញុំស្លាប់ កូនខ្ញុំអត់មានអីរំពឹងទេ។ ខ្ញុំឈឺធ្ងន់។ ខ្ញុំអត់មានលុយកាក់អីមើលខ្លួនទៀតទេ»។
បច្ចុប្បន្ននេះ លោកស្រី ផាវ ញ៉ឺង បញ្ជាក់ថា ពលរដ្ឋបន្ថយទឹកប្រាក់ទាមទារសំណង ២.៥០០ដុល្លារ និងដីទំហំ ៣ហិកតារក្នុងមួយគ្រួសារ។
អ្នកភូមិមកពីស្រុកស្រែអំបិល ខេត្តកោះកុង មួយរូប គឺលោក ពៅ រ៉ា ដូចគ្នានឹងអ្នកផ្សេងទៀតដែរ ថ្លែងថា ដីដែលក្រសួងបម្រុងទុកសម្រាប់ពួកគាត់នោះ គឺនៅឆ្ងាយពេក៖ «»។
អ្នកភូមិប្រមាណ ១០០នាក់នេះតំណាងឲ្យពលរដ្ឋប្រមាណ ១៧៥គ្រួសារ នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា ហេង ហ៊ុយ និងក្រុមហ៊ុនស្ករអំពៅ លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦។ ពួកគាត់អះអាងថា បានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧៩ មក។ ពេលនេះ ពួកគាត់បានបាត់បង់ទាំងដីភូមិ និងដីចម្ការ ដែលតែងនាំគ្នាមកតវ៉ានៅភ្នំពេញជាញឹកញយ ព្រោះមិនទទួលបានសំណង។ កាលពីថ្ងៃទី១៤ កុម្ភៈ ពួកគាត់ ២រូប ប៉ះទង្គិចគ្នាមួយប្រាវជាមួយសន្តិសុខរាជធានីភ្នំពេញ នៅពេលពលរដ្ឋព្យាយាមដើរកាត់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីសុំអន្តរាគមន៍ពីលោក ឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់នោះ៕