Clik here to view.

ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញលោក គី ឫទ្ធី នឹងបន្តនីតិវិធីសួរចម្លើយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីដំណើររឿងសន្ទិដ្ឋិភាពជាមួយបរទេស នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ៨:៣០ ព្រឹក ស្អែកនេះ។ ការសួរចម្លើយនេះនឹងប្រព្រឹត្តទៅនៅបន្ទប់សាកសួរនៃមណ្ឌលអប់រំកែប្រែទី ៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។
មេធាវីមួយរូបនៃក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ផែង ហេង អះអាងថា ក្រុមមេធាវីរបស់លោកនឹងចូលរួមក្នុងដំណើរការនីតិវិធីសួរចម្លើយនេះ។ លោកបន្តថា ក្រុមមេធាវីនៅតែប្រកាន់ជំហរទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រឆាំងលោក កឹម សុខា ដដែល ដោយសារក្រុមមេធាវីយល់ឃើញថា លោក កឹម សុខា មិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់របស់តំណាងអយ្យការឡើយ៖ «សម្រាប់ក្រុមមេធាវី យើងនៅតែគិតថា រឿងនេះអត់មានបទល្មើសកើតឡើងចំពោះលោក កឹម សុខា ទេ ហើយការចោទថា សន្ទិដ្ឋិភាព ឬក៏ត្រូវរ៉ូវគ្នាជាមួយបរទេសនោះ រហូតមកដល់នឹងពេលនេះ គ្មានបរទេសណាមួយដែលថាមកត្រូវរ៉ូវជាមួយនឹងគាត់ ឬក៏គាត់ទៅត្រូវរ៉ូវជាមួយបរទេសមានសកម្មភាព ឬក៏មានផែនការអ្វីជាមួយគ្នា គឺវាអត់ ក្រៅតែពីសកម្មភាពសម្រាប់គោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងសិក្ខាសាលាអំពីរឿងគោលនយោបាយ។ វាមិនមែនជារឿងរៀបចំផែនការក្បត់ ឬក៏ផែនការត្រូវរ៉ូវជាមួយបរទេស»។
កាលពីពេលថ្មីៗនេះ សាលាឧទ្ធរណ៍ និងតុលាការកំពូលបានទាត់ចោលបណ្តឹងរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីការសម្រេចឃុំខ្លួន លោក កឹម សុខា ដោយតុលាការសំអាងថា ការសម្រេចឃុំខ្លួននេះ គឺជារឿងត្រឹមត្រូវតាមច្បាប់។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតំណាងអយ្យការនៃតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទ "សន្ទិដ្ឋិភាពជាមួយបរទេស" តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ដល់ ៣០ ឆ្នាំ បើតុលការរកឃើញថា លោកបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់មែននោះ។
ទាក់ទងនឹងសំណុំរឿងលោក កឹម សុខា នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោក បាននាំគ្នាចោទប្រកាន់សហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយខ្នងប្រធានគណបក្សប្រឆាំងរូបនេះ ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌ ក៏ប៉ុន្តែការចោទប្រកាន់នេះត្រូវបានច្រានចោលដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយស្ថានទូតអាមេរិកចាត់ទុកថា វាជាការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ គ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ៕