Clik here to view.

គណៈកម្មាធិការរដ្ឋសភាអាមេរិក ស្នើសុំបញ្ជីឈ្មោះមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងអំពើពុករលួយ និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីពិនិត្យដាក់ទណ្ឌកម្មផ្នែកការទូត និងទណ្ឌកម្មផ្នែកពាណិជ្ជកម្ម។
បន្ទាប់ពីសវនាការអស់រយៈពេលជិតពីរម៉ោង កាលពីថ្ងៃទី១២ ខែធ្នូ ដើម្បីស្ដាប់សក្ខីកម្មសាក្សីសំខាន់មកពីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលចំនួនពីរ អនុគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាអាមេរិក បានសម្រេចពិនិត្យមើលទណ្ឌកម្មបន្ថែមទៀតដើម្បីដាក់លើរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងគោលបំណងធ្វើយ៉ាងណាស្តារស្ថានការណ៍ដុនដាបបច្ចុប្បន្ននៅកម្ពុជា ឡើងវិញ។
ដើម្បីកំណត់ទណ្ឌកម្មថ្មីបន្ថែមឲ្យមានប្រសិទ្ធភាព និងចំគោលដៅ អនុគណៈកម្មាធិការរដ្ឋសភានេះស្នើឲ្យសាក្សីជួយស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមហ៊ុនទាំងឡាយណាដែលពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
សមាជិកសភាពីខាងគណបក្សសាធារណៈ និងជាសមាជិកគណៈកម្មការនេះ លោក ដាណា រ៉ូរ៉ាបាកគើ (Dana Rohrabacher) សង្កត់ធ្ងន់ថា ទណ្ឌកម្មដែលមានប្រសិទ្ធភាពដូចដែលបានអនុវត្តកន្លងមកលើប្រទេសផ្សេងទៀតដែរ គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើបុគ្គលក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មទាំងក្នុង និងក្រៅប្រទេសទាំងអស់នោះដែលទទួលផលពីអំពើពុករលួយពីរបបលោក ហ៊ុន សែន រួមទាំងការបង្កក និងរឹបអូសទ្រព្យសម្បត្តិ ហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងហាមឃាត់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកផង៖ «បច្ចុប្បន្ននេះ យើងឃើញថា បញ្ហាធំជាច្រើនកំពុងកើតមាននៅកម្ពុជា រួមទាំងការលួចប្លន់ដីធ្លីពលរដ្ឋដោយមន្ត្រីមានអំណាច និងបក្សពួកលោក ហ៊ុន សែន។ ដូច្នេះយើងត្រូវការបញ្ជីនេះ។ សូមរៀបចំបញ្ជីមួយឲ្យជាក់លាក់ដើម្បីអាចឲ្យគណៈកម្មាធិការយើងពិនិត្យមើលការធ្វើច្បាប់ និងស្នើទៅក្រសួងការបរទេសអាមេរិក បើកការស៊ើបអង្កេតបុគ្គល និងក្រុមហ៊ុនទាំងនេះ។ រឿងនេះយើងអាចអនុវត្តបានដោយសារតែវាមិនមែនពាក់ព័ន្ធតែឧក្រិដ្ឋកម្មផ្នែកពាណិជ្ជកម្មនោះទេ ប៉ុន្តែវាជាឧក្រិដ្ឋកម្មផ្នែកនយោបាយដោយការធ្វើទុក្ខបុកម្នេញ និងសម្លាប់សកម្មជនបក្សប្រឆាំងផងដែរ»។
ការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើពាណិជ្ជកម្មដែលលោក ដាណា រ៉ូរ៉ាបាកគើ បានស្នើនេះ គឺជាផ្នែកមួយនៃច្បាប់ គ្លបល មែកនីកស្គី (Global Magnitsky) ត្រូវបានសភាពេញអង្គរបស់សហរដ្ឋអាមេរិក អនុម័តកាលពីខែធ្នូ ឆ្នាំ២០១៦។ ច្បាប់នេះមានឥទ្ធិពលដាក់ទណ្ឌកម្មបុគ្គលណាក៏ដោយ ជាតិសាសន៍ណាក៏ដោយដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គឺបិទទិដ្ឋាការមិនអោយចូលសហរដ្ឋអាមេរិក ហើយទីពីរ គឺបង្កកទ្រព្យសម្បត្តិរបស់បុគ្គលនោះដែលដាក់តម្កល់នៅបរទេស។
ចំណុចសំខាន់បន្ទាប់ដែលគណៈកម្មាធិការនេះនឹងពិចារណាដែរ គឺការបញ្ឈប់ការអនុគ្រោះពន្ធនាំចេញទំនិញពីកម្ពុជា រួមទាំងផលិតផលខាងវិស័យកាត់ដេរ ជាពិសេស ប្រសិនបើលោក ហ៊ុន សែន នៅតែបន្តទុកឲ្យស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបច្ចុប្បន្នកាន់តែដុនដាបដដែលបែបនេះ។
សមាជិកសភាអាមេរិក មួយរូបទៀត ដែលជាសមាជិកគណៈកម្មាធិការនេះដែរ គឺលោក ប្រ៊ែដ ហ្ស៊ើម៉ែន (Brad Sherman) លើកឡើងថា ពេលនេះជាពេលដ៏សមស្របដើម្បីពិនិត្យមើលទណ្ឌកម្មផ្នែកអនុគ្រោះពន្ធនេះ។ លោកសង្ឃឹមថា សហគមន៍អឺរ៉ុប និងប្រទេសជប៉ុន នឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការពិនិត្យមើលទណ្ឌកម្មនេះ៖ «ច្បាប់សហរដ្ឋអាមេរិក ចែងច្បាស់ថា កាលណាយើងសម្រេចបិទការនាំចូលទំនិញពីបរទេសមកសហរដ្ឋអាមេរិក មានន័យថា ក្រុមហ៊ុនដែលទិញសម្លៀកបំពាក់ពីកម្ពុជា ត្រូវតែផ្តាច់កិច្ចសន្យាបញ្ជាទិញទាំងអស់ភ្លាម។ បន្ទាប់មកទៀត យើងនឹងទាមទារឲ្យក្រុមហ៊ុនអាមេរិក ទាំងអស់កុំចុះកិច្ចសន្យារកស៊ីជាមួយប្រទេសកម្ពុជា ទៅអនាគត។ ចំណាត់ការនេះនឹងមានប្រសិទ្ធភាព»។
អាស៊ីសេរី បានសម្ភាសមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា នៅក្រោយសវនាការភ្លាម ដោយកញ្ញាលើកឡើងនូវវិធានការចំនួន ៦ចំណុច ដែលចង់ឲ្យសហរដ្ឋអាមេរិក ជួយអន្តរាគមន៍។ ចំណុចពីរសំខាន់ដែលកញ្ញាស្នើឡើងត្រូវបានគណៈកម្មាធិការនេះព្រមយកទៅពិចារណាដូចខាងលើ។ ដោយឡែកចំណុចបួនផ្សេងទៀត រួមមានការទាមទារឲ្យអន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន គោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញ៖ «ប្រទេសហត្ថលេខីត្រូវជួបជុំគ្នាឡើងវិញ»។
នាយកអង្គការ NDI ដែលជាសាក្សីមួយរូបដែរ គឺលោក ឃីណេត វ៉ូឡាក់ (Kenneth Wollack) បានចាត់ទុកការរម្លាយគណបក្សសង្គ្រោះជាតិ ថាជារដ្ឋប្រហារទីបី ដែលធ្វើឡើងដោយលោក ហ៊ុន សែន។ រដ្ឋប្រហារពីរទៀត គឺការមិនព្រមប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ពេលគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតនៅឆ្នាំ១៩៩៣ និងរដ្ឋប្រហារបង្ហូរឈាមនៅឆ្នាំ១៩៩៧ ដែលបណ្ដេញគណបក្សហ្វ៊ុនស៊ិនប៉ិច ពីអំណាច។ ចំណែកឯសាក្សីទីបី គឺកញ្ញា Olivia Enos ដែលអ្នកវិភាគគោលនយោបាយអាស៊ីនៃអង្គការមូលនិធិកេរដំណែល (The Heritage Foundation) បានស្នើឲ្យគណៈកម្មាធិការនេះដាក់សម្ពាធរដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
គណៈកម្មាធិការសន្យាថា នឹងចាត់វិធានការសមស្រប និងទាន់ពេលវេលាដោយមិនឈរឱបដៃមើលប្រជាពលរដ្ឋខ្មែរដែលកំពុងរងទុក្ខដោយការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទាំងផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពីសំណាក់លោក ហ៊ុន សែន និងរដ្ឋាភិបាលសព្វថ្ងៃនេះទេ។ ទោះជាយ៉ាងនេះក្តី គណៈកម្មាធិការយល់ស្របគ្នាថា សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិអាចជួយបានផ្នែកការទូត និងទណ្ឌកម្មសេដ្ឋកិច្ចក៏ពិតមែន ប៉ុន្តែ សិទ្ធិសម្រេចជោគវាសនាប្រទេសកម្ពុជា គឺស្ថិតក្នុងកណ្ដាប់ដៃប្រជាពលរដ្ឋខ្មែរខ្លួនឯង ដែលជាអ្នកសម្រេចថាតើមេដឹកនាំ និងការដឹកនាំបែបណាដែលពួកគាត់ត្រូវការស្របតាមឆន្ទៈពិតប្រាកដ ដោយគ្មានការគំរាមកំហែង ឬសម្លុតបំភ័យ៕