
អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអ្នករត់ម៉ូតូកង់បី និងកម្មករជាដើមនោះ ស្នើឲ្យរដ្ឋាភិបាលអនុវត្តដោយស្មើភាពគ្នារវាងអ្នកជំងឺដែលទទួលបានកាតបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអ្នកជំងឺដែលទៅព្យាបាលដោយបង់លុយផ្ទាល់។ ការស្នើឡើងបែបនេះ ដោយសារកន្លងមកពួកគាត់ជួបការលំបាកដោយសារគ្រូពេទ្យនៅតែរើសអើងចំពោះអ្នកជំងឺ។
ការស្នើសុំរបស់អ្នករត់ម៉ូតូកង់បី កម្មករសំណង់ និងសហជីពនៅក្រោយពេលពួកគេបានដឹងថា រដ្ឋាភិបាលមានគម្រោងផ្ដល់អត្ថប្រយោជន៍របបថែទាំសុខភាព និងរបបគ្រោះថ្នាក់ការងារដល់ក្រុមអ្នកប្រកបរបរនៅក្រៅប្រព័ន្ធឲ្យដូចអ្នកប្រកបមុខរបរក្នុងប្រព័ន្ធ និងមន្ត្រីរាជការដែរ។
អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម លោក ជាវ ប៊ុនរិទ្ធិ បានឲ្យអ្នកសារព័ត៌មានដឹងអំពីអត្ថប្រយោជន៍ដែលបុគ្គលិក កម្មករ និយោជិត ទាំងក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធ និងមន្ត្រីរាជការទទួលពីរដ្ឋាភិបាល គឺចាប់ពីចុងខែធ្នូ នេះទៅ ពួកគេនឹងទទួលបានការធានារ៉ាប់រងលើការចេញថ្លៃទាំងស្រុងលើរបបគ្រោះថ្នាក់ការងារ ដោយផ្ដោតសំខាន់លើសកម្មភាព៣ គឺគ្រោះថ្នាក់នៅកន្លែងដែលកម្មករ និយោជិត បំពេញការងារឲ្យនិយោជកក្នុងសហគ្រាស គ្រឹះស្ថាន ឫក្រុមហ៊ុន។ គ្រោះថ្នាក់នៅពេលដែលកម្មករ និយោជិតធ្វើដំណើរពីកន្លែងធ្វើការត្រឡប់ទៅផ្ទះ ឫចេញពីផ្ទះទៅកន្លែងការងារ និងករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារផងដែរ និងមានការធានាគ្រោះថ្នាក់នៅពេលដែលកម្មករ និយោជិតកើតជំងឺដោយសារបំពេញវិជ្ជាជីវៈ។
ដោយឡែកចំពោះរបបថែទាំសុខភាព លោក ជាវ ប៊ុនរិទ្ធិ អះអាងថា ប.ស.ស ធានារ៉ាប់រង២៤ម៉ោងលើ២៤ម៉ោង។ ប.ស.ស បានចុះកិច្ចសន្យាជាមួយមន្ទីរពេទ្យរដ្ឋ និងឯកជនប្រមាណជាង ១ពាន់មន្ទីរពេទ្យ ដែលបានផ្ដល់សេវាថែទាំសុខភាពដល់បុគ្គលិក កម្មករ និយោជិតទាំងថ្នាក់ក្រោមជាតិ និងនៅថ្នាក់ជាតិ។
លោក ជាវ ប៊ុនរិទ្ធិ អះអាងប្រាប់គេហទំព័រសារព័ត៌មានឈ្មោះ "សប្បាយ" ថា ដើម្បីឲ្យបុគ្គលិក កម្មករ និយោជិត ទូទាំងប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីអំពាវនាវដល់បណ្ដាគ្រឹះស្ថាន សហគ្រាស ទោះបីប្រើកម្មករ និយោជិតក្រៅប្រព័ន្ធក្ដី ក្នុងប្រព័ន្ធក្ដី និងប្រជាពលរដ្ឋជាអ្នករត់ម៉ូតូឌុប អ្នករត់កង់បី ត្រូវតែទៅចុះបញ្ជីនៅអគារបេឡាជាតិរបបសន្តិសុខសង្គម ដែលមានទីតាំងក្នុងទីស្នាក់ការក្រសួងការងារ និងសាខា ប.ស.ស តាមខណ្ឌ និងតាមខេត្ត។
ចំពោះឯកសារតម្រូវ គឺត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយប្រសិនបើបាត់អត្តសញ្ញាណប័ណ្ណ អាចទៅធ្វើនៅ ប.ស.ស ក៏បានដែរ ដោយសារ ប.ស.ស បានសហការជាមួយនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ។ ការចុះបញ្ជីនេះ មិនតម្រូវឲ្យមានការបង់លុយទេ៖ «»។
បើទោះជា ប.ស.ស អះអាងថា ស្ថាប័នរដ្ឋបានចុះកិច្ចព្រមព្រៀងសហការគ្នាជាមួយមន្ទីរពេទ្យរដ្ឋស្ទើរទាំងអស់ក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្នកដែលទៅទទួលយកសេវាព្យាបាលតាមរយៈប័ណ្ណ ប.ស.ស ត្អូញត្អែរថា ពួកគេមិនដែលទទួលបានការរួសរាយរាក់ទាក់ពីក្រុមគ្រូពេទ្យនោះទេ។
បុរសជាអ្នករត់ម៉ូតូកង់បីនៅរាជធានីភ្នំពេញម្នាក់ ហាក់មិនសូវរំភើបចំពោះកាដូថ្មីដែលរដ្ឋាភិបាលប្រកាសគ្រោងផ្ដល់ឲ្យនោះទេ។ លោកអះអាងថា លោក និងក្រុមគ្រួសារជាអ្នកជួបផ្ទាល់នៅពេលដែលសាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបង្ហាញប័ណ្ណ ប.ស.ស នេះទៅគ្រូពេទ្យនៃមន្ទីរពេទ្យរុស្ស៊ី មិនសូវមានការរាក់ទាក់ ដូចកាលពីពេលមិនទាន់បង្ហាញប័ណ្ណឡើយ៖ «»។
ចំណែកកម្មករសំណង់វិញក៏មើលឃើញស្រដៀងគ្នាដែរ។ លោកស្នើឲ្យស្ថាប័នរដ្ឋមួយនេះ បង្កើនទំនុកចិត្តបន្ថែមទៀតសម្រាប់សមាជិក ប.ស.ស៖ «»។
មន្ទីរពេទ្យរដ្ឋដែល ប.ស.ស បានចាប់ដៃសហការគ្នានោះ មាននៅថ្នាក់ក្រោមជាតិ ដូចជា គ្រប់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកមន្ទីរពេទ្យថ្នាក់ជាតិ មានមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យលោកសង្ឃ ព្រះអង្គឌួង មន្ទីរពេទ្យរុស្ស៊ី និងមន្ទីរពេទ្យមួយចំនួនទៀត។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មើលឃើញថា ការរើសអើងពីក្រុមគ្រូពេទ្យរដ្ឋចំពោះអ្នកកាន់ប័ណ្ណ ប.ស.ស មួយរយៈពេលចុងក្រោយនេះ មានការកាត់បន្ថយបន្តិចបន្តួចហើយ។ ប៉ុន្តែបើទោះជាយ៉ាងណា លោក អាត់ ធន់ ថា នៅតែមានករណីក្រុមគ្រូពេទ្យរដ្ឋរើសអើងសមាជិក ប.ស.ស និងពេទ្យឯកជនមួយចំនួនបានត្អូញត្អែរពីការបង់ថ្លៃទូទាត់ទៅវិញយឺតយ៉ាវ និងមានតម្លៃទាប ទើបមន្ទីរពេទ្យឯកជនមួយចំនួននៅមានការលំបាកសម្រាប់អ្នកជំងឺដែលជាសមាជិក ប.ស.ស៖ «»។
ប្រធាន ប.ស.ស លោក ជាវ ប៊ុនរិទ្ធិ អះអាងថា មន្ត្រីរាជការនឹងទទួលបានរបបថែទាំសុខភាព និងរបបគ្រោះថ្នាក់ការងារពី ប.ស.ស ដែរ បន្ថែមពីលើរបបសោធននិវត្តន៍។ លោកថា រដ្ឋាភិបាលកំពុងធ្វើយ៉ាងណាឲ្យមានតុល្យភាពគ្នារវាងវិស័យឯកជន និងវិស័យសាធារណៈ ហើយបច្ចុប្បន្ននេះវិស័យឯកជនបានដើរនាំមុខរួចហើយលើរបបគ្រោះថ្នាក់ការងារ និងថែទាំសុខភាព។ មន្ត្រីរាជការនឹងទទួលបានរបបនេះនៅឆ្នាំ២០១៨។ លោកអះអាងថា ទាំងវិស័យរដ្ឋ និងវិស័យឯកជន នឹងទទួលបានអត្ថប្រយោជន៍នេះស្មើៗគ្នា។
កាលពីចុងខែឧសភា បេឡាជាតិរបបសន្តិសុខសង្គម រងការរិះគន់ពីស្វាមី និងគ្រួសាររបស់សពកម្មការិនីម្នាក់ថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យស្រលាញ់ទារក ឬមន្ទីរពេទ្យជប៉ុន បានរើសអើងរហូតបណ្ដាលឲ្យកម្មការិនី ឈ្មោះ ឈា សារិន ស្លាប់ទាំងកូននៅក្នុងផ្ទៃពេលកំពុងសម្រាលកូន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មើលឃើញថា ដើម្បីបង្ការកុំឲ្យរបបទាំងពីរ (របបគ្រោះថ្នាក់ការងារ និងរបបថែទាំសុខភាព) ដែល ប.ស.ស ផ្ដល់ឲ្យ រងការរិះគន់ថា គ្មានប្រសិទ្ធភាព ឬរងការរើសអើងពីគ្រូពេទ្យទៀត ស្ថាប័នបេឡាជាតិរបបសន្តិសុខសង្គម ត្រូវស្នើសុំទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីពង្រឹងក្រមសីលធម៌គ្រូពេទ្យ ដាក់ពិន័យ ឬព្រមានចំពោះគ្រូពេទ្យណាដែលប្រើភាសា កាយវិការ ឥរិយាបថ មិនសមរម្យលើអ្នកជំងឺដែលកាន់ប័ណ្ណ ប.ស.ស។
លោកបន្តថា ប.ស.ស ត្រូវផ្សព្វផ្សាយឲ្យបានទូលាយទាំងក្រុមគ្រូពេទ្យ និងអ្នកប្រើប្រាស់ឲ្យបានយល់ពីសេវាដែលអ្នកជំងឺត្រូវការ និងមន្ទីរពេទ្យមានផ្ដល់ឲ្យ។ ដោយឡែកអ្នកជំងឺខ្លួនឯងក៏ត្រូវយល់ឲ្យច្បាស់បន្ថែមទៀតពីភាពជាសមាជិករបស់ ប.ស.ស។ លោក អាត់ ធន់ ហៅការផ្ដល់សេវាទាំងពីររបស់ ប.ស.ស នេះថាគឺជាសេវាថ្មី ដូច្នេះត្រូវទាមទារឲ្យមានចូលរួមពីគ្រប់ភាគីទើប ប.ស.ស អាចជៀសផុតពីការរិះគន់ដូចសព្វថ្ងៃ៕