Quantcast
Viewing all articles
Browse latest Browse all 11174

សហគមន៍​ដីធ្លី​នៅ​បុរីកីឡា​ហៅ​ការ​ដាក់​ឱសានវាទ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​ជា​ការ​សម្លាប់​ពលរដ្ឋ​ក្រីក្រ

Image may be NSFW.
Clik here to view.

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ក្នុង​សហគមន៍​បុរីកីឡា រក្សា​ជំហរ​មិន​ចាក​ចេញ​ពី​ផ្ទះ​តាម​ការ​ដាក់​ឱសានវាទ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ នោះ​ទេ។ ពលរដ្ឋ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​យល់​ថា ទង្វើ​របស់​សាលាក្រុង គឺ​ជា​ការ​សម្លាប់​ពលរដ្ឋ​ក្រីក្រ​ដែល​ជា​ម្ចាស់​ដី ហើយ​បច្ចុប្បន្ន ម្ចាស់​ដី​ទាំង​នោះ​កំពុង​ប្រឈម​បញ្ហា​លំបាក​គ្រប់​បែប​យ៉ាង។

​សហគមន៍​រងគ្រោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​ប្រកាស​ដាក់​ឱសានវាទ​បង្ខំ​ឲ្យ​ពួកគេ​ទទួល​យក​សំណង​ដើម្បី​ចាក​ចេញ​ពី​ផ្ទះសម្បែង នៅ​មុន​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧។ ពលរដ្ឋ​រងគ្រោះ​ដីធ្លី ហៅ​ការ​ដាក់​ឱសានវាទ​របស់​អាជ្ញាធរ គឺ​ជា​ការ​បង្ខំ​ឲ្យ​ពួកគាត់​ទាល់ច្រក គ្មាន​ផ្លូវ​សម្រាប់​រស់នៅ​សមរម្យ​ដូច​ពលរដ្ឋ​ដទៃ​ទៀត។

តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​បុរីកីឡា អ្នកស្រី ង៉ូវ ណារី អះអាង​ថា ពួកគាត់​នឹង​មិន​ចាក​ចេញ​ពី​លំនៅឋាន​ជា​ដាច់​ខាត បើ​ទោះ​ជា​ប្រឈមមុខ​នឹង​ការ​ប្រើ​ហិង្សា ឬ​ផ្លូវ​តុលាការ ពីព្រោះ​ទី​នេះ​នៅ​ជិត​ផ្សារ ជិត​សាលារៀន ដែល​ងាយ​ស្រួល​សម្រាប់​កូន​សិក្សា។ អ្នកស្រី ង៉ូវ ណារី ឲ្យ​ដឹង​ទៀត​ថា សហគមន៍​បុរីកីឡា កំពុង​ពិភាក្សា​គ្នា​ដើម្បី​តវ៉ា​ជាមួយ​ឈ្មួញ គឺ​អ្នកស្រី ស៊ុយ សុផាន និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ៖ «»។

​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ បាន​ចេញ​សេចក្ដី​ជូនដំណឹង​កំណត់​រយៈពេល​ចុង​ក្រោយ​នៃ​ការ​ទទួល​ដោះស្រាយ​សំណង​គោលនយោបាយ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​សហគមន៍​បុរីកីឡា ដោយ​ទុក​រយៈពេល​២​សប្ដាហ៍ គឺ​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ ពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន ត្រូវ​ទៅ​ទទួល​យក​សំណង​ជា​កំហិត។ ផុត​ថ្ងៃ​ទី​២២ ខែ​ធ្នូ អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​អនុវត្ត​វិធានការ​រដ្ឋបាល និង​ប្រើប្រាស់​យន្តការ​តុលាការ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ផលប្រយោជន៍ និង​ថែមទាំង​បញ្ឈប់​រាល់​ការ​ដោះស្រាយ​សំណង ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាត់​ទុក​ថា ពលរដ្ឋ​ទាំង​នោះ​បោះបង់​សិទ្ធិ​ក្នុង​ការ​ទទួល​យក​សំណង​គោលនយោបាយ​របស់​ខ្លួន។

សហគមន៍​មាន​ជម្លោះ​ដីធ្លី​យល់​ថា ទង្វើ​របស់​សាលាក្រុង​ជា​ការ​សម្លាប់​ពលរដ្ឋ​ក្រីក្រ​ដែល​ជា​ម្ចាស់​ដី ហើយ​បច្ចុប្បន្ន ម្ចាស់​ដី​ទាំងនោះ​កំពុង​ប្រឈមមុខ​ជីវភាព​ទីទ័ល ដោយសារ​ម្ចាស់​ដី​ខ្លះ​ធ្លាក់​ខ្លួន​រស់​នៅ​តាម​សំយាក​ផ្ទះ​គេ និង​នៅ​ក្រោម​ជណ្ដើរ​អគារ ដោយ​អ្នក​ខ្លះ​ប្រកប​មុខ​របរ​រើស​អេតចាយ បេះ​ត្រកួន ឬ ស៊ី​ឈ្នួល​បោក​ខោអាវ​ជាដើម ដើម្បី​យក​លុយ​ផ្គត់ផ្គង់​កូន​ឲ្យ​បាន​ទៅ​សាលារៀន។

​ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា អះអាង​ថា ក្រោយ​ពេល​ពួកគេ​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ចាប់​តាំងពី​ឆ្នាំ​២០១០​មក កូន​ប្រុស​ស្រី​របស់​ពួកគេ​បាន​បោះបង់ចោល​ការ​សិក្សា​ជា​បន្តបន្ទាប់ ដោយ​ក្មេង​ប្រុស​ខ្លះ​បាន​ធ្លាក់​ខ្លួន​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន ឯ​ក្មេង​ស្រី​វិញ បាន​ទៅ​ប្រកប​របរ​ជា​ស្ត្រី​ឡង់សេ​ស្រាបៀរ ដែល​សង្គម​រើសអើង។

តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ភូមិ​ថ្មគោល ឬ​សហគមន៍ អេស.អូ.អេស (SOS) ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ពោធិចិនតុង) អ្នកស្រី ច្រាយ នីម យល់​ថា ឱសានវាទ​របស់​សាលាក្រុង​ភ្នំពេញ បង្ខំ​ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា ទទួល​យក​សំណង​មិន​សមរម្យ​នេះ ក៏​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​សហគមន៍​រង​គ្រោះ​ដីធ្លី​ដទៃ​ទៀត​ដែរ។ អ្នកស្រី ច្រាយ នីម រំលឹក​ថា រូបភាព​ដែល​សាលាក្រុង​បន្សល់​ទុក​ឲ្យ​អ្នកភូមិ​ថ្មគោល ឈឺ​ចាប់​ដល់​សព្វថ្ងៃ គឺ​កាល​ពី​ឆ្នាំ​២០១២ អាជ្ញាធរ​បាន​ទុក​ឱសានវាទ ៧​ថ្ងៃ ឲ្យ​អ្នក​ភូមិ​រុះ​រើស​ផ្ទះសម្បែង​ដោយ​ខ្លួន​ឯង ចាកចេញ​ដោយ​គ្មាន​សំណង។ អ្នកស្រី ច្រាយ នីម អះអាង​ថា សហគមន៍​រងគ្រោះ​ដីធ្លី នឹង​សហការ​គ្នា​តវ៉ា​ស៊ូ​ស្លាប់​រើ​បម្រាស់​ពី​ការ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះសម្បែង៖ «»។

អ្នក​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះដីធ្លី​តាំងពី​ឆ្នាំ​២០១០ និង​រង​ការ​ឈូស​កម្ទេច​ផ្ទះ​កាលពី​ឆ្នាំ​២០១២ បាន​អះអាង​ថា អភិបាលរង​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧ ធ្លាប់​ដាក់​ឱសានវាទ​ឲ្យ​អ្នក​បុរីកីឡា ម្ដង​រួច​មក​ហើយ គឺ​ផ្ដល់​ជម្រើស​ពីរ​សម្រាប់​ពួកគាត់។ ជម្រើស​ទី​១ ទទួល​យក​លុយ ៣​ពាន់​ដុល្លារ ដើម្បី​ចាកចេញ ឬ​ជម្រើស​ទី​២ ត្រូវ​ទៅ​រស់​នៅ​ភូមិ​អណ្ដូង ដែល​ជា​តំបន់​ដាច់​ស្រយាល​នៅ​ជាយ​រាជធានី​ភ្នំពេញ។ កាល​ណោះ ក្រុម​ពលរដ្ឋ​បុរីកីឡា ទាំង ១៥​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ទុក​ពេល​ឲ្យ ១​ខែ និង​ព្រមាន​បណ្ដេញ​ចេញ​ទាំង​បង្ខំ បើ​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​ណា​មួយ​ក្នុង​ចំណោម​ដំណោះស្រាយ​ទាំង​ពីរ ប៉ុន្តែ​អ្នក​បុរីកីឡា​រក្សា​ជំហរ​ទាមទារ​រស់​នៅ​ក្នុង​អគារ​នៅ​បុរីកីឡា ដែល​ក្រុមហ៊ុន​សន្យា​សង់​ឲ្យ ឬ​ទទួល​យក​សំណង​សមរម្យ​ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ការ​ដាក់​ឱសានវាទ​ថ្មី​មួយ​ទៀត​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​នេះ គឺ​ជា​ការ​គំរាមកំហែង​បន្ថែម​ទៀត​ទៅ​លើ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា។ លោក អំ សំអាត យល់​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ គួរ​រក​ដំណោះស្រាយ​ឲ្យ​គ្រប់​ភាគី​ជម្លោះ​ទទួល​យក​បាន ជា​ជាង​ការ​ដាក់​កំហិត​បង្ខំ​ឲ្យ​ពលរដ្ឋ​បុរីកីឡា​ ចាកចេញ​ទាំង​សំណង​ដែល​ពួកគេ​មិន​ពេញ​ចិត្ត៖ «»។

​សង្គម​ស៊ីវិល​យល់​ថា ប្រសិនបើ​អាជ្ញា​ធរមាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា នឹង​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ងាយស្រួល តួយ៉ាង​មាន​ករណី​ទំនាស់​ដីធ្លី​ធំៗ​ជាង​ករណី​បុរីកីឡា ច្រើន​ណាស់ ដែល​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដោះស្រាយ​បាន​យ៉ាង​ល្អ ហើយ​គ្រប់​ភាគី​ទទួល​យក​បាន។

​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា នឹង​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​វិឡា​របស់​អ្នកស្រី ស៊ុយ សុផាន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​ឱសានវាទ និង​ដើម្បី​បង្ហាញ​ជំហរ​ពី​ការ​មិន​ព្រម​ចាក​ចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles