Clik here to view.

ការសម្រេចសេចក្ដីក្នុងសំណុំរឿងនៅសាលាក្ដីខ្មែរក្រហម ពាក់ព័ន្ធនឹងអ្នកស្រី អ៊ឹម ចែម ដែលជាអតីតចៅហ្វាយស្រុកមួយ នៅខេត្តពាយ័ព្យនៃប្រទេសកម្ពុជា ថាតើនឹងត្រូវបញ្ជូនអ្នកស្រីទៅកាត់ទោស ឬត្រូវលើកលែងការចោទប្រកាន់ទាំងអស់នៅត្រឹមនេះ ឬយ៉ាងណានោះ នឹងដឹងលទ្ធផលនៅឆ្នាំក្រោយ។
រឿងក្ដីអតីតកម្មាភិបាលខ្មែរក្រហម អ្នកស្រី អ៊ឹម ចែម នឹងសម្រេចជាចុងក្រោយនៅត្រីមាសទី២ ឆ្នាំ២០១៨។ សាលាក្ដីខ្មែរក្រហមចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែធ្នូ នេះ ថាអង្គបុរេជំនុំជម្រះនឹងសម្រេចថា តើមានភស្តុតាងគ្រប់គ្រាន់ដែលថា អ្នកស្រី អ៊ឹម ចែម ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ និងថាតើតុលាការកូនកាត់មួយនេះ មានយុត្តាធិការលើអ្នកស្រីដែរ ឬយ៉ាងណា?
សេចក្ដីជូនដំណឹងនេះ ធ្វើឡើងនៅក្រោយពីអង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម បានបើកសវនាការពីរថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ លើបណ្ដឹងឧទ្ធរណ៍ប្រឆាំងដីកាដំណោះស្រាយ។ ដីកាដំណោះស្រាយនេះ ចេញដោយសហចៅក្រមស៊ើបអង្កេតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ដោយមានសំអាងហេតុលើកលែងការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម ដោយហេតុផលថា តុលាការគ្មានយុត្តាធិការបុគ្គលគ្រប់គ្រាន់ ព្រោះអ្នកស្រីមិនស្ថិតក្នុងចំណាត់ថ្នាក់នៃជនដែលជាមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ ឬជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ប៉ុន្តែសេចក្ដីសម្រេចនេះ ត្រូវបានសហព្រះរាជអាជ្ញាអន្តរជាតិប្ដឹងជំទាស់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។
សហព្រះរាជអាជ្ញាអន្តរជាតិលើកឡើងថា ទោះជាគ្មានភស្តុតាងណាបញ្ជាក់ថា អ្នកស្រី អ៊ឹម ចែម ជាមេដឹកនាំជាន់ខ្ពស់ក៏ដោយ តែអ្នកស្រីមានតួនាទីនៅភូមិភាគនិរតី និងមានតួនាទីជាគណៈស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងរបបខ្មែរក្រហម ដែលមានការសម្លាប់មនុស្សយ៉ាងរង្គាល។ សហព្រះរាជអាជ្ញាជាតិ ជំទាស់នឹងការកាត់ក្តីនេះ។ ប៉ុន្តែ សហព្រះរាជាអាជ្ញាអន្តរជាតិ បញ្ជាក់ជំហរថា ការជំនុំជម្រះក្តីអតីតមេដឹកនាំជាន់ខ្ពស់ ឬអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហម នឹងធ្វើឲ្យសាធារណជនកើនសេចក្ដីជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងជាសារមួយបញ្ជាក់ថា មេដឹកនាំដែលកាន់អំណាចមិនអាចគេចវេះជារៀងរហូតពីការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋទាំងឡាយដែលខ្លួនបានប្រព្រឹត្តពេលខ្លួននៅមានអំណាចនោះឡើយ។
រហូតមកដល់ពេលនេះ សាលាក្ដីខ្មែរក្រហមបើកដំណើរការកាត់ក្ដីអស់រយៈពេលជាង ១២ឆ្នាំហើយ និងចំណាយថវិកាអស់ជាង ៣០០លានដុល្លារ ដែលស្ទើរតែទាំងអស់បានពីជំនួយឧបត្ថម្ភរបស់ប្រទេសម្ចាស់ជំនួយនៃសហគមន៍អន្តរជាតិ។ ជាលទ្ធផល សាលាក្ដីនេះបានកាត់ទោសឲ្យអតីតមេគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង ០០១ ជាប់ពន្ធនាគារអស់មួយជីវិត។ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺលោក ខៀវ សំផន និង នួន ជា ក្នុងសំណុំរឿង ០០២/០២ វិញ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។ ការស៊ើបអង្កេតលើសំណុំរឿងពីរផ្សេងទៀត គឺសំណុំរឿង ០០៣ ដែលមានជនត្រូវចោទ មាស មុត និងសំណុំរឿង ០០៤ ដែលមានជនត្រូវចោទ អោ អាន និង យឹម ទិត្យ ត្រូវបានបិទបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៦។ នីតិវិធីបន្តក្នុងសំណុំរឿងទាំងពីរនេះ នៅមិនទាន់បិទបញ្ចប់ជាស្ថាពរនៅឡើយទេ៕