
ក្រសួងកសិកម្ម លើកឡើងថា ជំងឺផ្ដាសាយបក្សី H5N1បានកើតឡើងទៅលើសត្វមាន់នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការផ្ទុះឡើងវិញនៃជំងឺផ្ដាសាយបក្សី H5N1 បានបណ្ដាលឲ្យសត្វមាន់ងាប់ចំនួន ២០០ក្បាល កាលពីថ្ងៃទី២៨ វិច្ឆិកា។ លទ្ធផលនៃការស្រាវជ្រាវ និងវិភាគលើសំណាកសត្វមាន់ងាប់ចំនួនពីរក្បាលនៅថ្ងៃទី៦ ធ្នូ គឺបង្ហាញថា មាន់ទាំងនោះមានជំងឺផ្ដាសាយបក្សី H5N1។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចេញលិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ ធ្នូ អំពីបញ្ហានេះ ដោយបញ្ជាក់ថា ក្រុមបច្ចេកទេសជំនាញបានណែនាំកសិករ ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរភូមិ-ឃុំ អំពីគ្រោះថ្នាក់នៃជំងឺផ្ដាសាយបក្សី និងវិធានការការពារឆ្លងជំងឺ ហើយត្រូវរាយការណ៍ព័ត៌មានពីបក្សីឈឺ ឬងាប់ ក្នុងមូលដ្ឋានទៅដល់មន្ត្រីបសុពេទ្យ ស្រុក-ខេត្ត។
លិខិតដដែលបន្ថែមទៀតថា ក្រសួងកសិកម្ម បានចាត់មន្ត្រីជំនាញចុះអនុវត្តវិធានការបសុព្យាបាល និងបន្តអង្កេតស្ថានភាពជំងឺបក្សីនៅតាមបណ្ដាភូមិជុំវិញតំបន់កើតហេតុ នៅឃុំត្រពាំងព្រះ ជាប្រចាំ។ លើសពីនេះ ក្រសួងក៏ប្រកាសកំណត់ពីតំបន់ផ្ទុះជំងឺផ្ដាសាយបក្សី និងផ្សព្វផ្សាយអំពីជំងឺនេះដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ស្របតាមច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ៕