Clik here to view.

អ្នកនាំពាក្យមហាអយ្យការអមតុលាការកំពូល ឲ្យអាស៊ីសេរី ដឹងថា តុលាការកំពូលមិនទាន់សម្រេចថា សើរើ ឬអត់នោះទេ ចំពោះបណ្ដឹងប្រឆាំងសាលដីការំលាយគណបក្សសង្គ្រោះជាតិ ដែលតំណាងរាស្ត្របក្សប្រឆាំងបានដាក់ពាក្យប្ដឹងកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ។
អ្នកនាំពាក្យ និងជាអគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ឲ្យដឹងថា ផ្នែករដ្ឋបាលបានទទួលពាក្យបណ្ដឹងពីមេធាវីរបស់លោក អ៊ូ ច័ន្ទរ័ត្ន រួចរាល់ហើយ។ ចំណែកនីតិវិធីបន្តថាត្រូវពិនិត្យឡើងវិញ ឬមិនពិនិត្យនោះ លោក អ៊ុក គឹមសិទ្ធិ អះអាងថា អាស្រ័យលើការពិចារណារបស់តុលាការកំពូល៖ «»។
តំណាងរាស្ត្ររដ្ឋសភាជាប់ឆ្នោតដោយមានការគាំទ្រពីពលរដ្ឋនៅមណ្ឌលខែត្រតាកែវ របស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន កាលពីថ្ងៃទី៨ ខែធ្នូ បានដាក់ពាក្យប្ដឹងទៅតុលាការកំពូលដើម្បីប្រឆាំងសាលដីការំលាយគណបក្សសង្គ្រោះជាតិ និងស្នើតុលាការកំពូលទប់ស្កាត់កុំឱ្យស្ថាប័នរដ្ឋយកអាសនៈរបស់បក្សប្រឆាំងដែលពលរដ្ឋបោះឆ្នោតឲ្យទៅបែងចែកគ្នាតាមអំពើចិត្ត។ ម្យ៉ាងទៀត លោក អ៊ូ ច័ន្ទរ័ត្ន បានស្នើសុំរក្សាសិទ្ធិធ្វើនយោបាយសម្រាប់ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង ១១៨នាក់ ដែលតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយ ៥ឆ្នាំ និងសុំអោយតុលាការកំពូលជំនុំជម្រះសាជាថ្មីឡើងវិញជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅការប្រឹងប្រែងរបស់តំណាងរាស្ត្របក្សប្រឆាំងថាគឺជាការឥតប្រយោជន៍ ព្រោះសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ វិច្ឆិកា ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។ ចំណែកអ្នកវិភាគវិញមើលឃើញថា បណ្ដឹងនេះមិនមានផលល្អសម្រាប់គណបក្សសង្គ្រោះជាតិ នោះទេ បើទោះជាតុលាការកំពូល យល់ព្រមបើកសវនាការឡើងវិញ ឬមិនព្រមក៏ដោយ។
លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ពាក្យបណ្ដឹងរបស់លោកជាការសម្ដែងមតិផ្ទាល់ខ្លួនថា លោកមិនពេញចិត្តនឹងការសម្រេចដ៏ខុសឆ្គងរបស់តុលាការកំពូលក្នុងការរំលាយបក្សប្រឆាំង។ តំណាងរាស្ត្ររូបនេះថា លោកជាអ្នកប្ដឹងតុលាការជាអ្នកសម្រេច ឯពលរដ្ឋម្ចាស់ប្រទេសជាអ្នកវិនិច្ឆ័យ៕