Clik here to view.

សមាជិកព្រឹទ្ធសភាអាមេរិក លោក ថិត គ្រូស (Ted Cruz) អបអរសាទររដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិក ធីលលើសិន (Rex Tillerson) ដែលបានបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារដែលពាក់ព័ន្ធការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌។
សេចក្ដីថ្លែងការណ៍របស់ លោក ថិត គ្រូស ចេញកាលពីថ្ងៃទី៨ ខែធ្នូ បញ្ជាក់ថា ការបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារ ជាជំហានដំបូងដ៏មានប្រសិទ្ធភាពឆ្ពោះទៅស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ និងក៏ជាការឆ្លើយតបដ៏ចាំបាច់មួយចំពោះការកើនឡើងឥទ្ធិពលចិន នៅកម្ពុជា។
លោកបន្តថា លោក ហ៊ុន សែន មានជម្រើសដ៏សាមញ្ញមួយគឺត្រូវដោះលែងលោក កឹម សុខា អនុញ្ញាតឲ្យលោក សម រង្ស៊ី អាចចូលស្រុកវិញបាន លុបចោលសាលដីការម្លាយគណបក្សសង្គ្រោះជាតិ និងលើកលែងការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយ និងអនុញ្ញាតឲ្យមានសេរីភាពផ្នែកបញ្ចេញមតិពេញលេញ បើមិនដូច្នោះទេ កម្ពុជានឹងរកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ថែមទៀត។
លោក ថិត គ្រូស សរសេរបន្ថែមទៀតថា ពលរដ្ឋកម្ពុជា សមតែទទួលបានមេដឹកនាំល្អ ជាជាងមេដឹកនាំជាបុរសខ្លាំង ផ្តាច់ការ។ លោកសន្យាថា សហរដ្ឋអាមេរិកនឹងមិនបង្អង់ដៃចំពោះការប្តេជ្ញាការពារសិទ្ធិសេរីភាពនោះទេ។ ទោះបីសហរដ្ឋអាមេរិក បានលុបចោលជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា និងហាមឃាត់មន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារមិនឲ្យចូលអាមេរិក ក៏ដោយ ក៏រដ្ឋាភិបាលលោក ហ៊ុន សែន នៅមិនទាន់បន្ទន់ឥរិយាបថនៅឡើយទេ ហើយថែមទាំងចោទសហរដ្ឋអាមេរិកថា ការផ្អាកទិដ្ឋាការនោះជារឿងនយោបាយ។
ព្រឹទ្ធសភាដ៏មានឥទ្ធិពល លោក ថិត គ្រូស កាលពីខែតុលា បានផ្ញើលិខិតមួយច្បាប់ទៅទូតខ្មែរប្រចាំនៅអាមេរិក ទាមទារឲ្យដោះលែង លោក កឹម សុខា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនចង់រងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕