មន្ត្រីជំនាញត្រួតពិនិត្យចំណីអាហារប្រចាំខេត្តព្រះសីហនុ បន្តព្រួយបារម្ភអំពីទំនិញខូចគុណភាព និងទំនិញផលិតគ្មានស្លាកសញ្ញាក្រុមហ៊ុននានា ត្រូវបានក្រុមអាជីវករមួយចំនួនបន្តដាក់លក់នៅលើទីផ្សារ ជាពិសេសទីផ្សារមានទីតាំងឆ្ងាយពីទីប្រជុំជន។
ករណីនេះ មន្ត្រីឃ្លាំមើលការងារអភិវឌ្ឍន៍សង្គម ស្នើឲ្យមន្ត្រីជំនាញត្រួតពិនិត្យម្ហូបអាហារ ឬទំនិញផ្សេងៗ ត្រូវកសាងសំណុំរឿងអ្នកជាប់ពាក់ព័ន្ធនឹងការដាក់លក់ទំនិញខូចគុណភាព និងផលិតគ្មានបច្ចេកទេស បញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសទើបរាងចាល។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច បានដឹកនាំមន្ត្រីជំនាញចុះអប់រំទៅលើការជ្រើសរើសទំនិញ ឬចំណីអាហារដែលមានសុវត្ថិភាពជូនដល់សិស្សានុសិស្សសាលាបឋម និងវិទ្យាល័យ ហ៊ុន សែន កំពង់សីលា កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា។ មន្ត្រីជំនាញបានពន្យល់ថា ការប្រើប្រាស់អាហារ ឬទំនិញខូចគុណភាព និងគ្មានស្លាកសញ្ញាវេចខ្ចប់ត្រឹមត្រូវគ្រប់ប្រភេទ ទាំងរឹង និងរាវ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទាន ឬអ្នកប្រើប្រាស់។
នៅចំពោះមុខកុមារតូចៗ ឬសិស្សានុសិស្សវិទ្យាល័យកំពង់សីលា លោក ជា ប៉ិច ឲ្យដឹងថា ទំនិញខូចគុណភាព ឬអាហារត្រីសាច់គ្រប់ប្រភេទ ទាំងអាហារក្រៀម ស្រស់ អាហារ ឬភេសជ្ជកំប៉ុង ឬដបជាដើម ត្រូវក្រុមអាជីវករបន្តដាក់លក់នៅលើទីផ្សារមួយចំនួននាខេត្តព្រះសីហនុ មានផ្សារកំពង់សីលា ជាដើម។ លោកថា ទំនិញខូចគុណភាពជាច្រើនប្រភេទ ត្រូវមន្ត្រីជំនាញចំណីអាហារដកហូតពីទីកន្លែងលក់ដូររបស់អាជីវករមួយចំនួននៅផ្សារកំពង់សីលា កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ដោយរឹបអូសទំនិញខូចគុណភាពរាប់រយគីឡូក្រាម។
លោក ជា ប៉ិច អំពាវនាវទៅដល់លោកគ្រូអ្នកគ្រូ ពិសេសអាណាព្យាបាល ឲ្យពិនិត្យកាលបរិច្ឆេទប្រើប្រាស់ និងទំនិញដែលមិនមានបិទស្លាកសញ្ញាក្រុមហ៊ុនផលិត ឲ្យបានត្រឹមត្រូវ គឺមិនត្រូវយកមកទទួលទានទេ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាព៖ «អាហារវេចខ្ចប់ស្រាប់ តើរបៀបមើល របៀបទិញ របៀបទុកដាក់ និងរៀបថែរក្សាជាដើម គឺក្រុមការងារយើងខ្ញុំទាំងអស់គ្នា បានអប់រំពន្យល់ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ឲ្យលោកបានយល់ដឹង។ ជាងនេះទៀត នៅថ្ងៃនេះខ្ញុំក៏បាននាំយកអំបិលអ៊ីយ៉ូតយកមកផ្សព្វផ្សាយជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ ឲ្យលោកបានយល់អំពីសារប្រយោជន៍នៃការប្រើប្រាស់អំបិលអ៊ីយ៉ូតថែមទៀត»។
នាឱកាសនោះ សិស្សានុសិស្ស និងនាយកសាលាវិទ្យាល័យ ហ៊ុន សែន កំពង់សីលា លោក គង់ សុវុឌ្ឍី គាំទ្រសកម្មភាពរបស់ក្រុមការងារមន្ត្រីជំនាញ ត្រួតពិនិត្យម្ហូបអាហារមកពីស្ថាប័នសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដែលចុះអប់រំដល់សិស្សានុសិស្សរៀននៅវិទ្យាល័យនេះ។ លោកនាយក បានអំពាវនាវដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យកំពង់សីលា ត្រូវចូលរួមចេះពិនិត្យទៅលើទំនិញគ្រប់ប្រភេទ មុននឹងទិញយកទៅទទួលទាន ឬប្រើប្រាស់ ត្រូវឲ្យប្រាកដថា មុខទំនិញទាំងនោះមានគុណភាព និងមិនទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីសុខភាពនៅតាមក្រុមគ្រួសារនីមួយៗ៖ «ខាងអាណាព្យាបាលសិស្ស មុននឹងទិញអាហារ ឬទំនិញគ្រប់ប្រភេទយកទៅប្រើប្រាស់ និងទទួលទានប្រចាំថ្ងៃសម្រាប់ក្រុមគ្រួសារនីមួយៗ សូមឲ្យគិតពីគុណភាពជាចម្បង។ សូមកុំយល់ច្រឡំថា មុខទំនិញទាំងនោះមានតម្លៃទាប ហើយនាំគ្នាទិញយកមកទទួលទាន ឬចែកជូនកូនៗទទួលទាន ដោយមិនបានគិតពីគុណភាព ប៉ះពាល់ដល់សុខភាពកូនៗរបស់ខ្លួនធ្លាក់ខ្លួនឈឺជាដើម។ អាណាព្យាបាលគួរតែពិនិត្យមើលទំនិញដែលនឹងត្រូវទិញយកទៅប្រើប្រាស់នោះ តើការវេចខ្ចប់បានត្រឹមត្រូវ កំប៉ុងកំប៉ិត ឬបែបណាៗ ពិនិត្យទៅលើស្លាកសញ្ញា និងកាលបរិច្ឆេទកំណត់ការប្រើប្រាស់មានសុពលភាពប្រើប្រាស់ដែរឬទេ»។
ក្រោយពីបញ្ចប់ចុះផ្តល់ការអប់រំឲ្យដឹងពីរបៀបជ្រើសរើសទំនិញមានគុណភាពយកទៅប្រើប្រាស់ ជូនដល់សិស្សានុសិស្សសាលាបឋម និងវិទ្យាល័យ ហ៊ុន សែន កំពង់សីលា សរុបមានចំនួនជាង ១ពាន់នាក់កាលពីព្រឹកថ្ងៃទី២១ ខែមីនា ក្រុមមន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះទៅពិនិត្យទំនិញដាក់លក់នៅលើទីផ្សារកំពង់សីលា ដោយរកឃើញទំនិញខូចគុណភាពជាច្រើនប្រភេទ។
ទំនិញខូចគុណភាពទាំងនោះ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ឲ្យដឹងថា ត្រូវមន្ត្រីជំនាញធ្វើកំណត់ហេតុអប់រំអាជីវករ និងឈប់ឲ្យដាក់លក់ទំនិញខូចគុណភាពទាំងនោះ និងដកហូតយកមករក្សាទុក ដើម្បីដុតបំផ្លាញចោលនាថ្ងៃខាងមុខ។
លោកសង្កត់ធ្ងន់ថា នៅថ្ងៃអនាគត បើអាជីវករទាំងនោះបន្តដាក់លក់ទំនិញខូចគុណភាព ឬគ្មានស្លាកសញ្ញាវេចខ្ចប់ឲ្យបានត្រឹមត្រូវទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ លោក ជា ប៉ិច ស្នើដល់ប្រជាពលរដ្ឋ អាណាព្យាបាល គ្រូបង្រៀន និងក្រុមអាជីវករ ឲ្យចូលរួមការងារថែរក្សាសុខភាពនៅតាមក្រុមគ្រួសារនីមួយៗឲ្យបានទាំងអស់គ្នា និងត្រូវចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ ដើម្បីគ្រួសារមានសុខភាពល្អ។
បន្ថែមលើនេះ អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច ស្នើឲ្យក្រុមអាជីវករលក់ដូរបន្លែត្រីសាច់នានានៅទូទាំងខេត្តព្រះសីហនុ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញកាំកុងត្រូល ក្នុងសកម្មភាពចុះត្រួតពិនិត្យរកទំនិញខូចគុណភាព ឬរកសារធាតុគីមីដាក់នៅលើចំណីអាហារតាមទីផ្សារជាដើម ឲ្យបានទាំងអស់គ្នា ព្រោះអាចនឹងត្រូវប្រឈមមុខច្បាប់ បើក្រុមអាជីវកររូបណារឹងទទឹងមិនសហការជាមួយមន្ត្រីជំនាញ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើដល់មន្ត្រីជំនាញត្រួតពិនិត្យចំណីអាហារថា ត្រូវមានវិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរទៅលើក្រុមអាជីវករទាំងឡាយណាដែលមុខទំនិញរបស់ពួកគេ ត្រូវមន្ត្រីជំនាញរកឃើញមានសារធាតុគីមី ឬខូចគុណភាព ត្រូវដាក់លក់នៅលើទីផ្សារដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គមរូបនេះ គាំទ្រសកម្មភាពរបស់មន្ត្រីជំនាញត្រួតពិនិត្យចំណីអាហារកាំកុងត្រូលខេត្តព្រះសីហនុ ក្នុងការងារចុះត្រួតពិនិត្យរកសារធាតុគីមីជាបន្តបន្ទាប់ ទៅលើចំណីអាហារ និងបន្លែផ្លែឈើជាដើមនៅលើទីផ្សារនានា ដើម្បីចូលរួមថែរក្សាសុខភាពពលរដ្ឋ។
យ៉ាងនេះក្តី អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច បានប្រកាសលេខទូរស័ព្ទជូនដល់សាធារណជន ឬប្រជាពលរដ្ឋ បើមានព័ត៌មានសង្ស័យថា ទីតាំងណាមួយមានលក់ទំនិញខូចគុណភាព អាហារស្រស់ ចំណីអាហារទាំងភេសជ្ជកំប៉ុង ឬដបគ្រប់ប្រភេទមានដាក់សារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ត្រូវផ្ដល់ព័ត៌មានឲ្យបានឆាប់ទៅកាន់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ តាមរយៈលេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង ០១២ ៩៤៦ ០៤៦៕