Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ជាប់​ឃុំ​ចោទ​មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ថា​ធ្វើ​ទារុណកម្ម​អ្នក​ទោស​បុរស

$
0
0

អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ ថា​វាយ​ធ្វើ​ទារុណកម្ម​អ្នក​ទោស​បុរស​ដូច​សត្វ​ធាតុ​ស្ទើរ​រៀង​រាល់​ថ្ងៃ។ ពួក​គាត់​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អង្គការ​ពាក់ព័ន្ធ ចុះ​ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​ជា​បន្ទាន់។ ប៉ុន្តែ​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ថា​ជា​រឿង​មិន​ពិត​ឡើយ។

ពិរុទ្ធជន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​នៃ​ការ​រស់នៅ​របស់​ពួក​គេ​ក្នុង​ពន្ធនាគារ​មួយ​នេះ។

ក្រុម​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មីនា ថា ចាប់​តាំង​ពី​ប្រធាន​ពន្ធនាគារ​ថ្មី​ចូល​កាន់​តំណែង​អំឡុង​ចុង​ឆ្នាំ​២០១៦ មក គឺ​បាន​រឹត​បន្តឹង​សេរីភាព​ដល់​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ ជាពិសេស​មន្ត្រី​ពន្ធនាគារ តែង​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​ទោស​បុរស​ដូច​សត្វ​ធាតុ មាន​ជាអាទិ៍ វាយ​ក្បាល​នឹង​ស្បែកជើង ទាត់ ធាក់ និង​ទះ​កំផ្លៀង​ជាដើម កើត​មាន​ស្ទើរ​រៀង​រាល់​ថ្ងៃ។

ពួក​គាត់​អះអាង​ថា ការ​វាយ​ធ្វើ​បាប​អ្នក​ទោស​នេះ នៅ​ពេល​ណា​ដែល​មន្ត្រី​ទាំងនោះ​រក​ឃើញ​ថា ពួក​គេ​មាន​កំហុស​អ្វី​មួយ​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ ដោយ​ពេល​ខ្លះ​វាយ​រហូត​ដល់​អ្នក​ទោស​របួស​ហូរ​ឈាម​តាម​រាងកាយ​ក៏​មាន។ ពួក​គាត់​បន្ថែម​ថា ក្រៅ​អំពី​នេះ នៅ​ពេល​ដែល​អ្នក​ទោស​ត្រូវ​ការ​ទឹក​ផឹក​ម្ដងៗ ចាំបាច់​ត្រូវ​ទិញ​ទឹក​ពី​មន្ត្រី​ពន្ធនាគារ​ក្នុង​តម្លៃ​ថ្លៃ​ជាង​ខាង​ក្រៅ​ពាក់​កណ្ដាល ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ទោស​ដែល​មាន​ជីវភាព​ខ្វះខាត​យ៉ាង​ខ្លាំង៖ «នៅ​ពេល​សួរ​ចម្លើយ គេ​យក​ខ្សែ​ភ្លើង​ដំបង​ឆក់​ខ្នង​អ្នក​ទោស​ឲ្យ​ឆ្លើយ​សារភាព ហើយ​នៅ​ពេល​អ្នក​ទោស​មិន​ព្រម​ឆ្លង គេ​វាយ​សន្លប់ ២ ទៅ ៣​ដង​ក្នុង​មួយ​ថ្ងៃ។ អ្នក​ណា​មាន​លុយ គេ​បាន​ចេញ​ទៅ​ណា​មក​ណា​មាន​សិទ្ធិ​សេរីភាព​ច្រើន​ជាង​យើង ចំណែក​យើង​គេ​មិន​ឲ្យ​ដើរ​ចេញ​ទៅ​ណា សូម្បី​តែ​ប្ដី​ប្រពន្ធ​សុំ​ជួប​គ្នា ក៏​មិន​ឲ្យ​ជួប​គ្នា​ដែរ។ សូម​សំណូមពរ​កុំ​ឲ្យ​វាយ​ធ្វើ​បាប​អ្នក​ទោស បើ​មាន​អ្នក​ទោស​ណា​ធ្វើ​ខុស គួរ​តែ​ដាក់​ពិន័យ​ឲ្យ​ជាប់​ទោស​វិញ។ គឺ​គេ​រឹតត្បិត​សិទ្ធិ​គ្រប់​យ៉ាង សូម្បី​តែ​ចេញ​ពី​ក្នុង​បន្ទប់​ឃុំ​មក​ខាង​ក្រៅ​នៅ​ក្នុង​ពន្ធនាគារ ក៏​គេ​មិន​ងាយ​ឲ្យ​ចេញ​ដែរ»

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​លោក​គ្រប់គ្រង​ក្នុង​ពន្ធនាគារ​ជាង ៥​ខែ​មក​នេះ គឺ​ពុំ​មាន​មន្ត្រី​ពន្ធនាគារ​ណា​ម្នាក់​ទៅ​វាយ​ធ្វើ​បាប​អ្នក​ទោស​ដូច​ការ​ចោទ​ប្រកាន់​របស់​ពិរុទ្ធជន​នោះ​ទេ៖ «យើង​មិន​ដែល​មាន​ទេ​បង! រូបភាព​នៅ​បន្ទាយមានជ័យ នេះ មិន​ដែល​មាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជន​ជាប់​ឃុំ​ណា​មួយ​ទេ។ នេះ​ជា​រូបភាព​មួលបង្កាច់​បំផ្លើស​ទាំងស្រុង​តែ​ម្ដង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពន្ធនាគារ​មួយ​នេះ​កន្លង​ទៅ លោក​តែង​ទទួល​ដំណឹង​ពី​ពលរដ្ឋ​ដែល​មន្ត្រី​ពន្ធនាគារ​ធ្វើ​ទារុណកម្ម​ពួក​គាត់​ជា​ប្រចាំ។ លោក​ថា ការ​ធ្វើ​ទារុណកម្ម​ណា​មួយ​លើ​រូប​រាងកាយ​អ្នក​ទោស គឺ​ជា​អំពើ​ខុស​ច្បាប់៖ «ព្រោះ​ពន្ធនាគារ​មិន​មែន​ជា​កន្លែង​មួយ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ មិន​មែន​កន្លែង​បង្អត់​អាហារ ហើយ​មិន​មែន​ជា​កន្លែង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​នោះ​ទេ។ ជា​កន្លែង​បិទ​សិទ្ធិ សេរីភាព​ការ​ដើរ​ហើរ​ចេញ​ឆ្ងាយ​តែ​ប៉ុណ្ណឹង​ទេ ហើយ​ដើម្បី​ឲ្យ​មនុស្ស​ចេះ​កែ​ខ្លួន និង​ឲ្យ​អ្នក​ទោស​ទទួល​នូវ​ទោស​ដោយ​ការ​អនុវត្ត​ទោស ហើយ​កែ​ខ្លួន»

លោក​បន្ថែម​ថា កន្លង​ទៅ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​តែង​ស្នើសុំ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ដែរ ក៏ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​តែង​បដិសេធ​ជានិច្ច។ សព្វថ្ងៃ ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ មាន​អ្នក​ទោស​សរុប​ជាង ១​ពាន់​នាក់ ក្នុង​នោះ​មាន​អ្នក​ទោស​ស្រី​ជាង ១០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles