Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមាជិក​ចោទ​មន្ត្រី​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ខេត្ត​រតនគិរី​ថា​គំរាម​ដេញ​អ្នក​តវ៉ា​ចេញ​ពី​បក្ស

$
0
0

អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស៊ើង ស្រុក​បរកែវ ខេត្ត​រតនគិរី នៃ​គណបក្ស សម រង្ស៊ី ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​បរកែវ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថា​បង្កើត​រឿង​អយុត្តិធម៌​ចំពោះ​សមាជិក​នៅ​មូលដ្ឋាន និង​គំរាម​បណ្ដេញ​ចេញ​ពី​បក្ស ចំពោះ​សមាជិក​ណា​ដែល​តវ៉ា​ទៅ​នឹង​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ។

អតីត​ជំទប់​ទី​២ ឃុំ​ស៊ើង នៃ​គណបក្ស សម រង្ស៊ី ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណែង​ក្រុមប្រឹក្សា​ឃុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​មិថុនា ខាង​មុខ ព្រមាន​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ វិញ ប្រសិន​បើ​ថ្នាក់​ដឹកនាំ​បក្ស​នេះ​មិន​ដោះស្រាយ​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស​នៅ​ថ្នាក់​មូលដ្ឋាន។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា បន្ទាប់​ពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ អះអាង​ថា ប្រធាន​បក្ស​ថ្នាក់​ស្រុក ជ្រើសរើស​លេខ​រៀង​សកម្មជន​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​សម្បត្តិ​សមាជិក​ដែល​បាន​បម្រើ​បក្ស​មាន​ស្នាដៃ​ច្រើន​ឆ្នាំ​មក​នេះ។

សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ឃុំ​ស៊ើង និង​ជា​បេក្ខជន​លេខ​រៀង​ទី​២ សម្រាប់​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ពូស ព្រឿង បញ្ជាក់​ថា ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​បរកែវ នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សៀង ប៊ុនថា បាន​គំរាម​លោក​ឲ្យ​ចាកចេញ​ពី​បក្ស ដោយសារ​តែ​លោក​បាន​តវ៉ា​រឿង​បញ្ជី​ឈ្មោះ​បេក្ខជន​នេះ។ លោក​ថា អតីត​សមាជិក​គណបក្ស សម រង្ស៊ី ពីរ​រូប​ទៀត និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៨​នាក់​ដែល​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​ក្នុង​ឃុំ​នេះ ក៏​គ្រោង​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ វិញ ដោយសារ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​មន្ត្រី​បក្ស​ថ្នាក់​ស្រុក​នេះ«គេ​ដេញ ហើយ​គេ​និយាយ​អ៊ីចឹង។ គេ​ឲ្យ​ខ្ញុំ​ចូល​គណបក្ស​គេ​ផ្សេង​ទៅ បើ​មេ​មិន​ដោះស្រាយ​ទេ ចូល​គណបក្ស​គេ​ផ្សេង​ហើយ​បើ​គេ​ត្រូវការ»

នៅ​ខេត្ត​រតនគិរី អតីត​សកម្មជន​គណបក្ស សម រង្ស៊ី ដែល​បាន​ជាប់​ឆ្នោត​ក្នុង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៣ មាន​ចំនួន ៣០​នាក់ ក៏ប៉ុន្តែ​សកម្មជន​ទាំងនោះ​មួយ​ចំនួន​មិន​ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឈ្មោះ ឬ​មិន​ជាប់​ឈ្មោះ​លំដាប់​លេខ​រៀង​ល្អ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ​ទេ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បរកែវ លោក សៀង ប៊ុនថា ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​បុគ្គល​ដែល​មិន​យល់​ពី​ការ​កែទម្រង់​របស់​បក្ស ក្នុង​ការ​ជ្រើសរើស​បេក្ខជន​មាន​ប្រជាប្រិយភាព​សម្រាប់​ប្រកួត​ប្រជែង​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ លោក​ថា អតីត​សមាជិក​គណបក្ស សម រង្ស៊ី តែង​គំរាម​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បេក្ខជន ដោយសារ​តែ​មិន​បាន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​ចេញ​ប្រកាស​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​ផ្លូវការ​រួច​ហើយ។ លោក​កត់​សម្គាល់​ថា នេះ​ជា​រឿង​បុគ្គល​មិន​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​របស់​គណបក្ស​ឡើយ«ប្រជាពលរដ្ឋ​ភាគច្រើន​គេ​អត់​គាំទ្រ​គាត់ មិន​មែន​ខ្ញុំ​ដក​អ្នក​ចាស់​ដាក់​អ្នក​ថ្មី​ទេ មាន​អ្នក​ណា​ដេញ​គាត់ គេ​ធ្វើ​កំណត់​ហេតុ​ត្រឹមត្រូវ​តាំង​ពី​ឆ្នាំ​ទៅ តែ​គាត់​នៅ​តែ​មិន​ព្រម»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​កំណត់​កាលបរិច្ឆេទ​ឲ្យ​គណបក្ស​នយោបាយ​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​មីនា និង​ប្រកាស​បញ្ជី​ឈ្មោះ​បេក្ខជន​ផ្លូវការ​រួច​រាល់​ហើយ។

លេខា​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល (COMFREL) ប្រចាំ​ខេត្ត​រតនគិរី លោក ជួន ភិនដារ៉ា ចាត់​ទុក​ជម្លោះ​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​រឿង​ធម្មតា ដែល​គណបក្ស​ដទៃ​ទៀត​ក៏​កើត​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដូច​គ្នា។ លោក​ថា ជម្លោះ​ផ្ទៃ​ក្នុង​បក្ស​តែង​នាំ​ឲ្យ​ខាតបង់​ប្រយោជន៍ ខណៈ​ការ​បោះឆ្នោត​កាន់​តែ​ខិត​មក​ដល់«សូម្បី​គណបក្ស​ប្រជាជន ក៏​មាន​បញ្ហា​ផ្ទៃក្នុង​ដែរ ទាក់ទិន​ការ​ដាក់​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ​នោះ ខាត​តែ​ប្រយោជន៍​គណបក្ស​ខ្លួន​ឯង​ទេ»

មន្ត្រី​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ដែល​បាន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ រួម​មាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles