សហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ និងការពារបេតិកភណ្ឌព្រះវិហារ មានឥណ្ឌា និងចិន កំពុងរួមគ្នារៀបចំគម្រោងបច្ចេកទេស និងថវិកា ដើម្បីចំណាយទៅលើការជួសជុល ព្រមទាំងអភិរក្សប្រាសាទព្រះវិហារ ឱ្យល្អប្រសើរឡើងវិញ។
ប្រាសាទបុរាណព្រះវិហារ នៅលើកំពូលភ្នំដងរែក នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជិតព្រំដែនខ្មែរ-ថៃ បង្កើយនោះ បានទទួលរងការបាក់បែកខ្លាំង ដោយសារតែធម្មជាតិបំផ្លាញផង និងដោយសារតែគ្រាប់កាំភ្លើង ក្នុងពេលដែលមានជម្លោះព្រំដែនជាមួយនឹងថៃផង កាលពីឆ្នាំ២០០៨។
ក្រុមអ្នកជំនាញខាងថែរក្សាសម្បត្តិបេតិកភណ្ឌចម្រុះជាតិសាសន៍ ព្រមទាំងអង្គការយូណេស្កូ (UNESCO) បានជួបប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ និងការពារបេតិកភណ្ឌព្រះវិហារ (ICC) នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា។
កិច្ចប្រជុំដែលមានចិន និងឥណ្ឌា ធ្វើជាសហប្រធាននោះ បានជជែកអំពីការរៀបចំគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ព្រមទាំងប្រាសាទបុរាណកោះកេរ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានចូលរួមក្នុងអង្គប្រជុំដែរនោះ គឺលោក ផៃ ស៊ីផាន។ លោកមានប្រសាសន៍បន្ទាប់ពីសម្រាកពីកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ថាកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ និងការពារបេតិកភណ្ឌព្រះវិហារ លើកទី៣នេះ គឺក្រុមអ្នកជំនាញអន្តរជាតិ នឹងពិនិត្យមើលរបាយការណ៍ដែលបានដាក់ឱ្យអនុវត្តកន្លងទៅ ព្រមទាំងរៀបចំគម្រោងជាច្រើនទៀត សម្រាប់ឈានទៅរកការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងប្រាសាទបុរាណកោះកេរ នៅពេលខាងមុខ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ និងការពារបេតិកភណ្ឌព្រះវិហារ គឺតំណាងគណៈកម្មាធិការកម្ពុជា បានទាមទារឱ្យសហប្រធាននៃកិច្ចប្រជុំគឺចិន និងឥណ្ឌា ធ្វើការងារការពារ និងថែរក្សាជាបន្ទាន់ឆ្លើយតបទៅនឹងប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលមានសភាពបាក់បែកទ្រុឌទ្រោមកាន់តែខ្លាំងទៅហើយនោះ៖ «ប្រាសាទព្រះវិហារ ធ្លាប់មានវិវាទប្រដាប់អាវុធកាលពីឆ្នាំ២០០៨ រវាងកម្ពុជា ហើយនិងថៃ ក៏ប៉ុន្តែប្រាសាទព្រះវិហារ ដើរតួយ៉ាងសំខាន់លើការសម្របសម្រួលទំនាស់ព្រំដែននៃប្រទេសទាំងពីរនេះ»។
មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ឱ្យដឹងថា បច្ចុប្បន្ននេះបញ្ហាដែលត្រូវជួសជុល និងការពារប្រាសាទព្រះវិហារ ជាបន្ទាន់ គឺមានច្រើន ដូចជាបញ្ហាផ្លូវឡើងទៅកាន់ប្រាសាទ បញ្ហាទប់ស្កាត់ការហូរច្រោះដី ដែលគំរាមកំហែងប្រាសាទ និងបញ្ហាការពារព្រៃឈើជាដើម។
ប្រធានអាជ្ញាធរជាតិព្រះវិហារ លោក គឹម សេតារា មានប្រសាសន៍ថា អាជ្ញាធរជាតិព្រះវិហារ បានជំរុញឱ្យគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ និងការពារបេតិកភណ្ឌព្រះវិហារ យកចិត្តទុកដាក់ទៅលើបញ្ហាអាទិភាព ៣ចំណុច ដើម្បីឱ្យដំណើរការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌមាននិរន្តរភាពទៅថ្ងៃមុខបាន៖ «បញ្ហាដែលយើងត្រូវតែធ្វើហ្នឹងទី១ ធនធានមនុស្ស និងការបណ្ដុះបណ្ដាល ទី២ គឺបញ្ហាបរិស្ថាន និងព្រៃឈើ។ ព្រៃឈើនៅព្រះវិហារ សំខាន់ណាស់ ព្រោះប្រាសាទនៅលើកំពូលភ្នំ»។
លោក គឹម សេតារា បញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ និងការពារបេតិកភណ្ឌព្រះវិហារនេះ គឺសហប្រធានចិន និងឥណ្ឌា បានចាប់ផ្ដើមរៀបចំផែនការជួសជុលប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ក៏ប៉ុន្តែលោកនៅមិនទាន់ដឹងប្រាកដថា ដំណើរការជួសជុលនឹងចាប់ផ្ដើមនៅពេលណា ហើយត្រូវចំណាយថវិកាលើគម្រោងជួសជុលប្រាសាទទាំងពីរនោះ អស់ចំនួនប៉ុន្មានលានដុល្លារនៅឡើយទេ៕