អាជ្ញាធរខ្មែរបានបញ្ឈប់មិនឲ្យក្រុមហ៊ុនអាមេរិកាំងមួយឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) នាំចេញផលិតផលទឹកដោះដែលបានប្រមូលទិញពីស្ត្រីក្រីក្រនៅកម្ពុជា យកទៅដាក់លក់នៅសហរដ្ឋអាមេរិក ជាបណ្ដោះអាសន្ន។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) ដែលចេញផ្សាយនៅថ្ងៃទី២០ មីនា ថា ក្រុមហ៊ុននេះត្រូវការច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ដោយសារតែផលិតផលនេះផលិតចេញពីសរីរាង្គមនុស្ស។ លោក គុណ ញឹម បន្តថា មន្ត្រីរដ្ឋាភិបាលគ្រោងនឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីកំណត់គោលនយោបាយស្តីអំពីផលិតផលនេះ ព្រោះថាករណីនាំចេញផលិតផលទឹកដោះស្ត្រីនេះជាបញ្ហារសើប។
ការហាមប្រាមនេះ កើតមានឡើងខណៈដែលមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនអាមេរិកាំងមានមូលដ្ឋាននៅរដ្ឋយូតា (Utah) ឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ អះអាងថា ខ្លួនជាក្រុមហ៊ុនដំបូងបង្អស់ដែលធ្វើការនាំចេញផលិតផលទឹកដោះស្ត្រីពីបរទេស មកដាក់លក់ក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន អ៊ាមប្រូសៀ ឡាបស៍ ដាក់លក់ផលិតផលនេះដល់មាតាជនជាតិអាមេរិកាំងទាំងឡាយណាដែលចង់បំបៅទឹកដោះកូនៗរបស់ពួកគេដោយទឹកដោះស្ត្រីធម្មជាតិ ដោយសារតែពួកគេមិនអាចផលិតទឹកដោះខ្លួនឯងបានគ្រប់គ្រាន់។
ផលិតផលទឹកដោះទាំងនេះ ត្រូវបានក្រុមហ៊ុនមួយនេះប្រមូលទិញពីស្ត្រីក្រីក្រនៅកម្ពុជា ដោយដាក់បង្កកមុនពេលដឹកទៅកាន់សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះដាក់លក់ផលិតផលនេះក្នុងតម្លៃ ២០ដុល្លារអាមេរិក សម្រាប់កញ្ចប់ទឹកដោះទម្ងន់ ១៤៧មីលីលីត្រ៕