Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង​ខ្លះ​រអ៊ូ​អំពី​ប្រាក់​ចំណូល​ធ្លាក់​ចុះ​និង​ជំពាក់​បំណុល

$
0
0

កសិករ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​គាបសង្កត់​ជីវភាព​រស់នៅ​របស់​ពួកគេ​ធ្ងន់ធ្ងរ បន្ទាប់​ពី​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ និង​គ្មាន​ទីផ្សារ។ បញ្ហា​នេះ បាន​រុញ​ច្រាន​ឲ្យ​កសិករ​ក្លាយ​ជា​កូន​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នានា ខណៈ​កសិករ​ភាគ​ច្រើន​បាន​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ទាំង​នោះ​មក​ធ្វើ​ដើម​ទុន។

ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង បច្ចុប្បន្ន បើ​មើល​ពី​សម្បក​ក្រៅ​មាន​សភាព​ធម្មតា តែ​ក្នុង​ចិត្ត​របស់​ពួកគេ​បង្កប់​ដោយ​ក្ដី​ព្រួយ​បារម្ភ ដោយសារ​ការ​ស្វែង​រក​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កសិករ​មួយ​ចំនួន​ត្រូវ​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ ហើយ​ខ្លះ​ទៀត​បាន​រត់​ចោល​ស្រុក។ បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ហានិភ័យ​ទ្រង់ទ្រាយ​ធំ​របស់​កសិករ​ដែល​ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​រក​មធ្យោបាយ​ដោះស្រាយ​ដែល​ធានា​ថា ទទួល​ប្រយោជន៍​ទាំង​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី និង​ពលរដ្ឋ។

​កសិករ​រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោកស្រី ញ៉ែម គឹមស្រេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ថា គ្រួសារ​លោកស្រី​បាន​ខ្ចី​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ ១​ម៉ឺន​ដុល្លារ​ដើម្បី​ធ្វើ​ដើម​ទុន​កសិកម្ម ដោយ​ចំណាយ​ទិញ​សម្ភារៈ​កសិកម្ម សំអាត​ដី​ធ្វើ​ចម្ការ​ដោយ​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​លក់​កសិផល​ដើម្បី​បង្វិល​សង​ម្ចាស់​បំណុល​វិញ តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​ត្រូវ​ខាតបង់​ដោយសារ​កសិផល​មួយ​ចំនួន​គ្មាន​ទីផ្សារ ដូចជា​ពោត សណ្ដែក ដំឡូងមី ជាដើម។ បញ្ហា​នេះ​បាន​រុញច្រាន​ឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់​តែ​លិចលង់​មួយ​កម្រិត​ទៀត ត្រូវ​ធ្វើការ​ទាំង​យប់​ថ្ងៃ ហើយ​កសិករ​ខ្លះ​ទៀត​បាន​បង្ខំ​ចិត្ត​ឲ្យ​កូន​ចៅ ឈប់​រៀន​ដើម្បី​ជួយ​រក​ប្រាក់​ដើម្បី​ដោះ​បំណុល។

លោកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចុះ​មូលដ្ឋាន សិក្សា​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​រក​មធ្យោបាយ​សម្រាល​ជីវភាព​របស់​ពលរដ្ឋ ផ្ដល់​ជំនាញ​កសិកម្ម និង​កំណត់​តម្លៃ​ទីផ្សារ​ទិញ​កសិផល​ជាក់លាក់​ជូន​កសិករ៖ «ដល់​យួន​ឲ្យ​តែ​យើង​ថោក មិន​រួច​ថ្ងៃ​កម្មករ ដល់​អ៊ីចឹង​ប្រជាជន​ស្រុត​ចុះ​ហើយ ខ្ញុំ​ជំពាក់​បំណុល​ធនាគារ​មួយ​ម៉ឺន​ដុល្លារ។ របរ​លក់​ផ្សំ​ទៅ​បញ្ចូល​អាគុយ​ផង​ទៅ​បាន​មួយ​រួច​ខ្លួន​មួយ​ខែៗ តែ​ថា​ឲ្យ​សល់​វា​អត់​សល់។ ខ្ញុំ​ចង់​ថា សេដ្ឋកិច្ច​ប្រជាជន​ធ្វើ​បាន​លក់​មាន​តម្លៃ​ខ្ពស់​ទៅ​កុំ​ឲ្យ​ទាប​ពេក ព្រោះ​សព្វថ្ងៃ​ប្រជាជន​ពិបាក​ណាស់។ របស់​ធ្វើ​បាន​គ្មាន​អ្នក​ទិញ»

កសិករ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក សុខ ធឿង ព្យាករ​ថា ពលរដ្ឋ​រស់​នៅ​ឃុំ​នេះ​ជាង ៩០​ភាគរយ​កំពុង​ផុង​ខ្លួន​នឹង​បំណុល​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ហើយ​កសិករ​មួយ​ចំនួន​បាន​រត់​ចោល​ស្រុក ខ្លះ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស និង​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ដើម្បី​ដោះ​បំណុល ដូចជា​ដឹក​ជញ្ជូន​ឈើ​ប្រណិត ស៊ី​ឈ្នួល​កាប់​ព្រៃ​រាន​យក​ដី​លក់ បរបាញ់​សត្វ​ព្រៃ​ជាដើម។

លោក​ថា កសិករ​មួយ​ចំនួន​ធំ​បាន​ខ្ចីបុល​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ដើម​ទុក​ធ្វើ​កសិកម្ម និង​អាជីវកម្ម ដែល​រំពឹង​ថា បាន​ប្រាក់​ចំណេញ តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​ត្រូវ​ខាត​បង់។ ការ​ខាតបង់​ទាំង​នេះ មួយ​ផ្នែក​បណ្ដាល​មក​ពី​កសិករ​ប្រើប្រាស់​ធនធាន​មិន​ចំ​ទិស​ដៅ ខ្វះ​ចំណេះ​ដឹង ខ្វះ​ជំនាញ​កសិកម្ម រួម​ផ្សំ​នឹង​តម្លៃ​កសិផល​មិន​ឋិតថេរ​ផង៖ «ស្មាន​តែ​ថា យក​លុយ​ធនាគារ​មក​សង​បាន​ស្រួល​ចាយ​បាន​ស្រួល និង​សង​បាន​ស្រួល​ដែរ ប៉ុន្តែ​ចុង​ក្រោយ​គាត់​លង់ មាន​តែ​ខ្ចី​បន្ត​ទៀត​ពី​មួយ​ទៅ​មួយ គាត់​មិន​ចេញ​ទៅ មាន​តែ​ទៅ​ពឹង​ពាក់​បង​ប្អូន​ហ្នឹង ដល់​ពឹង​បង​ប្អូន បង​ប្អូន​ក៏​ជំពាក់ យើង​ក៏​ជំពាក់ មិន​ដឹង​ពី​ណា​ដោះស្រាយ​ពី​ណា​នៅ​ជាន់​ក​គ្នា​រាល់​ថ្ងៃ»។​

លោក សុខ ធឿង កត់សម្គាល់​ថា រដ្ឋាភិបាល​ពុំ​បាន​កំណត់​តម្លៃ​ទីផ្សារ​ទិញ​កសិផល​ច្បាស់លាស់​នោះ​ទេ នៅ​ពេល​កសិករ​ប្រមូល​ផល​ត្រូវ​ឈ្មួញ​កណ្ដាល​កំណត់​តម្លៃ​តាម​អំពើ​ចិត្ត។ លើស​ពី​នេះ កសិករ​ភាគ​ច្រើន​ពុំ​មាន​ជំនាញ​ធ្វើ​កសិកម្ម​ផ្អែក​លើ​បច្ចេកទេស​ត្រឹមត្រូវ​ទេ ពោល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ការ​ដាំដុះ​របស់​កសិករ​កាន់​តែ​ធ្លាក់​ចុះ ម្យ៉ាង​ពួកគេ​ធ្វើ​កសិកម្ម​ប្រវាស់​មេឃ។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​លើក​ឡើង​ថា ការ​រីកចម្រើន​នៃ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ខែត្រ​ស្ទឹងត្រែង នេះ គឺ​បាន​មក​ពី​សង្វាក់​ផលិតកម្ម​ឈើ​ប្រណិត និង​គ្រឿង​សង្ហារិម ធនធាន​ជលផល វិស័យ​កសិកម្ម ឧស្សាហកម្ម រួម​មាន​ផល​ដំឡូងមី គ្រាប់​ស្វាយចន្ទី កៅស៊ូ និង​សណ្ដែកសៀង ជាដើម ក៏ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន ចរន្ត​សេដ្ឋកិច្ច​ឈើ​ប្រណិត ឬ​គ្រឿង​សង្ហារិម​មាន​សភាព​កាន់តែ​ខ្សត់​បន្តិច​ម្ដងៗ ខណៈ​ដែល​ក្រុមហ៊ុន​វិនិយោគ​ធំៗ​បាន​បោះ​ទុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ដោយ​មាន​ថៅកែ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន មក​វិនិយោគ​ឈើ​ប្រណិត និង​គ្រឿង​សង្ហារិម​កាន់តែ​កើន​ឡើង និង​នាំ​ចេញ​ទៅ​​ក្រៅ​ប្រទេស  បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពុំ​សូវ​រក​ប្រាក់​ចំណូល​ពី​វិស័យ​នេះ​ជា​ដុំកំភួន​ឡើយ ពោល​គឺ​អាច​រក​បាន​តែ​មួយ​ក្រពះ។

ខែត្រ​ស្ទឹងត្រែង មាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ឬ​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ពលរដ្ឋ​ជិត ២០​ស្ថាប័ន មិន​រាប់​បញ្ចូល​កន្លែង​ផ្ដល់​ប្រាក់​កម្ចី​ជា​លក្ខណៈ​គ្រួសារ​នោះ​ទេ ដែល​កំពុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ឬ​ផ្ដល់​ប្រាក់​កម្ចី​ដល់​ពលរដ្ឋ​ក្នុង​ខែត្រ​នេះ​រាប់​ម៉ឺន​នាក់។

មេ​ឃុំ​ស្រែ​ឫស្សី លោក លូន ណាន ទទួល​ស្គាល់​ថា កសិករ​ភាគ​ច្រើន​កំពុង​វ័ណ្ឌក និង​បំណុល​លំបាក​រើ​បម្រះ ហើយ​មាន​កសិករ​ខ្លះ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ចាប់​ពី ២​ស្ថាប័ន ដល់ ៤​ស្ថាប័ន។ លោក​ថា ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែឫស្សី ប្រមាណ ៥​គ្រួសារ​ហើយ​ត្រូវ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​រឹប​អូស​ទ្រព្យសម្បត្តិ ហើយ​ពលរដ្ឋ​មួយ​ចំនួន​តូច​រត់​ចោល​ស្រុក។ លោក​ចាត់​ទុក​វិបត្តិ​សេដ្ឋកិច្ច​កំពុង​ក្លាយ​ជា​បញ្ហា​ចោទ​ដ៏​ចម្រូងចម្រាស​របស់​សហគមន៍ ក្នុង​នោះ​មួយ​ផ្នែក​បណ្ដាល​មក​ពី​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ និង​គ្មាន​ទីផ្សារ រួម​ផ្សំ​ពលរដ្ឋ​ខ្វះ​ចំណេះ​ដឹង​ផង។

លោក​បន្ថែម​ថា ក្នុង​នាម​អាជ្ញាធរ​ឃុំ​ពុំ​អាច​មាន​លទ្ធភាព​ជួយ​កសិករ​ឲ្យ​រួច​ផុត​ពី​បំណុល​នេះ​បាន​ទេ គឺ​បាន​ត្រឹម​អប់រំ​ណែនាំ​ពួកគាត់​ឲ្យ​យល់​ដឹង​ខ្លះៗ​ពី​ការ​ប្រើប្រាស់​ថវិកា​ចំ​ទិស​ដៅ៖ «ខ្លះ​គាត់​កម្ចី​អង្គការ​នេះ​ទៅ​សង​អង្គការ​នោះ យក​ពី​អង្គការ​នោះ ទៅ​កម្ចី​ធនាគារ​នោះ​ទៀត បន្តបន្ទាប់​គ្នា​របៀប​ថា អត់​ធ្វើ​អី​សម្រាប់​ថា​វិល​ជុំ។ ដល់​ថា​វិល​ជុំ​ទៅ ធនាគារ​អេស៊ីលីដា កម្ចី​អី​នេះ​ហើយ ទៅ​សង​អា​នេះ វា​គ្រាន់​ដែរ នេះ​កម្ចី​ទុក​ពាក់​កណ្ដាល​ជាប់​អង្គការ ពីរ ទៅ បី​ទៅ​មិន​ដឹង​ថា រក​អី​សង»

​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ៦២ និង មាន​ត្រា ៦៣ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល​ជាដើម។ លើស​ពី​នេះ រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​គ្រប់គ្រង​ទីផ្សារ​ជួយ​អោយ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។ យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​រាជរដ្ឋាភិបាល ហាក់​មាន​កម្រិត​ខ្សោយ​នៅ​ឡើយ ពោល​គឺ​រដ្ឋាភិបាល​ហាក់​គ្មាន​សមត្ថភាព​លើក​កម្ពស់​កសិផល​របស់​កសិករ​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា វិបត្តិ​សេដ្ឋកិច្ច​របស់​សហគមន៍​ដែល​កំពុង​ចាក់​ស្រែះ​ធ្ងន់ធ្ងរ​នេះ កំពុង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ជា​ប្រព័ន្ធ ជាពិសេស​ពលរដ្ឋ​មួយ​ចំនួន​ធំ​កំពុង​ធ្លាក់​ចុះ​ក្នុង​បន្ទាត់​ភាព​ក្រីក្រ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​កាន់តែ​ក្រីក្រ​មួយ​កម្រិត​ទៀត។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​បណ្ដោយ​ឲ្យ​កសិករ​ប្រឈម​បញ្ហា​ខ្វះ​ទីផ្សារ និង​កសិផល​មាន​តម្លៃ​ទាប អាច​ជា​ផ្នែក​មួយ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​ពុំ​មាន​សមត្ថភាព​ក្នុង​ការ​លើក​កម្ពស់​កសិផល​របស់​កសិករ​ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ។ លោក​ផ្ដល់​មតិ​ថា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កាត់​បន្ថយ​បញ្ហា​ប្រឈម​របស់​កសិករ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើត​មូលនិធិ​ទ្រទ្រង់​ជាតិ​មួយ​សម្រាប់​ជួយ​កសិករ និង​ខិតខំ​រក​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ មួយ​វិញ​ទៀត ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី និង​រដ្ឋាភិបាល​គួរ​រក​មធ្យោបាយ​រួម​គ្នា​ពង្រឹង​សមត្ថភាព​ប្រជាកសិករ​ដែល​ធានា​ថា ពលរដ្ឋ​មាន​លទ្ធភាព​គ្រប់គ្រង​ថវិកា និង​មាន​ផែនការ​អាជីវកម្ម​ច្បាស់លាស់ ជាពិសេស​គឺ​ប្រើប្រាស់​ប្រាក់​កម្ចី​ចំ​គោល​ដៅ។

លោក សន ជ័យ៖ «គាត់​រស់​នៅ​ស្រុក​ភូមិ គាត់​ងាយ​រង​គ្រោះ​ហើយ ទម្រាំ​គាត់​ធ្វើ​ចំណាក​ស្រុក​ទៀត ទៅ​ធ្វើ​ការងារ​ជា​កម្មករ ជា​ពលករ​នៅ​ក្រៅ​ប្រទេស សួរ​ថា កម្រិត​នៃ​ភាព​ងាយ​រង​គ្រោះ​ខ្ពស់​ប៉ុណ្ណា? សុទ្ធ​តែ​ជា​ការ​បារម្ភ​ទាក់ទង​ជាមួយ​នឹង​សុខុមាលភាព ឬ​ទាក់ទង​ស្បៀង​អាហារ​សម្រាប់​ប្រជាពលរដ្ឋ ហើយ​វា​ប៉ះពាល់​ល​ដល់​សេដ្ឋកិច្ច​ដោយ​ថា កម្លាំង​ផលិត​បាន​ចេញ​ពី​ប្រទេស​អស់ វា​ធ្វើ​ឲ្យ​ការ​ធ្លាក់​ចុះ​នៃ​ផលិតផល​ក្នុង​ស្រុក»

​លោក សន ជ័យ បន្ថែម​ថា តម្លៃ​កសិផល​ធ្លាក់​ចុះ​អាច​បណ្ដាល​មក​ពី​រូបមន្ត​ឈ្មួញ​កណ្ដាល​ធ្វើ​ព្យុះភ្លៀង ឬ​ក៏​អាច​បណ្ដាល​មក​ពី​ភាព​ចន្លោះ​ប្រហោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​កសិករ។ លោក​យល់​ថា ដើម្បី​សង្គ្រោះ​វិបត្តិ​សេដ្ឋកិច្ច​របស់​កសិករ រដ្ឋាភិបាល​អាច​ប្រើប្រាស់​កញ្ចប់​ថវិកា​ជាតិ​ទិញ​កសិផល​ពី​កសិករ​ទុក និង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ដែល​មក​វិនិយោគ​នៅ​កម្ពុជា មាន​ការ​ទទួល​ខុស​ត្រូវ​លើក​កម្ពស់​កសិផល  និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles