Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​រ៉ែ​និង​ថាមពល​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​ក្នុង​ការ​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស​សា​​ជា​ថ្មី

$
0
0

ក្រសួង​រ៉ែ និង​ថាមពល បញ្ជាក់​ជា​ថ្មី​ទៀត​ថា មិន​ទាន់​មាន​គម្រោង​ច្បាស់លាស់​ចំពោះ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស​សា​ជា​ថ្មី​ទៀត​នៅ​ឡើយ ក្រោយ​ផ្អាក​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មក​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ក្រសួង​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​តែម្ដង ដោយសារ​ពួកគេ​យល់​ថា អាជីវកម្ម​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន និង​បញ្ហា​កង្វះ​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​ចំណូល។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា បញ្ជាក់​ថា ក្រសួង​កំពុង​សិក្សា​អំពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សាយ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​ខ្សាច់​មុន​នឹង​សម្រេច​ថា ត្រូវ​បើក​ឱ្យ​មាន​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​វិញ នៅ​ពេល​អនាគត ឬក៏​ត្រូវ​ផ្អាក​ទាំងស្រុង​តែម្តង​។ លោ​កថា​ក្រសួង​ត្រូវ​ពិនិត្យ​មើល​ឡើងវិញ​នូវ​ចន្លោះ​ខ្វះខាត​ដែល​បាន​កើតមាន​ក្នុង​អាជីវកម្ម​ធនធាន​រ៉ែ​ដ៏​ចម្រូងចម្រាស់​មួយ​នេះ​។

​ការ​ថ្លែង​បែបនេះ​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា អំឡុងពេល​លោក​ចូលរួម​វេទិកា​យុវជន​ស្តីពី “អភិបាលកិច្ច​ឧស្សាហកម្ម​និស្សា​រណកម្ម” នៅ​រាជធានី​ភ្នំពេញ៖ «ចន្លោះ​ខ្វះខាត យើង​ត្រូវតែ​បំពេញ។ បើសិនជា​ខ្វះខាត​បែប​ច្បាប់ រៀបចំ​បទដ្ឋាន​គតិយុត្តិ​ឡើង​វិញ ខ្វះខាត​ខាង​នីតិវិធី មើល​នីតិវិធី​ហ្នឹង​ឡើង​វិញ តើ​វា​ខ្វះខាត​កន្លែង​ណា? នៅ​ពេល​ដែល​យើង​មើល​គ្រប់​ហើយ ហើយ​យើង​នឹង​ថ្លឹងថ្លែង​ថា តើ​គួរ​នាំ​ចេញ ឬ​មិន​គួរ​នាំ​ចេញ ព្រោះ​ដូច​បាន​ជម្រាប​អ៊ីចឹង ការ​នាំ​ចេញ​ក៏​ដូច​ការធ្វើ​អាជីវកម្ម​រ៉ែ​ទូទៅ​ដែរ គឺ​យើង​ឈរ​លើ​កត្តា ៣ ធំៗ គឺ​កត្តា​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច»

​ក្រសួង​រ៉ែ និង​ថាមពល បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ កន្លង​ទៅ ពោល​គឺ​នៅ​ក្រោយ​ពេល​ផ្ទុះ​រឿង​អាស្រូវ​ដ៏​រសើប​ទាក់ទង​នឹង​បាត់​តួលេខ​ខ្សាច់​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ឥណ្ឌា ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក។

មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ទទួល​ស្គាល់​ថា ការ​គ្រប់គ្រង​អាជីវកម្ម​ខ្សាច់​នេះ មាន​ចំណុច​ខ្វះខាត​ដែល​ត្រូវបំពេញ រួម​មាន​ផលប៉ះពាល់​លើ​បរិស្ថាន និង​ភាពខុសគ្នា​នៃ​តួលេខ និង​ចំណូល​របស់​ក្រសួង និង​តួលេខ​របស់​អង្គការ​សង្គម​ស៊ីវិល។

ជុំវិញ​រឿង​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson)  ហាក់​មិន​មាន​ជំនឿ​ទេ​ថា ការ​ផ្អាក​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស​នេះ កើត​ឡើង​ដោយសារ​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​យល់​ថា វា​កើត​ឡើង​ដោយសារ​តែ​ប្រទេស​សិង្ហបុរី សម្រេច​ឈប់​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ហើយ​លោក​ប្រាកដ​ក្នុង​ចិត្ត​ថា នៅ​ពេល​ណា​ដែល​សិង្ហបុរី បើក​ឱ្យ​មាន​ការ​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា សា​ជា​ថ្មី នោះ​រដ្ឋាភិបាល​កម្ពុជា ប្រាកដជា​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​វិញ​ជាក់​ជា​មិន​ខាន៖ «ដរាបណា​ប្រទេស​សិង្ហបុរី មិន​បន្ត​ការ​នាំ​ចូល​ខ្សាច់​ពី​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កម្ពុជា គឺ​មិន​អាច​បន្ត​សកម្មភាព​នាំ​ចេញ​បាន​ទេ ព្រោះ​អត់​មាន​អ្នក​ទិញ ហើយ​ខ្សាច់​ហ្នឹង​អត់​មាន​ប្រយោជន៍​ខាង​វិស័យ​សំណង់​នោះ​ទេ មាន​ប្រយោជន៍​សម្រាប់​តែ​ចាក់​បំពេញ។ អ៊ីចឹង​អ្វី​ដែល​ក្រសួង​រ៉ែ និង​ថាមពល និយាយ​រាល់​ថ្ងៃ​ថា កំពុង​តែ​ពិចារណា​កំពុង​តែ​វិភាគ​ថា តើ​គួរ​ផ្អាក ឬ​ក៏​គួរ​បន្ត អា​ហ្នឹង​គ្រាន់​តែ​លេស​ទេ។ រឿង​ហ្នឹង​គឺ​ស្ថិត​ក្នុង​ដៃ​ប្រទេស​សិង្ហបុរី ទេ»

សកម្មជន​បរិស្ថាន​រូប​នេះ ទទួល​ស្គាល់​ប្រសិទ្ធភាព​នៃ​បទបញ្ជា​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​ផ្អាក​សកម្មភាព​បូម​ខ្សាច់​សមុទ្រ និង​ការ​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស។ លោក​ថា ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​កោះកុង ដែល​មាន​សកម្មភាព​បូម​ខ្សាច់ បាន​ផ្លាស់ប្តូរ​ទៅ​រក​ភាព​ប្រសើរ​ជាង​មុន ដោយសារ​ផល​នេសាទ​របស់​ពួកគេ​កើន​ឡើង។ លោក​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​ក្នុង​វិស័យ​មួយ​នេះ៖ «មិន​មែន​ត្រឹម​បញ្ឈប់​ជា​ស្ថាពរ​ទេ យើង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្រាវជ្រាវ​ឱ្យ​បាន​ល្អិតល្អន់​អំពី​ចំនួន​ខ្សាច់​ដែល​បាត់​រហូត​ដល់​ជាង ៧០​លាន​តោន​ដែល​មាន​តម្លៃ​រាប់រយ​លាន​ដុល្លារ។ បើសិនជា​ឃើញ​ស្ថាប័ន​ណា ឬ​បុគ្គល​ណា​ពាក់ព័ន្ធ សូម​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឬ​តុលាការ ចាត់​វិធានការ​ដើម្បី​ឱ្យ​បុគ្គល​ដែល​ពាក់ព័ន្ធ​ជាប់​ពន្ធនាគារ និង​ធ្វើ​ម៉េច​ឱ្យ​លុយ​ដែល​កម្ពុជា បាត់ គឺ​ត្រឡប់​មក​វិញ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន»

​ទាក់ទង​នឹង​ការ​ពឹង​ពាក់​ក្រុម​មេធាវី​សិង្ហបុរី ឱ្យ​ពិនិត្យ​ផ្លូវ​ច្បាប់​ក្នុង​ការ​ប្ដឹង​រដ្ឋាភិបាល​សិង្ហបុរី ឬ​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​ទិញ​ខ្សាច់​ពី​កម្ពុជា វិញ លោក អាឡិច បញ្ជាក់​ថា លោក​និង​ក្រុម​មេធាវី​កំពុង​ស្វែង​រក​ឯកសារ និង​ភស្តុតាង​ថ្មី​បន្ថែម​ទៀត ពីព្រោះ​ភស្តុតាង​ដែល​លោក​មាន​នៅ​ក្នុង​ដៃ នៅ​មិន​ទាន់​រឹង​មាំ​នៅ​ឡើយ ដែល​តុលាការ​សិង្ហបុរី អាច​ច្រានចោល​បណ្តឹង​នេះ​បាន។ លោក​បញ្ជាក់​ថា កំពុង​ពឹងពាក់​អ្នក​តំណាងរាស្ត្រ សកម្មជន និង​អ្នក​សារព័ត៌មាន​សិង្ហបុរី ឱ្យ​ជួយ​ស្វែង​រក​ឯកសារ​រឹងមាំ​បន្ថែម​ទៀត ហើយ​នៅ​ពេល​មាន​ភស្តុតាង​គ្រប់គ្រាន់ លោក​នឹង​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​សិង្ហបុរី ដើម្បី​ឱ្យ​ប្រទេស​ដែន​កោះ​មួយ​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ទិញ​ខ្សាច់​ខុស​ច្បាប់​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles