Quantcast
Viewing all articles
Browse latest Browse all 11174

ក្រុមប្រឹក្សា​ឃុំ​​បក្ស​ប្រឆាំង​នៅ​​បាត់ដំបង​​រត់​គេច​ខ្លួន​​មិន​ទៅ​ពិភាក្សា​​តាម​លិខិត​​របស់​ប៉ូលិស

Image may be NSFW.
Clik here to view.

សមាជិក​ក្រុមប្រឹក្សា​ ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រែកជីក ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង​ ព្រម​ទាំង សាច់ញាតិ​សរុប ៦​នាក់​ បាន​រត់​គេច​រក​ទី​សុវត្ថិភាព បន្ទាប់​ពី​ពួកគាត់​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ចូល​ជួប​ពិភាក្សា​​ការងារ។ ពួកគាត់​​​អះអាង​ថា​ មូលហេតុ​ដែល​រត់​គេច​ខ្លួន​ដោយសារ​មិន​ចង់​ប្រឈម​មុខ​ជាមួយ​សមត្ថកិច្ច។

​​​​​​​​​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែកជីក ​គណបក្ស​ប្រឆាំង​ សំដែង​ក្តី​បារម្ភ​ដោយ​សង្ស័យ​ថា មន្ត្រី​ប៉ូលិស​ស្រុក​រុក្ខគិរី ​មាន​គម្រោង​គំរាមកំហែង​​លោក ដើម្បី​អូសទាញ​ឲ្យ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា។

​​មេ​ឃុំ​ព្រែកជីក គណបក្ស​សង្គ្រោះ​ជាតិ លោក ចក់ ប៊ូថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ថា​ ប៉ូលិស​ឃុំ​ព្រែកជីក បាន​បញ្ជូន​លិខិត​អញ្ជើញ​ពួកគាត់​ឲ្យ​ទៅ​ចូល​ពិភាក្សា​រឿង​ផ្ទាល់​ខ្លួន​ចំនួន​២​លើក​មក​ហើយ ដោយ​លិខិត​ចុង​ក្រោយ​នេះ​តម្រូវ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​ចំនួន ៥​នាក់​ទៅ​ជួប​ពិភាក្សា​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែកជីក នៅ​ថ្ងៃ​ទី​១ ធ្នូ ក៏​ប៉ុន្តែ​លោក​ថា ពួកគាត់​មិន​ចូល​ជួប​ពិភាក្សា​តាម​ការ​អញ្ជើញ​របស់​ប៉ូលិស​នោះ​ទេ ព្រោះ​មិន​ចង់​ប្រឈម​មុខ​ជាមួយ​សមត្ថកិច្ច ដោយសារ​តែ​ពួកគាត់​ប្រកាន់​ជំហរ​មិន​ទៅ​ចុះ​ចូល​គណបក្ស​កាន់​អំណាច​នោះ​ទេ។

លោក ចក់ ប៊ូថា៖ «ខ្ញុំ​យល់​ឃើញ​ថា ជា​រឿង​សម្ពាធ​នយោបាយ ធ្វើ​បាប​ពួក​ខ្ញុំ​ខ្លាំង​ទៅៗ គេ​គិត​ថា​នឹង​ចុះ​ចូល​ជាមួយ​ក្រុម​ម្ខាង​ទៀត ឬ​ក្រុម​ទេវតា​អ៊ីចឹង​ទៅ។ ដោយ​គេ​គិត​ឃើញ​ថា ពួក​យើង​ពិបាក​រស់​នៅ​វេទនា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ការ​រត់​គេច មិន​បាន​ដោះស្រាយ​ជីវភាព មិន​បាន​ធ្វើ​ស្រែ​ចម្ការ ហើយ​ខែ​នេះ​ស្រូវ​ទុំ​អ៊ីចឹង អ៊ីចឹង​គេ​គិត​ថា យើង ​ពិត​ជា​បាន​ប្ដេជ្ញា​ចិត្ត​ទៅ​រួម​រស់​ជាមួយ​ពួក​គេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែកជីក លោក វណ្ណ សុខវ៉ាន អះអាង​យ៉ាង​ខ្លី​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែកជីក គណបក្ស​ប្រឆាំង​មិន​បាន​ចូល​តាម​ការ​អញ្ជើញ​របស់​លោក​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា ការ​អញ្ជើញ​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​មន្ត្រី​ថ្នាក់​លើ៖ «ជា​របស់​​ប៉ុស្តិ៍ ប៉ុន្តែ​អធិការ​គាត់​អ្នក​ចុះ​មក​សួរ។ អត់​ឃើញ​មក​ផង»

​​​​​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ព្រែកជីក ​និង​សាច់ញាតិ​ដែល​រត់​គេច​ខ្លួន​ទាំង ​​៦​នាក់​ រួម​មាន​​មេឃុំ​ព្រែកជីក ជំទប់​ទី​១​ឃុំ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ និង​ភរិយា​​មេ​ឃុំ​ព្រែកជីក ហើយ​ពួកគាត់​កំពុង​ស្វែងរក​ទី​កន្លែង​លាក់​ខ្លួន​ដើម្បី​​សុវត្ថិភាព។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី លើក​ឡើង​ថា​ បើ​ត្រឹម​តែ​ពិភាក្សា​រឿង​ផ្ទាល់​ខ្លួន​ប៉ូលិស​អាច​ជជែក​តាម​ទូរស័ព្ទ ឬ​ទៅ​ជួប​សមាជិក​​ក្រុម​ប្រឹក្សា​ដល់​ផ្ទះ​ដោយ​មិន​ចាំ​បាច់​មាន​លិខិត​កោះ​ហៅ​ពួកគាត់​ឲ្យ​ទៅ​ជួប​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទេ ពីព្រោះ​ពុំ​មែន​ជា​ការងារ​រដ្ឋបាល​នោះ​ឡើយ៖ «ពាក់ព័ន្ធ​បញ្ហា​ការ​បញ្ជា។ អ៊ីចឹង​ការ​បញ្ជា និង​ច្បាប់​យើង​តែង​និយាយ​អំពី​នីតិរដ្ឋៗ។ បទ​បញ្ជា​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ចាត់​ទុក​ជា​និរាករណ៍ មិន​អាច​យក​មក​អនុវត្ត​បាន​ទេ។ ប្រទេស​ប្រកាន់​នីតិរដ្ឋ​ត្រូវ​យក​ច្បាប់​ជា​ធំ»

លោក យិន ម៉េងលី បន្ថែម​ទៀត​ថា ប្រសិន​បើ​ប៉ូលិស​ចេញ​លិខិត​អញ្ជើញ​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​បក្ស​ប្រឆាំង​ទាំង​នោះ​ ទៅ​បញ្ចុះបញ្ចូល​​លួងលោម​ដើម្បី​​​​អូសទាញ​ពួកគាត់​ឲ្យ​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​នោះ វា​ជា​​អំពើ​ខុស​ច្បាប់ ពីព្រោះ​ប៉ូលិស​ជា​មន្ត្រី​រាជការ​របស់​រដ្ឋ​ មិន​ត្រូវ​យក​តួនាទី​​ទៅ​បំពេញ​ការងារ​ឲ្យ​គណបក្ស​នយោបាយ​ឡើយ៕​​​​​​​​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles