Clik here to view.

រដ្ឋាភិបាលគ្រោងបញ្ជូនស្ត្រីខ្មែរប្រមាណ ៣០០នាក់ ទៅបម្រើការងារនៅតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី ជាថ្មីម្ដងទៀត នៅដើមឆ្នាំ២០១៨ បន្ទាប់ពីផ្អាក ៦ឆ្នាំ ក្រោយមានពលករខ្មែរមួយចំនួនត្រូវបានថៅកែជនជាតិម៉ាឡេស៊ី វាយរំលោភបំពានកន្លងមក។ រីឯសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលលក្ខខណ្ឌការងារឲ្យបានហ្មត់ចត់ មុនសម្រេចកិច្ចការនេះ ដើម្បីជៀសវាងការដើរជាន់ដានចាស់ដែលនាំឲ្យពលករខ្មែរបន្តរងគ្រោះ។
ស្របពេលដែលព័ត៌មានអំពីពលករខ្មែររងគ្រោះនៅក្រៅប្រទេស ជាពិសេសប្រទេសម៉ាឡេស៊ី នៅតែមាន រដ្ឋាភិបាលកម្ពុជា ក៏នៅតែមានគម្រោងបញ្ជូនប្រជាពលរដ្ឋខ្មែរអោយទៅធ្វើការនៅក្រៅប្រទេសដដែល បើទោះបីជាការងារទាំងនោះ ប្រឈមការរំលោភបំពាន និងជាប្រភេទការងារកម្រិតទាប ឬអន់ដែលប្រជាពលរដ្ឋគេលែងធ្វើក្ដី។
សារព័ត៌មានរបស់ម៉ាឡេស៊ី Malaymail Online បានឲ្យដឹងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថា ប្រហែលមានពលករខ្មែរជាស្ត្រីប្រមាណ ៣០០នាក់ នឹងត្រូវបញ្ជូនមកម៉ាឡេស៊ី ជាលើកដំបូងម្ដងទៀត ក្នុងខែមីនា ឆ្នាំ២០១៨ ខាងមុខ បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរបានបន្តអនុស្សរណៈយោគយល់គ្នាស្ដីពីការជ្រើសរើស និងការប្រើប្រាស់ពលករការងារផ្ទះឡើងវិញ។
ស្ត្រីខ្មែរទាំង ៣០០នាក់នោះ នឹងត្រូវទៅធ្វើជាអ្នកបម្រើនៅតាមផ្ទះ របស់ជនជាតិម៉ាឡេស៊ី ដែលមានការងារស្នូល ដូចជាមើលថែចាស់ជរា កូនក្មេង បោសជូតផ្ទះ លាងឡាន បោកខោអាវ និងការងារផ្សេងៗទៀត។
ប្រធានផ្នែកស្ត្រី និងកុមាររបស់សមាគមអាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា អ្នកស្រីបានដឹងអំពីគម្រោងបញ្ជូនពលករខ្មែរនេះដែរ ប៉ុន្តែអ្នកស្រីនៅមិនទាន់បានទទួល និងបានដឹងនូវខ្លឹមសារនៃអនុស្សរណៈដែលភាគីកម្ពុជា-ម៉ាឡេស៊ី បានចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៦ នៅឡើយទេ៖ «»។
អ្នកស្រី ឆន សុគន្ធា ជំរុញឲ្យរដ្ឋាភិបាលត្រូវពិនិត្យមើលលក្ខខណ្ឌឲ្យហ្មត់ចត់ ដូចជាសុខុមាលភាពរបស់ពលការិនី ពិនិត្យមើលលើទីភ្នាក់ងារដែលបញ្ជូនពលករនោះ ថាតើពួកគេគោរពកិច្ចព្រមព្រៀងដែរ ឬទេ និងតាមដានអំពីសុខទុក្ខរបស់ពលករជាប់ជានិច្ច។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏គួរបណ្ដុះបណ្ដាលជំនាញមេផ្ទះ និងរបៀបរបប ទំនៀមទម្លាប់នៃប្រទេសម៉ាឡេស៊ី ជាដើម។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅថ្ងៃទី១ ខែធ្នូ។
កាលពី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងការងារកម្ពុជា និងសមាគមទីភ្នាក់ងារពលករប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីយន្តការការពារ និងផ្តល់សុខុមាលភាពជូនពលករកម្ពុជា ធ្វើការនៅប្រទេសម៉ាឡេស៊ី។
សារព័ត៌មានម៉ាឡេស៊ី បានចុះផ្សាយថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ មានសារសំខាន់ដើម្បីជាយន្តការបន្ថែមទៀតសម្រាប់ឆ្លើយតបឲ្យបានប្រសិទ្ធភាពខ្ពស់បំផុតទៅតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរក្នុងការការពារ និងលើកកម្ពស់សិទ្ធិ ការសម្របសម្រួល និងធានាចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅម៉ាឡេស៊ី។
ប្រទេសកម្ពុជា បានផ្អាកបញ្ជូនពលករបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១១ ក្រោមហេតុផលថា មានពលករមួយចំនួនត្រូវបានថៅកែធ្វើទារុណកម្មវាយធ្វើបាប និងរំលោភបំពានរហូតដល់អ្នកខ្លះស្លាប់ ធ្លាក់ខ្លួនពិការ និងខ្លះទៀតក្លាយជាមនុស្សបាត់បង់ស្មារតី គ្មានប្រាក់កម្រៃត្រឡប់មកប្រទេសកំណើតវិញ។
ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០១៧ ស្ថានទូតកម្ពុជា បានបញ្ជូនពលករកម្ពុជា ប្រមាណ ១៣៤នាក់ មកពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីស្ថានភាពការងាររបស់ពួកគេជួបការលំបាក។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក អះអាងថា មូលហេតុដែលពលករខ្មែរនាំគ្នាចាកចោលភូមិ-ស្រុកទៅធ្វើការនៅក្រៅប្រទេសនោះ ដោយសារតែប្រាក់កម្រៃការងារនៅកម្ពុជា ទាប ពលរដ្ឋខ្វះខាតដី ហើយបើទោះបីជាប្រជាពលរដ្ឋខ្លះមានដីសម្រាប់ធ្វើស្រែក៏ពិតមែន ប៉ុន្តែផលិតផលកសិកម្មគ្មានទីផ្សារ និងគ្មានដើមទុនសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត។ រដ្ឋាភិបាលគួរតែពន្លឿនដោះស្រាយបញ្ហាទាំងនេះ ទើបអាចកាត់បន្ថយការធ្វើចំណាកស្រុក៕