Clik here to view.

អ្នកវិភាគស្ថានការណ៍នយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា តំណាងរាស្ត្រថ្មីដែលបានចូលទៅអង្គុយលើកៅអីតំណាងរាស្ត្ររបស់គណបក្សប្រឆាំងក្នុងរដ្ឋសភានោះ នឹងរងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិនៅពេលខាងមុខ។
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគស្ថានការណ៍នយោបាយ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា នៅថ្ងៃអនាគត បើទោះបីជារដ្ឋាភិបាលខិតខំប៉ះប៉ូវចុះឡើងធ្វើអោយរដ្ឋសភាថ្មីមើលទៅស្របច្បាប់ក៏ដោយចុះ។
ប្រធានបណ្ដាញគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងនៅថ្ងៃទី៣០ វិច្ឆិកា ថា បើទោះបីរដ្ឋសភាថ្មីត្រូវប្រកាសចូលកាន់តំណែងដើម្បីបង្គ្រប់កិច្ចឲ្យរដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិហើយក្ដី ក៏ប៉ុន្តែសភាមួយនេះ នឹងត្រូវប្រឈមជាមួយសហគមន៍អន្តរជាតិជាពុំខាន ព្រោះជារដ្ឋសភាថ្មីនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ៖ «យើងនៅតែមើលឃើញផលប៉ះពាល់ជុំវិញទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា និងឥទ្ធិពលការសម្រេចដៃគួរម្ចាស់ជំនួយដែលធ្លាប់ផ្ដល់ឲ្យកម្ពុជា ក្នុងលក្ខខណ្ឌលើកតម្កើងសិទ្ធិមនុស្សប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ដូច្នេះបើម្ចាស់ជំនួយគេសម្រេចថ្មីបញ្ហាជំនួយមកកម្ពុជា គឺវាជាការប៉ះពាល់ហើយ»។
ចំណែកឯមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា អះអាងថា រដ្ឋសភាថ្មីនេះ អាចដំណើរការស្របច្បាប់ទៅមុខបានមួយចម្អិនកំពឹស គឺយ៉ាងយូរត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៨ នឹងត្រូវផុតសុពលភាពរបស់ខ្លួនហើយ។
លោក យឿង សុធារ៉ា អះអាងទៀតថា ក្រោយពេលតំណាងរាស្ត្រដែលចូលកាន់ថ្មីថ្មោងនេះអស់សុពលភាព ពេលនោះរដ្ឋាភិបាលបច្ចុប្បន្នត្រូវតែប្រកាសឲ្យមានការបោះឆ្នោតឡើងវិញជាបន្ទាន់ ដើម្បីជ្រើសរើសតំណាងរាស្ត្រថ្មីមកជំនួសឲ្យតំណាងរាស្ត្រចាស់៖ «ហេតុផ្សេងក្រៅពីនោះអាចនឹងមានការរិះគន់ ដូចជាកើតចលាចលធ្ងន់ធ្ងរមានប្រដាប់អាវុធអីកើតឡើងកាលពីឆ្នាំ១៩៩២ និង៩១ និងឆ្នាំ១៩៩៧ ជាដើម គេអាចពន្យារពេលការបោះឆ្នោតបាន ដោយសារតែមានការប្រឈមគ្នារវាងប្រជាជន និងប្រជាជន ដោយស្ថានភាពនោះធ្ងន់ធ្ងរ ដែលគេមើលឃើញថា ការបោះឆ្នោតមិនអាចរៀបចំទៅកើតទេ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីពេលថ្មីៗនេះ បានសម្រេចយកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិ ដែលពលរដ្ឋបោះឆ្នោតអោយចំនួន ៥៥ ទៅបែងចែកអោយគណបក្សតូចៗមិនជាប់ឆ្នោតចំនួន៣ និងគណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងនេះក្ដី អ្នកវិភាគស្ថានការណ៍នយោបាយលោកបណ្ឌិត មាស នី បានប្រៀបប្រដូចសមាជិករដ្ឋសភាដែលទើបប្រសូតិថ្មីថ្មោងនោះថា គ្រាន់តែជាការចូលបំពេញសម្លដែលខ្វះគ្រឿងប៉ុណ្ណោះ។ លោកថា នៅពេលតំណាងរាស្ត្រថ្មីទាំងនោះចាប់ផ្ដើមដំណើរការងារ នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជា ធ្លាក់ចុះ ពីព្រោះរដ្ឋាភិបាលត្រូវរងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ។
អ្នកវិភាគស្ថានការណ៍នយោបាយរូបនេះលើកឡើងទៀតថា ការសម្រេចធ្វើដូច្នេះទំនងរដ្ឋាភិបាលចង់ឲ្យសហគមន៍អន្តរជាតិមើលឃើញថា រដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលស្របច្បាប់៖ «សភាដែលនៅក្រោយការគ្រប់គ្រងដែលទើបបង្កើតថ្មីនេះបើនិយាយពីយន្តហោះគឺមានតែស្លាបមួយចំហៀងទេ មួយចំហៀងទៀតមិនអាចទទួលស្គាល់ថា ជាតំណាងរាស្ត្របានទេ ក្រុមសភាចូលទៅថ្មីគ្រាន់តែជាក្រុមបក្សមួយ រៀបចំឡើងដើម្បីឲ្យទៅទទួលយកអាសនៈទេ ប៉ុន្តែបើឲ្យត្រូវថា តំណាងរាស្ត្រនោះគឺពួកគាត់មិនមែនប្រជាពលរដ្ឋជ្រើសតាំងឲ្យទេ»។
សមាជិករដ្ឋសភាថ្មី ទាំង ៥៥រូបនោះ គឺចំនួន ៤១រូប មកពីកូតាគណបក្សហ្វ៊ុនស៊ិនប៉ិច ២រូប មកពីគណបក្សសញ្ជាតិកម្ពុជា ១រូប មកពីគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និង ១១រូបទៀតត្រូវបានគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ប្រមូលយកខ្លួនឯងតែងម្ដង ដោយមិនខ្វល់ពីការរិះគន់លាន់កងរំពងក្នុងប្រព័ន្ធសង្គមហ្វេសប៊ុក និងសហគមន៍អន្តរជាតិនោះឡើយ។ សមាជិកសភាថ្មីទាំងនេះបានទទួលតំណែងដោយសារតែរដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយរដ្ឋាភិបាលបានយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅចែកឱ្យគណបក្សនយោបាយ ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យកាលពីឆ្នាំ២០១៣។
ទន្ទឹមគ្នានេះ ចាប់ពីរដ្ឋសភាប្រកាសសុពលភាពរបស់តំណាងរាស្ត្រថ្មីទាំង ៥៥រូបនោះមក ក៏មានប្រទេសជាច្រើននៅលើពិភពលោក ចាប់ផ្ដើមរកវិធានការដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។ ប្រទេសទាំងនោះរួមមាន សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងតំណាងរាស្ត្រប្រទេសអូស្ត្រាលី ជាដើម។ ចំណែកឯប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានប្រមូលគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលប្រទេសដែលពួកគេរស់នៅ ដាក់សម្ពាធទៅរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីឲ្យដោះលែងលោក កឹម សុខា អ្នកទោសនយោបាយ និងឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរដូចដើមឡើងវិញ ព្រមទាំងឲ្យមានការរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយសុក្រឹត ត្រឹមត្រូវ និងយុត្តិធម៌៕