Clik here to view.

មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច ប្រកាសថា មន្ត្រីគណបក្សគ្មានការភ័យខ្លាចណាមួយចំពោះការគំរាមបង្កកទ្រព្យសម្បត្តិលើក្រុមគ្រួសាររបស់មន្ត្រីមានអំណាចនៅកម្ពុជាទេ ដោយសារការបង្កកនេះមិនបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ អះអាងថា កម្ពុជាមិនខ្វល់អំពីការបង្កកទ្រព្យសម្បត្តិជនណាម្នាក់ក្នុងទឹកដីរដ្ឋាភិបាលបរទេសនោះទេ ប្រសិនបើការបង្កកនោះធ្វើឡើងស្របតាមផ្លូវច្បាប់ត្រឹមត្រូវ មិនលំអៀងទៅរកបក្សប្រឆាំង៖ «អាហ្នឹងវាត្រូវយកច្បាប់ជាតិ និងអន្តរជាតិមកពិចារណាទៅ។ បើថា គាត់ធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ អាហ្នឹងគ្មានអ្នកណាទៅហាមឃាត់គាត់ទេ។ ប៉ុន្តែបើធ្វើមិនត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិទេ នោះសាមីខ្លួនអាចប្ដឹងតវ៉ាបាន»។
ការអះអាងរបស់លោក សុខ ឥសាន ធ្វើឡើងក្រោយពេលតំណាងរាស្ត្រពីខាងគណបក្សពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler) គ្រោងជំរុញឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី ពិនិត្យមើលទ្រព្យសម្បត្តិនៃគ្រួសាររបស់មន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច ដែលកំពុងរកស៊ីគគ្រឹកគគ្រេងក្នុងប្រទេសអូស្ត្រាលី។
លោក ម៉ាក បាត់លើរ៍ (Mark Butler) អះអាងថា ដល់ពេលហើយដែលរដ្ឋាភិបាលអូស្ត្រាលី ត្រូវពិនិត្យមើលអំពីដំណើរការប្រើប្រាស់លុយ កខ្វក់ពីប្រទេសកម្ពុជា៖ «ខ្ញុំគិតថា វាការសមរម្យដែលរដ្ឋាភិបាលប្រទេសអូស្ត្រាលី ត្រូវពិនិត្យលើបញ្ហាទាំងនេះ ជាពិសេសក្រុមគ្រួសាររបស់មន្ត្រីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន សែន បានយកលុយពីសកម្មភាពខ្មៅកខ្វក់ នៅកម្ពុជា មកចាយសប្បាយសោយសុខក្នុងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ឬនៅតាមបណ្ដាប្រទេសជាច្រើនទៀត។ ករណីទាំងនេះយើងត្រូវពិនិត្យមើលអោយបានល្អិតល្អន់ ពីព្រោះខ្ញុំបានឃើញច្បាស់ហើយថា របបរបស់លោក ហ៊ុន សែន បានដើរលើសបន្ទាត់ដ៏សំខាន់មួយគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ខ្ញុំនឹងបញ្ជាក់ឲ្យបានច្បាស់ជាមួយរដ្ឋាភិបាលប្រទេសអូស្ត្រាលី អំពីលទ្ធភាពក្នុងការដាក់លក្ខខណ្ឌជាក់លាក់មួយតាមរយៈការព្រួយបារម្ភរបស់ខ្ញុំ ក៏ដូចជាសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី ទៅលើសកម្មភាពរំលោភច្បាប់របស់លោក ហ៊ុន សែន ទាំងកម្រោលនោះ»។
ការប៉ុនប៉ងចាត់វិធានការជាក់លាក់របស់តំណាងរាស្ត្រប្រទេសអូស្ត្រាលី រូបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងវិធានការក្ដៅរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលបានរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួន មេដឹកនាំបក្សសង្គ្រោះជាតិ បិទបណ្ដាញសាព័ត៌មានឯករាជ្យ បិទអង្គការសង្គមស៊ីវិល ចាប់ខ្លួនអតីតអ្នកយកព័ត៌មានរបស់អាស៊ីសេរី ពីរនាក់ ដែលជាការវាយប្រហារធ្ងន់ធ្ងរចំកណ្ដាលបេះដូង នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្រៅពីគម្រោងរបស់អ្នកច្បាប់អូស្ត្រាលី ក្នុងការបោះពួយដើម្បីបង្កកទ្រព្យសម្បត្តិ ឬភាគហ៊ុនរបស់គ្រួសារមន្ត្រីជាន់ខ្ពស់កម្ពុជា រីឯនៅសហរដ្ឋអាមេរិក ឯណេះវិញ ក្រុមអ្នកច្បាប់របស់ប្រទេសមហាអំណាចមួយនេះទាំងពីរគណបក្ស ក៏កំពុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តមួយដើម្បីឆ្ពោះទៅរកការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា រួមទាំងគ្រួសារ និងបិទទិដ្ឋាការក្នុងការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ថែមទៀតដែរ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ផលលំបាកពីការបង្កកទ្រព្យសម្បត្តិនឹងនាំឲ្យជនទាំងនោះបាត់បង់កិត្តិយស ហើយមានឈ្មោះជាមនុស្សដែលទទួលរងទណ្ឌកម្ម និងមានផលលំបាកធ្ងន់ធ្ងរពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីធ្វើជំនួញ ឬធ្វើការចំណាយផ្សេងៗ៕