Clik here to view.

មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល បានជួបពិភាក្សាគ្នា ទៅលើសេចក្ដីព្រាងចុងក្រោយនៃ «ក្រមធនធានធម្មជាតិ និងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា» ដើម្បីឈានទៅពិនិត្យអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងពេលដ៏ឆាប់។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា រួមសហការជាមួយអង្គការសង្គមស៊ីវិលប្រមាណ ៥០ អង្គភាព បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យទៅលើសេចក្ដីព្រាង ក្រមធនធានធម្មជាតិ និងបរិស្ថាន ជាលើកចុងក្រោយ មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ឬរដ្ឋាភិបាលពិនិត្យកែលម្អ និងអនុម័ត។ សិក្ខាសាលានេះ មានរយៈ ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាភោជនីយដ្ឋានទន្លេបាសាក់២។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោ តឹក វណ្ណរ៉ា ឲ្យដឹងថា សិក្ខាសាលានេះ បានផ្ដល់ឱកាសឲ្យសហគមន៍នានា ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍ របស់រដ្ឋាភិបាល បានជួបពិភាក្សាគ្នាលម្អិត ជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវ ក្រុមអ្នកច្បាប់ តំណាងសហគមន៍នានា និងតំណាងជនជាតិដើមភាគតិចជាដើម បានចូលរួមពិភាក្សាគ្នាលម្អិត ទៅលើសេចក្ដីព្រាងចុងក្រោយ នៃក្រមធនធានធម្មជាតិ និងបរិស្ថាននេះ។
ចំណែកមន្ត្រីអង្កេតជាន់ខ្ពស់សមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បានកត់សម្គាល់ថា ថ្វីត្បិតពេលនេះ រដ្ឋាភិបាល មិនបានផ្ដល់សិទ្ធិវិនិយោគជាថ្មី ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍបែបណាក្ដី ក៏ប៉ុន្តែវិវាទចាស់ៗ ដែលផ្ដើមពីការផ្ដល់សិទ្ធិវិនិយោគ ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍ លើវិស័យមួយចំនួន ដែលបានធ្វើសកម្មភាពប៉ះពាល់ដល់ប្រយោជន៍ របស់សហគមន៍តាមមូលដ្ឋានមួយចំនួន ពិសេសសហគមន៍ជនជាតិដើមភាគតិច គឺរដ្ឋាភិបាល មិនទាន់ដោះស្រាយបញ្ចប់ជម្លោះនេះទេ។
លោក ករុណា បង្ហាញទស្សនៈថា សេចក្តីព្រាងចុងក្រោយ នៃក្រមធនធានធម្មជាតិ និងបរិស្ថានកម្ពុជា ដែលក្រុមអង្គការសង្គមស៊ីវិលប្រមាណ ៥០ស្ថាប័ន បានចូលរួមពិភាក្សាគ្នាចុងក្រោយ មុននឹងដាក់ឆ្លងទៅក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលពេលនេះ នឹងមិនមានប្រសិទ្ធភាពច្រើនទេ៖ «ជាធម្មតាជាគោលការច្បាប់ គឺយើងត្រូវចុះស្រាវជ្រាវ ដើម្បីស្វែងរកនូវផលប៉ះពាល់ទាំងបរិស្ថាន និងទាំងប្រជាពលរដ្ឋ ឬជាមួយមនុស្សហ្នឹងជាមុន។ ហើយប្រសិនបើការចុះស្រាវជ្រាវរកឃើញបញ្ហា ឬមានផលប៉ះពាល់ទាំងអស់ហ្នឹង បានច្បាស់លាស់ហើយ ត្រូវតែរកដំណោះស្រាយជាមុនៗ បន្តដំណើរការឲ្យក្រុមហ៊ុនសម្បទានទាំងអស់ហ្នឹង។ ប៉ុន្តែកន្លងមកយើងឃើញថា ដំណោះស្រាយទាំងអស់របស់រដ្ឋាភិបាល ជាមួយក្រុមហ៊ុន គឺមិនទាន់បានឆ្លើយតបទៅនឹងបញ្ហា របស់ប្រជាពលរដ្ឋរងផលប៉ះពាល់នោះទេ។ ហេតុដូច្នេះហើយ បានជាធ្វើឲ្យទំនាស់ចេះតែកើតឡើងរហូតមកដល់ពេលនេះ រវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ ហើយដំណោះស្រាយតែងតែមានភាពយឺតយ៉ាវ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ»។
ទោះជាបែបនេះក្ដី លោក តឹក វណ្ណរ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា រំពឹងថា សិក្ខាសាលាពិគ្រោះយោបល់ ដែលមានអ្នករងផលប៉ះពាល់ បានចូលរួមពិភាក្សារួមគ្នាជាមួយក្រុមអ្នកច្បាប់ពេលនេះ អាចនឹងប្រមូលធាតុផ្សំ និងការចូលជាមតិយោបល់បន្ថែមពីស្ថាប័នស្រាវជ្រាវ ពិសេសសហគមន៍រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍ នឹងជួយឲ្យសេចក្តីព្រាងចុងក្រោយ នៃ ក្រមធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា» កាន់តែមានប្រសិទ្ធភាព។
ទន្ទឹមគ្នានេះ លោក តឹក វណ្ណរ៉ា រំពឹងថា សេចក្ដីព្រាងក្រមធនធានធម្មជាតិ និងបរិស្ថាននេះ នឹងទទួលបានការគាំទ្រជាបន្តទៀតពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ពិសេសរដ្ឋាភិបាល ហើយឈានទៅអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕