
កសិករ និងជនជាតិដើមភាគតិចនៅខែត្រភាគឦសាន ព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចដែលកំពុងចាក់ស្រេះជីវភាពពួកគាត់ធ្ងន់ធ្ងរ បន្ទាប់ពីបរាជ័យក្នុងការស្វែងរកប្រាក់ចំណូល នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជនជាតិដើមភាគតិចបានចាត់ទុកការបាត់បង់ព្រៃឈើ ជាធាតុផ្សំសំខាន់ ដែលបានរុញច្រានឲ្យជីវភាពពួកគាត់ធ្លាក់ចុះ រីឯតម្លៃកសិកម្មធ្លាក់ថ្លៃ ក៏ជាបន្ទុកបន្ថែមទៀត នាំឲ្យពលរដ្ឋផុងខ្លួននឹងបំណុលធនាគារ។ ពលរដ្ឋមួយចំនួនស្ដីបន្ទោសរដ្ឋាភិបាលថា មិនបានដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់នោះទេ ពោលរដ្ឋាភិបាល គិតតែរឿងប្រយោជន៍នយោបាយចាញ់ឈ្នះជាមួយបក្សប្រឆាំង។
កសិករ ជនជាតិដើមភាគតិច និងពលរដ្ឋនៅខែត្រស្ទឹងត្រែង ត្អូញត្អែរពីបំណុលធនាគារ និងការស្វែងរកប្រាក់ចំណូលបានធ្លាក់ចុះខ្លាំង នៅរយៈពេល៣ឆ្នាំចុងក្រោយនេះ បង្កឲ្យកសិករខ្លះលក់ដីស្រែចម្ការ និងទ្រព្យសម្បត្តិដើម្បីសងម្ចាស់បំណុល ហើយកសិករខ្លះរត់ចោលស្រុកព្រោះគ្មានប្រាក់បង្វិលសងម្ចាស់បំណុល នៅគ្រាដែលមុខរបរកសិកម្ម និងការស្វែងរកប្រាក់ចំណូលរបស់ពួកគាត់ត្រូវបរាជ័យ។ បញ្ហានេះ ពួកគេបានទម្លាក់កំហុសទៅលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ លើកកម្ពស់តម្លៃកសិផលនោះទេ បែរជាខំតែរកវិធីសាស្ត្រវាយបំបាក់បក្សប្រឆាំងទៅវិញ។
កសិកររស់នៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង លោក សុខ ធឿង ឲ្យដឹងនៅថ្ងៃទី២៧ វិច្ឆិកា ថា អ្នកភូមិខ្លះធ្វើចំណាកស្រុក និងកសិករមួយចំនួនទៀត ធ្វើកម្មករកាប់ព្រៃរានយកដី ដើម្បីរកប្រាក់ដោះបំណុលធនាគារ ខណៈដែលពួកគាត់បានខ្ចីប្រាក់ពីធនាគារទិញគោយន្តធ្វើកសិកម្ម។ តាមការប៉ាន់ស្មានរបស់លោក នៅឃុំស្រែឫស្សី មានពលរដ្ឋប្រមាណ ៩០ភាគរយជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើដើមទុនអាជីវកម្ម និងកសិកម្ម ដែលរំពឹងថា បានប្រាក់ចំណេញពីការលក់ តែផ្ទុយទៅវិញពួកគាត់បានបរាជ័យដោយសារតម្លៃកសិផលធ្លាក់ថ្លៃ មិនអាចទូទាត់លើការចំណាយថ្លៃដើមបាន។ ការបរាជ័យនេះមួយផ្នែកបណ្ដាលមកពីកសិករប្រើប្រាស់កម្ចីមិនចំទិសដៅ ខ្វះចំណេះដឹង ខ្វះជំនាញធ្វើកសិកម្ម៖ «មានរកអីចេញ បើលក់ផ្ទះសម្បែងសងធនាគារ។ កន្លែងហ្នឹងខ្ញុំបារម្ភជាងគេ វាអស់អាលីងហើយរាល់ថ្ងៃវាគ្មានព្រៃណាដែលត្រូវសល់ទៀតទេ។ សូម្បីតែព្រៃសហគមន៍ក៏គេកាប់យកដីលក់ ដឹកនាំធ្វើឲ្យពលរដ្ឋក្រធ្វើឲ្យពលរដ្ឋស្លាប់ទាំងរស់»។
ជនជាតិដើមភាគតិចកួយ រស់នៅស្រុកថាឡាបរិវ៉ាត់ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ជនជាតិដើមភាគតិចខ្លះ រស់ពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើដោយសារដងជ័រទឹក ក៏ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើមឈើផលិតជ័រទឹករបស់ពួកគាត់ត្រូវគេលូចកាប់ស្ទើរទាំងស្រុង បង្កឲ្យពួកគាត់ធ្លាក់ចុះប្រាក់ចំណូល និងគ្មានប្រាក់បង្វិលសងម្ចាស់បំណុល។ លោកថា កាលពីមុនឆ្នាំ២០១២ ជនជាតិដើមភាគតិចមួយគ្រួសារអាចដងជ័រទឹកក្នុងមួយសប្ដាហ៍ពី ៧ ទៅ ១៥កាន ហើយក្នុងមួយកានអាចលក់បានប្រាក់ ៥ម៉ឺនរៀលទៅ ៨ម៉ឺនរៀល ក៏ប៉ុន្តែបច្ចុប្បន្នរបរនេះត្រូវបាត់បង់ទាំងស្រុង ដោយសារដើមឈើផលិតជ័រទឹករបស់ពួកគាត់ ត្រូវគេលូចកាប់ធ្វើអាជីវកម្ម។ ចំណែកអាជ្ញាធរមូលដ្ឋានមិនត្រឹមតែមិនជួយទប់ស្កាត់ទេ បែរចោទពលរដ្ឋដែលឈឺឆ្អាលរឿងបទល្មើសព្រៃឈើថា ជាក្រុមបក្សប្រឆាំងទៅវិញ។ លោកស្ដីបន្ទោសអ្នកនយោបាយ ពុំសូវខ្វល់ខ្វាយដោះស្រាយក្ដីកង្វល់របស់ពលរដ្ឋទេ បែរជាគិតគូររឿងបំបាក់ដៃគួរប្រកួតប្រជែង។ លោកអះអាងថា រដ្ឋអំណាចមិនមានសមត្ថភាពទប់ស្កាត់បទល្មើសព្រៃឈើ បានបានរុញច្រានឲ្យជីវភាព និងប្រពៃណីជនជាតិដើមភាគតិចប្រឈមបាត់បង់បន្តិចម្តងៗ៖ «បាត់បង់ព្រៃអស់ហើយ បានជាប្រជាពលរដ្ឋរបស់ខ្ញុំលំបាកណាស់ នៅអន្លង់ក្រមួនហ្នឹង។ នៅអន្លង់ក្រមួនវាមិនសូវមានអ្នកចេះដឹងផង។ បើសង្ឃឹមអាជ្ញាធរគ្មានយល់ឃើញបញ្ហារបស់ពលរដ្ឋអីទេ។ នៅភូមិរបស់ខ្ញុំ គេអ្នករកជ័រទឹកគេសល់លុយ ពីដើមគេចាយមាស។ តែឥឡូវវាបាត់បង់អស់ហើយ»។
ពលរដ្ឋរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា មកទល់ពេលនេះ មានពលរដ្ឋប្រមាណគ្រួសារហើយ ត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ ហើយពលរដ្ឋមួយចំនួនបង្ខំចិត្តលក់ដីស្រែ ដើម្បីសងម្ចាស់បំណុល ខណៈការស្វែងរកប្រាក់ចំណូលត្រូវបរាជ័យ។ លោកថា ពលរដ្ឋមួយចំនួន បង្ខំចិត្តប្រព្រឹត្តល្មើសច្បាប់ដើម្បីដោះបំណុល ដូចជាដឹកជញ្ជូនឈើប្រណិត ស៊ីឈ្នួលកាប់ព្រៃរានយកដីលក់ បរបាញ់សត្វព្រៃ ព្រោះតែពុំមានជម្រើស ខណៈតម្លៃកសិផលគ្មានទីផ្សារ កសិករខ្លះចិញ្ចឹមជ្រូកលក់ គ្មានទីផ្សារលក់ចេញ ឬលក់ក្នុងតម្លៃថោក។ លោកកត់សម្គាល់ថា មុនឆ្នាំ២០០៥ ជនជាតិដើមភាគតិចមានជីវភាពក្រីក្រខ្លាំង អាចស្វែងរកអនុផលព្រៃឈើដូចជាបោចវល្លិ និងរកឃ្មុំ ដងជ័រទឹកក្នុងព្រៃ ត្បិតតំបន់ពួកគាត់រស់នៅហ៊ុមព័ទ្ធដោយធនធានធម្មជាតិ រីឯទឹកអូរធម្មជាតិ និងទន្លេសំបូរត្រីសាច់។ លោកបន្តថា បច្ចុប្បន្នព្រៃឈើត្រូវបានគេកាប់អស់ ទឹកអូរធម្មជាតិ រីងរាក់គ្មានត្រីសាច់ដោយសារអស់ព្រៃ រីឯទឹកទន្លេក៏ពុំសូវមានត្រីដែរ៖ «បានចំណាកស្រុកវាអស់អាលីងហើយ ព្រៃឈើ ពីដើមអស់តែឈើបេង និងនាងនួន ឥឡូវអស់ទាំងឈើទាល អស់អាលីង។ គាត់អត់មានលុយសងធនាគារហើយចំណាកស្រុក អ្នកខ្លះទៅថៃ អ្នកខ្លះទៅកាត់ដេរនៅភ្នំពេញ»។
បុរសដដែលបន្តថា កសិករមួយចំនួននៅឃុំសំអាង ធ្វើកសិកម្មដាំ ល្ពៅ ដំឡូង និង ស្វាយចន្ទីជាដើម ហើយពួកគេបានខ្ចីប្រាក់ពីធនាគារធ្វើដើមទុន និងទិញគោយន្តប្រើប្រាស់ ក៏ប៉ុន្តែដល់ពេលប្រមូលផលតម្លៃកសិផលធ្លាក់ថ្លៃ បង្ខំឲ្យកសិករខ្លះបង្ខំចិត្តកម្ទេចល្ពៅ ចោលរាប់តោនក្នុងចម្ការព្រោះតម្លៃល្ពៅមិនអាចទូទាត់ និងកម្លាំងពលកម្ម។ លោករិះគន់រដ្ឋាភិបាលថា ពុំបានកំណត់តម្លៃទីផ្សារទិញកសិផលច្បាស់លាស់នោះទេ នៅពេលកសិករប្រមូលផល ត្រូវឈ្មួញកណ្ដាលកំណត់តម្លៃតាមអំពើចិត្ត៖ «សព្វថ្ងៃពលរដ្ឋរស់នៅឃុំឆ្វាំង ជំពាក់លុយធនាគារ មានអ្នកខ្លះខ្ចីលុយទិញគោយន្ត តែឥឡូវអត់មានអីសង លក់គោយន្តទាំងថោក។ ដំណាំកសិកម្មថោក ហើយមានអ្នកខ្លះរត់ចោលផ្ទះ ៥ទៅ ៦គ្រួសារ»។
ការរីកចម្រើននៃចរន្តសេដ្ឋកិច្ចក្នុងខែត្រស្ទឹងត្រែងមួយផ្នែកធំ គិតចាប់ពីឆ្នាំ២០០៨ មកបានមកពីសង្វាក់ផលិតកម្មឈើប្រណិត ដែលគេច្នៃជាគ្រឿងសង្ហារិម សម្រាប់លក់ទីផ្សារក្នុងស្រុក និងយកទៅប្រទេសវៀតណាម ក៏ប៉ុន្តែចាប់ពីឆ្នាំ២០១៤ រហូតបច្ចុប្បន្ន ចរន្តសេដ្ឋកិច្ចឈើប្រណិត ឬគ្រឿងសង្ហារិមមានសភាពខ្សត់បន្តិចម្ដងៗ ខណៈដែលក្រុមហ៊ុនវិនិយោគធំៗបានបោះទុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដោយមានថៅកែជនជាតិវៀតណាម និងជនជាតិចិន មកវិនិយោគឈើប្រណិត និងគ្រឿងសង្ហារិមកើនឡើង និងនាំចេញទៅក្រៅប្រទេស បណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនពុំសូវរកប្រាក់ចំណូលពីវិស័យនេះជាដុំកំភួនឡើយ ពោលគឺអាចរកបានតែមួយក្រពះ។ លើសពីនេះជនជាតិវៀតណាមមួយចំនួន មកធ្វើជាថៅកែកែច្នៃគ្រឿងសង្ហារឹម និងជាអ្នកប្រមូលទិញឈើខុសច្បាប់ពីពលរដ្ឋ នៅខែត្រស្ទឹងត្រែងច្រើនឆ្នាំមកហើយ និងនាំឈើចេញទៅលក់នៅក្រៅប្រទេស។
ខែត្រស្ទឹងត្រែង មានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឬស្ថាប័នផ្ដល់ប្រាក់កម្ចីដល់ពលរដ្ឋជាង ១០ស្ថាប័ន មិនរាប់បញ្ចូលកន្លែងផ្ដល់ប្រាក់កម្ចីជាលក្ខណៈគ្រួសារនោះទេ ដែលកំពុងប្រតិបត្តិការហិរញ្ញវត្ថុ ឬផ្ដល់ប្រាក់កម្ចីដល់ពលរដ្ឋក្នុងខែត្រនេះរាប់ម៉ឺននាក់។
មេឃុំស្រែឫស្សី លោក លូន ណាន ទទួលស្គាល់ថា កសិករភាគច្រើនកំពុងវ័ណ្ឌក និងបំណុលលំបាករើបម្រះ ហើយមានកសិករខ្លះជំពាក់បំណុលមីក្រូហិរញ្ញវត្ថុចាប់ពី ២ស្ថាប័ន ដល់ ៤ស្ថាប័ន។ លោកថា ពលរដ្ឋរស់នៅឃុំស្រែឫស្សី ៣គ្រួសារហើយរត់ចោលស្រុក ព្រោះគ្មានប្រាក់បង្វិលសងម្ចាស់បំណុល។ លោកសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរឃុំពុំអាចមានលទ្ធភាពជួយកសិករឲ្យរួចផុតពីបំណុលនេះបានទេ គឺបានត្រឹមអប់រំណែនាំពួកគាត់ឲ្យយល់ដឹងខ្លះៗពីការប្រើប្រាស់ថវិកាចំទិសដៅ៖ «ណែនាំហើយកន្លងមក ការកម្ចីទាល់តែយើងស្វែងរកប្រាក់ចំណូល របស់គ្រួសារយើង ក្នុងមួយខែបានប៉ុន្មាន បើថាយើងអត់មានទេ ផលប៉ះពាល់វាអាចអស់ដីអស់ធ្លី និងផ្ទះសម្បែង»។
ខែត្រស្ទឹងត្រែង មានក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ចចំនួន ៩ ដែលមានផ្ទៃដីសរុបជាង ៦ម៉ឺន ៤ពាន់ហិកតារ (៦៤.៨៦២) ធ្វើការដាំដុះដោយគិតចាប់ពីឆ្នាំ២០១៥ លើផ្ទៃដីចំនួនជាង ១ម៉ឺន ៧ពាន់ហិកតារ (១៧.៥៥១)។ ផ្ទៃដីកសិកម្មសរុបចំនួនជិត ៣ម៉ឺនហិកតារ (២៨.៦៨៩)។ លើសពីនេះ ផ្ទៃដីធ្វើកសិកម្មបានរីកធំឡើងជាបន្តបន្ទាប់ ខណៈចលនាទន្ទ្រានដីព្រៃធ្វើកសិកម្មកំពុងកើតឡើងជាប្រព័ន្ធ បង្កប៉ះពាល់ដល់ធនធានធម្មជាតិ និងព្រៃសហគមន៍របស់ជនជាតិដើមភាគតិច។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម រកឃើញថា វិបត្តិសេដ្ឋកិច្ចដែលកំពុងចាក់ស្រេះធ្ងន់ធ្ងរនេះ បង្កប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិជាប្រព័ន្ធ ជាពិសេសពលរដ្ឋមួយចំនួនធំ ធ្លាក់ចុះបន្ទាត់ពីក្រីក្រមួយកម្រិតទៀត។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា វិបត្តិនយោបាយមិនជះឥទ្ធិពលផ្ទាល់ប៉ះពាល់ជីវភាពជនជាតិដើមភាគតិចនោះទេ ក៏ប៉ុន្តែនៅគ្រាដែលរដ្ឋាភិបាលរវល់តែដោះស្រាយទំនាស់ផ្ទៃក្នុងជាតិ បង្កឲ្យបាត់បង់ពេលវេលា សម្លឹងមើលជីវភាពរស់នៅ និងបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិច។ លោកថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការសិក្សាស្រាវជ្រាវពីស្ថានភាពសង្គម និងសេដ្ឋកិច្ចរស់នៅរបស់ពលរដ្ឋឲ្យបានច្បាស់លាស់មួយ ធ្វើយ៉ាងណាទាញយកដីសម្រាប់ធ្វើកសិកម្ម មកបម្រើប្រយោជន៍ដល់ជនជាតិដើមភាគតិចឲ្យបានត្រឹមត្រូវ ហើយយន្តការលើកកម្ពស់តម្លៃកសិផលក៏ជាធាតុផ្សំសំខាន់ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយ។ លើសពីនេះការផ្ដល់បច្ចេកទេសកសិកម្ម និងដំណេះដឹង ជូនកសិករ គឺជាប្រការសំខាន់ ដែលក្រសួងសាមី និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដោះស្រាយឲ្យបានច្បាស់លាស់ ដើម្បីលើកកម្ពស់ជីវភាពជនជាតិដើមភាគតិច៖ «ការផ្ដល់សមត្ថភាពបច្ចេកទេស ដើម្បីឲ្យពួកគាត់អាចរស់នៅជាំមួយហ្នឹងដីធ្លីបាន។ ព្រោះពីដើមគាត់មិនសូវគិតប៉ុន្មានទេ ដីធ្លីហើយធនធានធម្មជាតិសំបូរ ដល់ពេលឥឡូវដីគាត់តូចជាងមុន ធនធានធម្មជាតិក៏អស់។ សមត្ថភាពរស់នៅលើដីតូចក៏ជារឿងមួយសំខាន់ដែរ ហើយនេះជាតួនាទីរបស់ក្រសួងកសិកម្ម»។
មន្ត្រីសង្គមស៊ីវិលឲ្យដឹងថា ការបណ្ដោយឲ្យកសិករប្រឈមបញ្ហាខ្វះទីផ្សារ និងកសិផលមានតម្លៃទាប អាចជាផ្នែកមួយបណ្ដាលមកពីរដ្ឋាភិបាលពុំមានសមត្ថភាពក្នុងការលើកកម្ពស់កសិផលរបស់កសិករទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៦២ និងមាត្រា ៦៣ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផលជាដើម។ លើសពីនេះ រដ្ឋត្រូវយកចិត្តទុកគ្រប់គ្រងទីផ្សារជួយអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។ យ៉ាងណាមន្ត្រីសង្គមស៊ីវិលមើលឃើញថា ការចេញមុខដោះស្រាយបញ្ហាប្រឈមរបស់រាជរដ្ឋាភិបាល ហាក់មានកម្រិតខ្សោយនៅឡើយ ពោលគឺរដ្ឋាភិបាលហាក់គ្មានសមត្ថភាពលើកកម្ពស់កសិផលរបស់កសិករនោះទេ៕